ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧស្សាហកម្ម​បង្កកំណើត​សកល​មើល​ឃើញ​ប្រយោជន៍​ពី​ការ​បន្ធូរ​​គោល​នយោបាយ​កូន​របស់​ចិន


រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​បង្ហាញ​កូនភ្លោះប្រុស​មួយ​គូ​ទៅ​ម្តាយ​របស់​ពួក​គេ បន្ទាប់​ពី​ពួក​គេ​បាន​កើត​នៅ​មជ្ឈមណ្ឌល​បង្កកំណើត​ក្រៅ​ស្បួន​ នៃមន្ទីរពេទ្យ​មួយក្នុង​​ខេត្ត Shaanxi ប្រទេស​ចិន។

ឆ្នាំ​នេះ​ ប្រទេស​ចិន​បាន​បន្ធូរ​គោលនយោបាយ​កូន​តែ​មួយ​របស់​ខ្លួន​​ ដោយ​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​អាច​មាន​កូន​ពីរនាក់។ ការ​បន្ធូរ​នេះអាច​ធ្វើឲ្យ​​ឧស្សាហកម្ម​​បង្ក​កំណើ​នៅ​ក្រៅ​ប្រទេស​​ទទួល​បាន​ផល​ចំណេញ​ច្រើន។

កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ​ រដ្ឋាភិបាល​ចិន​បាន​ធ្វើការ​សម្រេច​ចិត្តជា​ប្រវត្តិសាស្រ្ត​មួយ​ គឺ​ការ​បន្ធូរ​គោលនយោបាយ​មាន​កូន​តែ​មួយ​ជា​លើក​ដំបូង​ ក្រោយ​ពី​គោល​នយោបាយ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាំង​ពី​៣៥ឆ្នាំ​មុន។ បច្ចុប្បន្ន​នេះ​ ប្តី​ប្រពន្ធ​នៅ​ប្រទេស​ចិន​ទាំង​អស់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​កូន​ចំនួន​២នាក់​ ហើយ​មនុស្ស​ជា​ច្រើន​ក្នុងឧស្សាហកម្ម​បង្ករ​កំណើត​កំពុង​ព្យាករណ៍​ថា​ ប្រទេស​ចិន​នឹង​ក្លាយជា​ទីផ្សារ​ធំ​ជាង​គេ​សម្រាប់​បច្ចេកវិទ្យា​បង្ក​កំណើត​ក្រៅ​ស្បូន។

លោក​ Luk Rombauts​ ​សាស្រ្តាចារ្យ​និង​ជា​វេជ្ជបណ្ឌិត​នៅ​ក្រុមហ៊ុនបង្ក​កំណើត​ក្រៅ​ស្បូន ​Monash​ IVF Group Limited​ របស់​ប្រទេស​អូស្រ្តាលី​ និយាយថា៖

«ខ្ញុំអាច​នឹក​ស្រមៃ​ឃើញ​ថា​ មនុស្ស​ដែល​មាន​គភ៌​និង​បាន​បង្កើត​កូនម្នាក់​អំឡុង​ពេល​ដែល​គេ​មានវ័យ​ពាក់​កណ្តាល​៣០​ឆ្នាំ​ កាល​ពី​ច្រើន​ឆ្នាំ​មុន ឥឡូវ​នេះ​ប្រហែល​ជាឈាន​ចូល​ដល់​វ័យ​ពាក់​កណ្តាល​៤០​ឆ្នាំ​ហើយ។ ហើយ​ទោះ​បី​ជាពួក​គេ​ចង់​បង្កើត​កូន​ដោយខ្លួន​ឯង​ក៏​ដោយ​ ក៏​ពួកគេ​ដឹង​ថា​ វា​មិន​អាច​ទៅ​រួច​ទេ»។

គូស្វាមី​ភរិយា​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ការិយា​ធិបតេយ្យនៅ​ពេល​ពួក​គេ​ព្យាយាម​ទទួល​យកការ​បង្ក​កំណើត​កូន​តាម​រយៈ​គ្លីនិក​ដែល​មាន​បច្ចេកទេស​បង្ក​កំណើត​ក្រៅ​ស្បូន​នៅ​ប្រទេស​ចិន។ រដ្ឋាភិបាល​ចិន​បាន​ហាម​ឃាត់​ការ​ប្រើ​វិធីសាស្ត្រ​ជ្រើស​រើស​ភេទ​ និង​ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ជឿនលឿន។

គ្រួសារ​ទាំង​អស់​ក៏ត្រូវ​តែ​ស្នើ​សុំ​អាជ្ញាប័ន​សម្រាល​កូន​ និង​ផ្តល់​ឯកសារ​ដែល​បញ្ជាក់​ពី​អាពាហ៍​ពិពាហ៍​ មុន​នឹង​ទទួល​បាន​ការព្យាបាល​នេះ។ ដូច្នេះ​ ប្រជាជន​ចិន​វណ្ណៈ​កណ្តាល​ដែល​កំពុង​កើន​ឡើង​នេះ​ នឹង​ចាប់​ផ្តើម​ចេញទៅ​ទទួល​សេវា​បង្ក​កំណើត​នៅ​ក្រៅ​ប្រទេស​ដូចជា​ ទៅ​ប្រទេស​អូស្រ្តាលី​ ថៃ​ និង​សហរដ្ឋ​អាមេរិក។

