ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​នយោបាយពីរ​ច្របាច់​​​​បញ្ចូល​គ្នាដើម្បី​ជំរុញ​«ប៉ូល​ប្រជាធិបតេយ្យ​និយម​កណ្តាល​»


ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ (ស្ដាំ) និងប្រធានគណបក្សកម្ពុជានិយមលោក យ៉ែម ប៉ុញ្ញឬទ្ធិ ធ្វើសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីចុះហត្ថាលេខារួបរួមគ្នាជាគណបក្សតែមួយ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ (ស្ដាំ) និងប្រធានគណបក្សកម្ពុជានិយមលោក យ៉ែម ប៉ុញ្ញឬទ្ធិ ធ្វើសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីចុះហត្ថាលេខារួបរួមគ្នាជាគណបក្សតែមួយ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

គណ​បក្ស​កម្ពុជា​និយម​របស់​ លោក​ យ៉ែម បុញ្ញឫទ្ធិ និង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិរបស់ ​លោក ​ញឹក​ ប៊ុនឆៃ ​បាន​សម្រេច​ច្របាច់​បញ្ចូល​គ្នា​ជា​គណ​បក្ស​តែ​មួយ ដោយ​យក​«គណបក្ស​ខ្មែរ​រួប​រួម​ជាតិ»​ មក​ធ្វើជា​តំណាង​នៃប៉ូល​នយោ​បាយ​ថ្មី​គឺ​ ប៉ូល​នយោ​បាយប្រជា​ធិប​តេយ្យ​និយម​កណ្តាល​ សម្រាប់​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។ ​

ការ​សម្រេច​យកតែឈ្មោះ​ គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ខាង​លើ​ ដែលបច្ចុប្បន្ន​មាន​លោក ញឹក ប៊ុន​ឆៃ ជា​ប្រធាន​ មក​ចូល​រួម​ឈរ​ឈ្មោះបោះឆ្នោត​នោះ​ គឺដើម្បី​កៀរ​គរ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ និង​ធានា​បាន​នូវ​ឯក​រាជ្យ​ភាព​ អធិបតេយ្យភាព​ និង​ការពារ​បូរណ​ភាព​ទឹក​ដី​។

ប្រធានគណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ​លោក ញឹក ប៊ុនឆៃ ​ប្រាប់​អ្នក​សារព័ត៌​មាន​នៅ​ក្នុង​ពិធី​ចុះហត្ថ​លេខា​ស្តីពី​ការ​ច្របាច់​គណបក្ស​ទាំង​ពីរ​បញ្ចូល​គ្នា​នៅព្រឹកថ្ងៃ​ចន្ទនេះ​ថា ការ​រួបរួមគ្នា​នេះ​នឹង​បង្កើតបាន​ប៉ូល​នយោ​បាយ​ថ្មី​មួយ ដោយ​ឈរ​នៅកណ្តាល និង​មិន​យក​គណ​បក្ស​នយោ​បាយ​ណា​មួយ​មក​ធ្វើជា​សត្រូវ ហើយ​ក៏មិន​ប្រកាន់​យក​ភូមិ​សាស្ត្រនយោ​បាយដែលមានទំនោរ​ទៅ​កាន់​ប្រទេស​មហា​អំណាច​ណា​មួយ​នោះផង​ដែរ។

លោក​ថ្លែង​ថា៖ ​«ប៉ូល​នយោ​បាយ​ថ្មី​យើង​ខ្ញុំ​ថ្មី គឺ​ប៉ូលនយោបាយប្រជា​ធិប​តេយ្យ​និយម​កណ្តាល គឺថា​យើង​ខ្ញុំ​មិន​លម្អៀង​ទៅរកខាង​នេះ​ដាច់​មុខ យកខាង​នោះ​ធ្វើ​ជា​សត្រូវ ក៏មិន​លម្អៀង​ទៅ​ខាង​នោះ​ដាច់មុខ​ យក​ខាង​នេះ​ធ្វើ​សត្រូវ​ គឺគោលនយោបាយ​របស់​យើង​ខ្ញុំគឺ​ទំនាក់​ទំនង​សហ​ប្រត្តិ​បត្តិការ​ជា​មួយបណ្តាប​បក្ស​នយោបាយ​ទាំង​អស់​ដោយ​អត់មាន​ការ​រើស​អើង​ និន្នាការ​នយោ​បាយ ពណ៌​សម្បុរ​ទេ។ ហើយ​ក៏ធ្វើការ​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំង​អស់​ក៏​ដូច​គ្នា​ដែរ មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ ឬ​ពណ៌​សម្បុរ​នយោ​បាយ​ទេ​»​។

សមាជិកគណបក្សខ្មែររួបរួមជាតិ (អាវខៀវ) និងគណបក្សកម្ពុជានិយម (អាវស) អង្គុយទល់មុខគ្នានៅក្នុងកម្មវិធីចុះហត្ថាលេខារួបរួមជាគណបក្សតែមួយ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
សមាជិកគណបក្សខ្មែររួបរួមជាតិ (អាវខៀវ) និងគណបក្សកម្ពុជានិយម (អាវស) អង្គុយទល់មុខគ្នានៅក្នុងកម្មវិធីចុះហត្ថាលេខារួបរួមជាគណបក្សតែមួយ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ចំណែក​ប្រធានគណបក្ស​កម្ពុជា​និយម លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា មូល​ហេតុ​ដែល​គណ​បក្ស​កម្ពុជា​និយម ច្របាច់​បញ្ចូល​គ្នា​ ជា​មួយ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ គឺ​ដើម្បី​បង្កើត​ប៉ូល​នយោ​បាយ​ប្រជា​ធិប​តេយ្យសេរី​ថ្មី​មួយ​ ដើម្បី​ប្រមូល​ផ្តុំ​កម្លាំង​គាំទ្រ ដែល​ផ្តល់​តម្លៃ​ខ្ពស់​ដល់​របប​ន​យោ​បាយ​ប្រជា​ធិប​តេយ្យ​សេរី​និយម​។ ​

