ប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា គ្រួសារមួយដែលមានសមាជិក ៩ នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះរបស់ពួកគេក្នុងក្រុង Volnovakha ដែលត្រួតត្រាដោយរុស្ស៊ីនៅភាគខាងកើតប្រទេស។
រូបភាពនៃផ្ទះនេះដែលអាជ្ញាធរបានផ្សព្វផ្សាយបានបង្ហាញឱ្យឃើញទិដ្ឋភាពឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់ ដោយជនរងគ្រោះដេកស្លាប់នៅលើគ្រែហើយជញ្ជាំងពោរពេញដោយស្នាមឈាមខ្ទាតប្រឡាក់។
ការិយាល័យរដ្ឋអាជ្ញាដែលគាំទ្រដោយអ៊ុយក្រែននៅក្នុងខេត្ត Donetsk ដែលក្រុង Volnovakha នេះស្ថិតនៅ បានបញ្ជាក់ថា ឃាតកម្មនេះបានកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះមិនព្រមតាមការទាមទាររបស់បុរសមួយក្រុមស្លៀកពាក់ជាយោធាដែលចង់ឱ្យអ្នកដែលរស់នៅក្នុងផ្ទះនេះចាកចេញដើម្បីឱ្យទាហានរុស្ស៊ីអាចស្នាក់នៅ។ ការិយាល័យរដ្ឋអាជ្ញានេះបានបន្ថែមថា ក្នុងចំណោមជនរងគ្រោះទាំងនោះគឺមានទាំងកុមារតូចៗពីរនាក់ផងដែរ។
អ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ទាហានពីរនាក់មកពីតំបន់ចុងបូព៌ារុស្ស៊ីត្រូវបានដាក់ឃុំពាក់ព័ន្ធនឹងឃាតកម្មនេះ។ ទាហានទាំងពីរនាក់នេះបានចុះកិច្ចសន្យាជាមួយនឹងយោធារុស្ស៊ីដើម្បីបំពេញការងារនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រុង Volnovakha ត្រូវបានត្រួតត្រាដោយកងកម្លាំងរុស្ស៊ីភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២។ ជនផ្ដាច់ខ្លួនដែលមានទំនោរទៅរករុស្ស៊ីក្នុងតំបន់ Donetsk និងតំបន់ Luhansk ដែលនៅក្បែរនោះបានដណ្ដើមកាន់កាប់អគាររដ្ឋាភិបាលអ៊ុយក្រែននៅក្នុងឆ្នាំ ២០១៤ និងបានប្រកាសថាតំបន់ទាំងនេះគឺជា «សាធារណរដ្ឋប្រជាមានិត» ឯករាជ្យ។ វិធានការនេះបានធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានភ្ជាប់យកតំបន់គ្រីមា (Crimea) ពីអ៊ុយក្រែន។
ឃាតកម្មនេះបានកើតឡើងនៅចំពេលដែលទាហានអ៊ុយក្រែននិងទាហានរុស្ស៊ីកំពុងជាប់ផុងនៅក្នុងការប្រយុទ្ធគ្នាខ្លាំងក្លានៅភាគខាងកើតអ៊ុយក្រែន ខណៈដែលសង្គ្រាមនេះបានចូលដល់ឆ្នាំទីពីរ។
ទាហានរុស្ស៊ីបានចាប់ផ្ដើមធ្វើយុទ្ធនាការវាយប្រហារថ្មីនៅជុំវិញទីក្រុង Bakhmut ជាពិសេសនៅជិតក្រុងយុទ្ធសាស្ត្រ Avdiivka៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។