លោក​ James Marshall​ ជា​អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ធុរកិច្ច​នៃគ្លីនិក ​Superior A.R.T.​ ដែល​ជាគ្លីនិក​មួយ​ជួយ​ក្នុង​ការ​បង្កកំណើត​ក្នុង​ប្រទេស​ថៃ។ លោក​និយាយ​ថា ​ចំនួន​អ្នក​ជំងឺ​ចិន​បាន​កើន​ឡើង​ជិត​ទ្វេដង​ក្នុង​រយៈពេល​៣ឆ្នាំ​ចុងក្រោយ​នេះ។

«ភាគរយនៃ​ចំនួន​អ្នក​ជំងឺ​សរុប​របស់​យើង​បាន​កើន​ឡើង​ពី​ប្រហែល​ជា​១៥ភាគរយ​ កាល​ពី​ប្រមាណ​៣​ឆ្នាំ​មុន​ រហូត​ដល់​ទៅ​៣៥​ភាគរយ​នៃចំនួន​អ្នកជំងឺ​សរុប​សព្វ​ថ្ងៃ»។

គ្លីនិកជា​ច្រើន​ដូចជា ​Superior A.R.T.​ ជា​ដើម​ កំពុង​តែ​ផ្លាស់​ប្តូរ​សេវាកម្ម​របស់​ពួក​គេ​ដើម្បី​ទាក់​ទាញ​អតិថិជន​ចិន​បន្ថែម​ទៀត។

លោក​ Marshall​ និយាយ​ថា ​គ្លីនិក​ Superior A.R.T.​បាន​ជ្រើស​រើស​បុគ្គលិក​ដែល​អាច​និយាយ​ភាសា​ចិន (Mandarin) ហើយ​បាន​បោះពុម្ព​កូន​សៀវភៅ​ផ្សព្វផ្សាយ​ជា​ភាសា​ចិនផងដែរ។ ក្រៅ​ពីនេះ​ គ្លីនិក​នេះ​ក៏​បាន​ស្វែង​រក​ដៃគូ​សហការ​ជាមួយ​មន្ទីរពេទ្យ​ និង​គ្លីនិក​បង្ក​កំណើត​មួយ​ចំនួន​នៅ​ប្រទេស​ចិន។

ការ​ធ្វើ​បែប​នេះ​ ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ក្រៅ​ប្រទេស​អាច​នឹង​បំពេញ​ចន្លោះ​ប្រហោង​ខាង​ប្រព័ន្ធ​សុខាភិបាល​ដែល​មាន​តម្រូវ​ការ​ខ្លាំងក្នុង​ប្រទេស​ចិន ​ជា​ទី​ដែល​មាន​គ្លីនិក​តែ​២០០​ឬ​៣០០​ប៉ុណ្ណោះ​បាន​ផ្តល់​សេវាកម្ម​បង្ក​កំណើត​ក្រៅ​ស្បូន​រហូត​ដល់ទៅពាក់​កណ្តាល​លាន​ករណីនៅ​ឆ្នាំ​២០១៣។ នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សហរដ្ឋ​អាមេរិក​ ដែល​មាន​ការ​ផ្តល់​សេវាកម្មបង្ក​កំណើត​ក្រៅ​ស្បូន​ជាង​២០០.០០០​ករណី ​នៅ​ក្នុង​អំឡុង​ពេល​ដូច​គ្នា។

លោក​ Sue Channon​ ​ប្រធាន​ប្រតិបត្តិក្រុមហ៊ុន​ Virtus Health​ ​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា៖ ​«កន្លងមក​ ពិត​ជា​មាន​ការ​កើន​ឡើង​នូវ​ការ​ស្នើ​សុំ​ពី​អតិថិជន​ចិន​ ហើយ​ក៏មានអ្នក​ផ្តល់​សេវា​វេជ្ជសាស្រ្ត​ដែល​ស្វែងរក​ដៃគូ​សហការ​ជាមួយ​គ្លីនិក​វេជ្ជសាស្រ្ត​របស់​អូស្រ្តាលីយើង​ផង​ដែរ។ នៅ​អូស្រ្តាលី​ យើង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ណាស់​ ​ក្នុងការ​ផ្តល់​សេវាកម្ម​បង្កកំណើត​កូន​ដែល​មានគុណភាព​និង​សុវត្ថិភាព​ខ្ពស់។ វេជ្ជបណ្ឌិតនិង​បុគ្គលិក​ជាច្រើន​របស់​យើង​អាច​និយាយ​ភាសាចិន​បាន»។

ភាពភ័យ​ខ្លាច​កើត​ចេញ​ពី​គោលនយោបាយ​កូន​តែ​មួយ​របស់​ចិន​ ដូចជា​ការបង្ខំ​ឲ្យ​ពន្លូត​កូន​ និង​ការវះ​កាត់​មិនឲ្យ​មានកូន​ ប្រហែល​ជា​ត្រូវ​បានជំនួស​ដោយ​ការរីក​ដុះដាល​នៃ​ឧស្សាហកម្ម​បង្ក​កំណើត​កូន​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​បរទេស​ជាច្រើនកំពុង​ឈរ​ជើងរង់​ចាំ​ទទួល​ផល​ចំណេញ​ពី​តម្រូវការ​ដែល​កើន​ឡើង​ខ្លាំង​នេះ៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG