ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​ថ្មី​ គឺ​ជា​ការ​រារាំង​មួយ​ផ្សេង​ទៀត​សម្រាប់​ដំណើរការ​សន្តិភាព​ប្រទេស​មីយ៉ាន់ម៉ា


មនុស្ស​ម្នា​ដើរ​នៅ​ពី​មុខ​អគារ National Reconciliation and Peace Center នៅ​ក្នុង​ក្រុង Nay Pyi Taw ខណៈ​ដែល​លោកស្រី Aung San Suu Kyi ​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​នឹង​តំណាង​ដែល​មិន​មែន​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា Nationwide Ceasefire Agreement នៅ​ក្នុង​ក្រុង Naypyita ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

២​ឆ្នាំ​ បន្ទាប់​ពី​លោក​ស្រី​ Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់​ម៉ា​ បាន​សន្យា​​​ចាត់​ទុក​សង្គ្រាម​ស៊ីវិល​ ៧០​ឆ្នាំ​ថា​ ជា​បញ្ហា​អាទិភាព​នៅ​ក្នុង​ការ​ដឹកនាំ​របស់​លោក​​ស្រី​នោះ​ ការ​ជោគ​ជ័យ​ពី​ដំណើរ​ការ​សន្តិភាព​នេះ​មាន​តិច​តួច​​ណាស់។

ដោយ​សន្និសីទ​សន្តិភាព​លើក​ទី​៣​ គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​ ហើយ​នៅ​ពេល​មាន​ការ​តានតឹង​រវាង​កងទ័ព​មីយ៉ាន់ម៉ា​ និង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ អ្នក​សង្កេត​ការ​តិច​តួច​ប៉ុណ្ណោះ​ដែល​មាន​ទំនុក​ចិត្ត​ថា​ ប្រទេស​មីយ៉ាន់​ម៉ា​អាច​សម្រេច​បាន​ដំណើរការ​សន្តិភាព​សំខាន់ៗ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ។

កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៦​ ប៉ុន្មាន​សប្តាហ៍​មុន​ពេល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ឡើង​កាន់​អំណាច​បន្ត​ពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ពួក​យោធា​ លោក​ស្រី​ Aung San Suu Kyi​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋបាល​របស់​លោក​ស្រី​នឹង​ចាត់​ទុក​ការ​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព​វិញ​ ជា​រឿង​ចាំ​បាច់​បំផុត។

លោក​ស្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្ទុរកថា​ភ្លាមៗ​បន្ទាប់​ពី​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​ជាប់​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥​ថា៖ «កិច្ចការ​ទី​មួយ​របស់​រដ្ឋាភិបាល​ គឺ​កសាង​សន្តិភាព។​ យើង​នឹង​រៀប​ចំ​សន្និសីទ​សន្តិភាព​ប្រកប​ដោយ​ប្រសិទ្ធិភាព​មួយ​ ដើម្បី​ពង្រឹង​កិច្ច​ព្រម​ព្រៀង​បញ្ឈប់​ជម្លោះ​ និង​ជំរុញ​ភាគី​ពាក់​ពន្ធ​ចូល​រួម​កាន់​តែ​ទូលំទូលាយ»។

កិច្ច​ព្រម​ព្រៀងដែល​លោក​ស្រី​លើក​ឡើង​នោះ​ គឺ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ទូទាំង​ប្រទេស​ (Nationwide Ceasefire Agreement)​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥​ ដោយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ចំនួន​ ៨​ក្រុម​ បើ​ទោះ​ជា​មិន​មែ​ន​ពី​ក្រុម​ប្រដាប់​អាវុធ​ធំៗ​នៅ​ផ្នែក​ខាង​ជើង​ប្រទេស​ក៏​ដោយ។

សន្និសីទ​សន្តិភាព​ ២​ ដែល​ហៅ​ថា​ សន្និសីទ​សហភាព​ Panglong​ សតវត្សរ៍​ទី​ ២១​ ដែល​បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ និង​សន្និសីទ​លើក​ទី​៣​ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មករា​ឆ្នាំ​នេះ។ ប៉ុន្តែ​ មាន​សំណួរ​អំពី​ថា​តើ​ សន្និសីទ​ទាំង​នេះ​ មាន​ប្រសិទ្ធ​ភាព​យ៉ាង​ដូច​ម្តេច?

សន្និសីទ​ទាំង​នេះ​ មិន​មាន​ការ​ចូលរួម​ពី​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ទាំង​អស់​ទេ​ ហើយ​ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​ត្អូញ​ត្អែរ​ថា​ ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​មិន​បាន​ត្រូវ​គេ​អើ​ពើ​ នៅ​សន្និសីទ​ទាំង​នោះ​ទេ។

ប្រហែល​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​ គឺ​សន្និសីទ​សន្តិភាព​លើក​ទី​២​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០១៧​ ដែល​មាន​ការ​ចូល​រួម​ពីអ្នក​តំណាង​ពី​ គណៈកម្មាធិការ​ជាតិ​ផ្នែក​នយោបាយ​ ការ​ចចារ​ និង​ការ​ប្រឹក្សា​យោបល់​ (Federal Political Negotiation and Consultative Committee )​ ជួប​ជា​មួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។​ ក្រុម​នេះ​ទើប​តែ​បាន​បង្កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ ដែល​បដិសេធ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់គ្នាទូទាំង​ប្រទេស​ (NCA)​ និង​ដឹក​នាំ​ដោយ​កងទ័ព​សហភាព​រដ្ឋ​ វ៉ា​ (United Wa State Army)។

បន្ទាប់​ពី​ពេល​នោះ​មក​ មាន​សកម្មភាព​សំខាន់​តិច​តួច​ ស្តី​ពីដំណើរ​ការ​សន្តិភាព​ ហើយ​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍​នេះ​ ហាក់​បី​ដូច​ជា​មិន​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ទេ។

លោក​ Khin Zaw Win​ អ្នក​វិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​រ៉ង់ហ្គូន​ បាន​និយាយ​ថា៖ «ខណៈដែល​មេដឹកនាំ​ប្រទេស​ លោក​ស្រី​ Aung San Suu Kyi​ មាន​មូលធន​នយោបាយ​ច្រើន​ ប៉ុន្តែ​ទាំង​យោធា​ និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ ត្រូវ​តែ​មាន​ចិត្ត​អធ្យាស្រ័យ​ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព។​ យោធា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ដំណើរការ​សន្តិភាព​ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​សន្តិភាព​អាច​សម្រេច​បាន​ភ្លាមៗ​នោះ​ទេ»។

រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​សន្និសីទ​សន្តិភាព​លើក​ទី​៣​ នៅ​ខែ​មករា​ឆ្នាំ​នេះ​ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ពិតប្រាកដ​នៅ​ឡើយ​ទេ។

លោក​ Min Zaw Oo​ ស្ថាបនិក​នៃ​វិទ្យាស្ថាន​សន្តិភាព​ និង​សន្តិសុខ​ប្រទេស​មីយ៉ាន់ម៉ា​ (MIPS)​ និង​អ្នក​ប្រឹក្សា​គណៈកម្មការ​សន្តិភាព​របស់​រដ្ឋាភិបាល​ (Peace Commission )បាន​ប្រាប់​វីអូអេ​តាម​រយៈសារ​អេឡិច​ត្រូនិចថា៖ «ភាគី​ចុះ​ហត្ថលេខាខី​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ទូទាំង​ប្រទេស​ (NCA)​ និង​រដ្ឋាភិបាល​ គួរ​តែ​ផ្តោត​លើ​ការ​ចចារ​លើ​គោលការណ៍​របស់​សហព័ន្ធដែល​នៅ​សេស​សល់​ ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​ជា​ផ្លែផ្កាមួយ​នៅ​សន្និសីទ​លើក​ក្រោយ។​ ភាគី​ទាំង​សង​ខាង​ ត្រូវ​មាន​ការ​ជួប​ជុំ​ និង​ការ​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជា​បន្តបន្ទាប់​សិន​ មុន​ពេល​មាន​ការ​ចចារពិត​ប្រាកដ»។

ការ​វាយ​ប្រហារ​ថ្ម​ៗ​ ជា​ពិសេស​នៅ​ភាគ​ខាង​ជើង​ប្រទេស​ ក៏​ជា​ការ​ព្រួយ​បារម្ភ​នៃ​ការ​មិន​ជឿ​ទុក​ចិត្ត​ដែល​កើន​ឡើង​ រវាង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ និង​កងទ័ព​មីយ៉ាន់​ម៉ា​ ដែល​ហៅ​ថា​ ក្រុម​ Tatmadaw។

​បើ​យោង​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​សន្តិភាព​ និង​សន្តិសុខ​របស់​ប្រទេស​មីយ៉ាន់​ម៉ា​ប្រាប់​ឲ្យ​ដឹង​ថា​ ជម្លោះ​រវាង​ក្រុម​ Tatmadaw​ និង​ក្រុម​យោធា​ឯករាជ្យ​ Kachin​ (Kachin Independence Army)​ ដែល​ជា​សមាជិក​របស់គណៈកម្មាធិការ​ជាតិ​ផ្នែក​នយោបាយ​ ការ​ចចារ​ និង​ការ​ប្រឹក្សា​យោបល់​ (FPNCC)​ បាន​បន្តរហូតដល់​ខែ​ធ្នូ​ ដែល​ហេតុការណ៍​ប្រដាប់​អា​វុធ​ចំនួន​ ១៤​ បាន​កើត​ឡើង។​

​បើ​យោង​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រុម​ Tatmadaw​ កងទ័ព​មីយ៉ាន់​ម៉ា​ បាន​កាន់​កាប់​ទីតាំង​ជា​ច្រើន​របស់​ក្រុម​យោធា​ឯករាជ្យ​ Kachin​ រវាង​ខែ​វិច្ឆិកា​ និង​មករា។​

វិទ្យាស្ថាន​សន្តិភាព​ និង​សន្តិសុខ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​ធ្នូ​ថា​ «ការ​ដណ្តើម​បាន​ទី​តាំង​របស់​ក្រុមKachin​ ដែល​មាន​មូលដ្ឋាន​តាម​ព្រំដែន​ Kachin-Shan​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​ ដែល​បាន​មក​ពី​ការ​នាំ​ចេញឈើ​ហ៊ុប​ទៅ​ប្រទេស​ចិន។

កាលពី​ខែ​ធ្នូ​ ការ​វាយ​ប្រហារ​ថ្មី​ៗ​ បាន​កើត​ឡើង​រវាង​ក្រុម​ Tatmadaw​ និង​ក្រុម​កងទ័ព​សេរីភាព​ជាតិ​ Ta'ang​ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ក្រុម​យោធា​ឯករាជ្យ​ Kachin​ ហើយ​វិទ្យាស្ថាន​សន្តិភាព​ និង​សន្តិសុខ​ប្រទេស​មីយ៉ាន់​ម៉ា​ (MIPS) បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​ជា​មួយ​ក្រុម​ទាំង​នេះ​ អាច​នឹង​បន្ត​ដល់​ឆ្នាំ​ក្រោយ។

នៅ​ឆ្នាំ​ ២០១៧​ មាន​គេ​រាយការណ៍​ថា​ សមាជិក​ដែល​មិន​ទាន់​ចុះ​ហត្ថលេខា​ជា​មួយក្រុម​ប្រឹក្សា​សហព័ន្ធ​រួបរួម​ជាតិ​ (United Nationalities Federal Council)​ បាន​ពិចារណា​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ទូទាំង​ប្រទេស​ (NCA)​ ដែល​រដ្ឋាភិបាល​ និង​យោធា​ចាត់​ទុក​ថា​ ករណី​នេះ​សំខាន់​ណាស់​ សម្រាប់​ដំណើរ​ការ​សន្តិភាព​ទៅ​ខាង​មុខ​ទៀត។​ ក្រុម​ដែល​ពិចារណា​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​នោះ​មាន​ គណបក្ស New Mon State Party​ និង​ គណបក្ស​ Karenni National Progressive Party (KNPP)។

ប៉ុន្តែ​ នៅ​ខែ​ធ្នូ​ ទាហាន​បួន​នាក់​របស់​គណបក្ស​ KNPP​ ត្រូវ​បាន​សម្លាប់​ អំឡុង​ពេល​ប្រឈម​មុខ​នឹង​ក្រុម​ Tatmadaw។​ គណបក្ស​ KNPP​ បាន​ចោទ​ប្រកាន់​កងទ័ព​របស់​មីយ៉ាន់​ម៉ា​ថា​ប្រហារ​ជីវិត​ទាហាន​ ខណៈ​ដែល​យោធា​បាន​ឆ្លើយ​តប​ថា​ ហេតុការណ៍​នោះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​កាំ​ភ្លើង។ កាល​ពី​ដើម​ខែ​នេះ​ អាជ្ញាធរ​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​យុវជន​ Kayah​ ៥​នាក់​ ដែល​ធ្វើ​បាតុកម្ម​ពី​ហេតុការណ៍​នេះ។

លោក​ Shwe Myo Thant​ អគ្គលេខា​ធិការ​របស់​គណបក្ស​ KNPP​ បាន​ប្រាប់​ VOA ថា​ ក្រុម​នេះ​នៅ​មិន​ទាន់​សម្រេច​ថា​តើ​ ពួក​គេ​នឹង​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ទូទាំង​ប្រទេស​ (NCA)​ ឬ​ក៏​ចូលរួម​សន្និសីទ​សន្តិភាព​លើក​ក្រោយ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នាទូទាំង​ប្រទេស​ (NCA)​ ពី​ព្រោះ​តែ​អ្វី​ដែល​បាន​កើត​ឡើង។ ដំណើរការ​សន្តិភាព​នៅ​តែ​បន្ត​ ប៉ុន្តែ​ការ​វាយ​ប្រហារ​នៅ​តំបន់​ជាតិ​សាសន៍​ជា​ច្រើន​នៅ​តែ​កើត​ឡើង។​ យើង​នៅ​មិន​ទាន់​សម្រេចថា​ចូល​រួម​សន្និសីទ​នោះ​នៅ​ឡើយ​ទេ។​ ក្រុម​ដែល​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ទូទាំង​ប្រទេស​ (NCA)​ នោះ​ មិន​អាច​ពិភាក្សា​គ្នា​បាន​ទេ​ ហើយ​យើង​មិន​ចង់​ដូច​ជា​អាយ៉ង​នៅ​សន្និសីទ​នោះ​ទេ។​ បញ្ហា​នេះ​ មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​សន្តិភាព»។

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG