មេដឹកនាំពាណិជ្ជកម្មកំពូលនានានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានរួមគ្នាគាំទ្រគម្រោងរបស់ទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi សម្រាប់រដ្ឋ Rakhine ដែលគម្រោងនេះនឹងចំណាយថវិកា និងធនធានលើកិច្ចប្រឹងប្រែងសំខាន់ៗដើម្បីសម្រួលដល់ការតាំងទីលំនៅជាថ្មីរបស់ជនភៀសខ្លួន Rohingya និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ។
ទីភ្នាក់ងាររដ្ឋាភិបាលមួយដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ក៏កំពុងតែទាក់ទាញការវិនិយោគពីឯកជនលើតំបន់មួយដែលមិនសូវមានមនុស្សមនុស្សច្រើនរស់នៅ។ ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ Rohingya លើប៉ុស្តិ៍ប៉ូលិសកាលពីខែសីហា ឆ្នាំមុន បានបង្កឲ្យមានការបង្ក្រាបពីសំណាក់យោធាមីយ៉ាន់ម៉ា ដែលការបង្ក្រាបនេះបានធ្វើឲ្យជាតិសាសន៍ជាង ៦ សែន ៥ ម៉ឺននាក់គេចចេញទៅកាន់ប្រទេសបង់ក្លាដែស។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានបញ្ជាក់ប្រាប់ VOA ថា៖ «ស្ថានភាពនៅក្នុងរដ្ឋ Rakhine នៅតែមិនទាន់រួចរាល់ពេញលេញសម្រាប់ឲ្យជនភៀសខ្លួន Rohingya ធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាពនោះទេ»។
ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន Rohingya នេះ ត្រូវបានពន្យារពេល ហើយមេដឹកនាំសហគមន៍ Rohingya បានទាមទារសំណងជាដីសហគមន៍ ដំណោះស្រាយផ្លូវច្បាប់សម្រាប់អំពើឃោរឃៅយង់ឃ្នងរបស់ពួកយោធាមីយ៉ាន់ម៉ា និងសិទ្ធិទទួលបានសញ្ជាតិ ជាលក្ខខ័ណ្ឌកំណត់ទុកជាមុន។
រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ត្រូវបានរារាំងតាមរដ្ឋធម្មនុញ្ញមិនឲ្យមានសិទ្ធិធ្វើយ៉ាងណាឲ្យពួកយោធាទទួលខុសត្រូវចំពោះមុខច្បាប់។ រដ្ឋាភិបាលនេះបានព្យាយាមគ្រប់គ្រងតាមវិធីសាស្ត្រផ្សេង ដែលជាចម្បងគឺតាមរយៈការិយាល័យសហគ្រាសសហជីពដើម្បីជំនួយមនុស្សធម៌ ការតាំងទីលំនៅជាថ្មី និងការអភិវឌ្ឍនៅក្នុងរដ្ឋ Rakhine៕