លោកថ្លែង​ថា​៖ ​«ការ​រួប​រួម​គ្នា​រវាង​អ្នកតស៊ូ​ លើក​កម្ពស់​វីរ​ភាព​អ្នកតស៊ូ ដើម្បីជាតិ​ បូករួម​អ្នក​ប្រជា​ធិប​តេយ្យ​ គឺជា​កត្តា​ចម្បង​ ហើយ​សំខាន់​បំផុត​ ​ព្រោះ​ការ​តស៊ូរបស់​ឯក​ឧត្តម [ញឹក ប៊ុនឆៃ​] ​គោល​ដៅ​តែ​មួយ​គត់​ ដើម្បី​ឯក​រាជ្យ​ អធិប​តេយ្យភាព បូរណភាព​ទឹកដី​ និង​ប្រជា​ធិប​តេយ្យ​ នេះ​ជា​គោល​ដៅ​ចម្បងដែល​យើង​សម្រេច​រួប​រួម​គ្នា​»​។

បើ​តាម​កិច្ចព្រមព្រៀង​រវាងគណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ និងគណបក្ស​កម្ពុជា​និយមធ្វើ​នៅថ្ងៃចន្ទទី​១០​ ខែតុលា ឆ្នាំ​២០២២ នេះ​ ការ​រួបរួម​រវា​ង​អ្នក​តស៊ូ​ដើម្បី​ជាតិ​ អ្ន​ក​ជាតិ​និយម​ អ្នកប្រជាធិ​ប​តេយ្យ​សេរីនិយម​ គឺ​មាន​ភាព​ចាំបាច់​ក្នុង​ដំណើរ​ការ​កសាង​ប្រជា​ធិប​តេយ្យ​សេរី នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ស្រប​ទៅតាមឆន្ទៈ​ប្រជា​ពល​រដ្ឋខ្មែរ​ផង​ដែរ។ ​

​អ្នក​វិភាគ​នយោ​បាយ ​លោក​បណ្ឌិត​ មាស នី ​យល់ថា ​ការ​រួម​បញ្ចូល​គ្នា​នេះជា​ការ​វិវឌ្ឍ​ផ្នែក​នយោ​បាយ​ល្អមួយ​ ព្រោះគណ​បក្ស​តូច​ៗ​ចាប់​ផ្តើម​រួម​សាម​គ្គី​គ្នា​ឡើង​វិញ​។​ ប៉ុន្តែ​លោក​ថា​ការទាក់​ទាញ​សំឡេង​គាំទ្រពីម្ចាស់​ឆ្នោត​បាន​ច្រើន​ឬយ៉ាង​ណា​នោះ​ គឺមិន​ទាន់​អាច​ធ្វើ​កា​រប៉ាន់​ស្មាន​បាន​នៅ​ឡើយ​។

លោកប្រាប់វីអូអេ​ថា៖ ​«ខ្ញុំគិត​ថាវាជាដំណើរ​ការ​វិជ្ជ​មាន​មួយ​ ទោះ​បីជា​យើង​គិត​ថា​កម្លាំង​ទាំង​ពីរនេះ​ នៅ​មាន​កម្លាំង​តូ​ច ក៏​ប៉ុន្តែ​មិនច្បាស់ថា ​ពេ​លចូលគ្នា​ទៅវា​នឹង​នៅ​កាន់តែតូច​ទេ​ [ឬ]អាច​ទាញ​ចូល​គ្នា​ ​អាច​មាន​កម្លាំង​ធំ»។

គួរ​បញ្ជាក់​ថា​ មុនពេល​គណ​បក្សខ្មែររួប​រួម​ជាតិ​ ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​កម្ពុជានិយម​នេះ គឺ​គណ​បក្សខ្មែរ​រួប​រួម​ជាតិ បាន​ប្រកាសដក​ខ្លួន​ចេញពី​សម្ព័ន្ធ​ភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ ​ដែល​រួម​មាន​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ របស់​លោក ម៉ម សូណង់ដូ និង​គណ​បក្ស​ខ្មែរ​តែមួយ​ របស់​លោក​ គុជ លី នៅថ្ងៃទី​០៩ ​ខែតុលា ឆ្នាំ​២០២​២។ ​ ​គណ​បក្សខ្មែរ​រួបរួម​ជាតិ​នេះ​អះ​អាង​ថា ការ​ចង​សម្ព័ន្ធ​ភាព​នយោ​បាយ​នេះ​ គឺ​មិន​អាច​អនុវត្ត​ទៅ​បាន​ដោយ​រលូន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​អាណត្តិទី​៧​នេះ។

បើ​តាម​ប្រធានគណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ​លោក ញឹក ប៊ុនឆៃ ការ​ច្របាច់​បញ្ចូល​គ្នា​នេះ នឹង​អាច​ធ្វើ​ឱ្យ​គណ​បក្សទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ នា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ​៕

XS
SM
MD
LG