អង្គការសហប្រជាជាតិឲ្យដឹងថា ច្បាប់ប្រឆាំងនឹងការស្រឡាញ់ភេទដូចគ្នា និងការចាត់ទុកក្រុមប្រព្រឹត្តិគ្រឿងញៀន និងក្រុមរកស៊ីផ្លូវភេទថា ជាឧក្រិដ្ឋជនដែលធ្វើឲ្យអន្តរាយដល់កម្មវិធីបង្ការ និងព្យាបាលនោះ បាននាំឲ្យមនុស្សច្រើននាក់មានគ្រោះថ្នាក់ពីការឆ្លងជំងឺអេដស៍។
កម្មវិធីជំងឺ HIV/AIDS របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNAIDS ឲ្យដឹងថា ៩០ភាគរយនៃប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានច្បាប់ និងការអនុវត្តច្បាប់ ដែលជាឧបសគ្គដល់កម្មវិធីបង្ការនិងព្យបាលរោគ HIV។
ទោះបីមានកិច្ចប្រឹងប្រែងជាច្រើនខាងការសិក្សាអប់រំនៅក្នុងរយៈ៣០ឆ្នាំចាប់តាំងពីមេរោគនៃជំងឺនេះលេចចេញដំបូងមកនោះក្តី ក៏មានប្រទេសចំនួន១៩នៅតែចាត់ទុកការស្រឡាញ់ភេទដូចគ្នាជាបទឧក្រិដ្ឋ និងប្រទេស១៦ដាក់កំហិតលើការធ្វើដំណើរដល់ជនឆ្លងមេរោគHIV ដែលជាមេរោគបណ្តាលឲ្យកើតជំងឺអេដស៍។
ប្រទេសអាស៊ីជាច្រើនចាត់ទុកពួកអ្នករកស៊ីផ្លូវភេទថា ខុសច្បាប់ និងដាក់ទណ្ឌកម្មជនប្រព្រឹត្តគ្រឿងញៀន ជាជាងផ្តោតការយកចិត្តទុកដាក់ទៅលើការអប់រំផ្លូវភេទ និងការព្យាបាលអ្នកញៀនថ្នាំ។
លោក មីស្ស៊ែល ស៊ីឌីបេ (Michel Sidibe) ប្រធានអង្គការ UNAIDS បានមានប្រសាសន៍នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធនេះថា ច្បាប់ទាំងនោះបំពានលើសិទ្ធិពលរដ្ឋ ដែលនាំឲ្យមានការកើនចំនួនអ្នកឆ្លងមេរោគ HIV និងចាំបាច់ត្រូវបានផ្លាស់ប្តូរ។ លោក ស៊ីឌីប មានប្រសាសន៍ថា៖
«ច្បាប់មិនត្រឹមតែដាក់ទោសទេ ប៉ុន្តែការពារមនុស្សផងដែរ។ មិនត្រូវបង្កើតបរិយកាសមួយដែលធ្វើឲ្យមនុស្សលួចលាក់ ពួនលាក់ខ្លួន និងមិនបានទទួលសេវាថែទាំសុខភាពនោះទេ»។
ឧទាហរណ៍ លោក ស៊ីឌីបេ និយាយថា នៅក្នុងប្រទេសថៃ ជាទីដែលពេស្យាចារជាអំពើខុសច្បាប់ ប៉ុន្តែបណ្តោយឲ្យមាននោះ ការឆ្លងមេរោគ HIV ក្នុងបណ្តាអ្នករកស៊ីផ្លូវភេទបានកើនទ្វេដងនៅក្នុងរយៈ៥ឆ្នាំកន្លងទៅនេះ។
លោក ចន អ៊ុងផាកន (Jon Ungphakorn) អតីតសមាជិកព្រឹទ្ធសភាថៃ និងជាសកម្មជនអេដស៍ដ៏ល្បីល្បាញម្នាក់ និយាយថា ទោះបីថៃផ្តល់ឲ្យមានការទទួលបានការព្យាបាលសាកល ដោយប្រើឱសថ antiretroviral ក៏ដោយ ក៏ការអនុវត្តមានតែទៅលើពលរដ្ឋថៃប៉ុណ្ណោះ។ លោក អ៊ុងផាកន មានប្រសាសន៍ថា៖
«យើងមានក្រុមអ្នកចំណាកស្រុកជាងពីរលាននាក់។ ពួកគេមិនបានទទួលការព្យាបាលដោយឱសថ antiretroviral ទេ។ ពួកជនភៀសខ្លួនមិនអាចទទួលបានការព្យាបាលទេ។ ហើយសូម្បីតែមានការព្យាបាលដល់អ្នកទោសនោះ ក៏មានចំពោះតែអ្នកទោសណាដែលមានសញ្ជាតិថៃតែប៉ុណ្ណោះ។ យើងមានអ្នកទោសច្រើនណាស់ ដែលមិនបានទទួលការព្យាបាលដោយឱសថ antiretroviral»។
ទោះជាយ៉ាងណាថៃបានទទួលការសរសើរជាអន្តរជាតិចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ស្កាត់ការរាលដាលជំងឺអេដស៍ និងបង្កើនការប្រើស្រោមអនាម័យ។ កិច្ចប្រឹងប្រែងដ៏ខ្លាំងមួយរបស់រដ្ឋាភិបាលដែលចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ដ៏គួរឲ្យចាប់អារម្មណ៍។
ក្រុមអ្នកជំនាញខាងជំងឺអេដស៍ ក្រុមអ្នកតាក់តែងច្បាប់ និងក្រុមសកម្មជន បានជួបជុំនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធដើម្បីចូលរួមកិច្ចប្រជុំមួយរបស់បេសកកម្មសាកលនៃអង្គការសហប្រជាជាតិស្តីអំពីជំងឺអេដស៍ និងច្បាប់សម្រាប់អ្នកកើតជំងឺនេះ។
កិច្ចប្រជុំពីរថ្ងៃនេះ ជាកិច្ចពិភាក្សាថ្នាក់តំបន់មួយឈុត ដើម្បីជជែកដេញដោលគ្នាអំពីការដាក់កម្រិតផ្នែកច្បាប់ និងសង្គមចំពោះការទប់ស្កាត់ និងការព្យាបាលជំងឺ HIV។
ប្រែសម្រួលដោយ នុច សារីតា