ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្រ្តី​ព្រមានថា ​​​អ្នក​ចែក​រំលែក​ព័ត៌​មាន​«ក្លែង​ក្លាយ»​អំពី​ការ​ស្លាប់​ដោយ​ចាក់​វ៉ាក់​សាំង ត្រូវ​ជាប់​ពន្ធនាគារ


គិលានុបដ្ឋាយិកាម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដល់អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

មន្រ្តី​ក្រសួង​សុខាភិបាលនិង​ក្រសួង​យុត្តិធម៌​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចែក​រំលែក​ព័ត៌​មាន ​«ក្លែង​ក្លាយ» ដែល​និយាយ​ថា ​មាន​ករណី​ស្លាប់ ​ដោយ​សារ​ចាក់​វ៉ាក់សាំងរបស់​ចិន ហើយ​ថា​ ការ​ចែក​រំលែក​ព័ត៌មាន​នេះ ​នឹង​ប្រឈម​ទោស​ជាប់​ពន្ធនាគារ។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​ក្រោយ​មាន​ការ​បង្ហោះ​រូប​ភាព និង​សារនៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុកនៅ​សប្តាហ៍​នេះ ថាមាន​ស្រ្តី​ម្នាក់​ស្លាប់ ដោយសារ​ការចាក់​វ៉ាក់សាំង​របស់​ចិន​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ​លោកស្រី ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា ​មិន​មាន​ករណី​មនុស្ស​ស្លាប់​ ដោយ​សារ​ចាក់​វ៉ាក់​សាំង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ។ លោក​ស្រី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​បង្កើត​និង​ចែក​រំលែក​ព័ត៌មាន​ទាំង​នោះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ក្រសួង​សុខាភិបាល​នៅ​តែ​អំពាវនាវ​ហើយ​អំពាវ​នាវ​ទៀត សូម្បី​បង​ប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់​បោក​ ហើយ​កុំ​ជឿ​ទៅ​លើ​ព័ត៌មាន​ប្រឌិត។ ហើយ​ជា​ពិសេស សូម​កុំ​ចែក​ចាយ​នូវ​ព័ត៌មាន​ដែល​យើង​មើល​ទៅថា​ព័ត៌មាន​ហ្នឹង វា​ប្រឌិត​ហើយ»។

លោកស្រី​បន្ត​ថា ​វ៉ាក់សាំង​របស់​ចិន​ជា​វ៉ាក់​សាំង​ដែល​ទុក​ចិត្ត​បាន គឺ​រហូត​ដល់​ ៨០% ហើយ​លោកស្រី​ការពារ​ថា​ ប្រទេស​ចិន​ «មិន​មែន​យក​មក​ធ្វើ​ការ​លេង​សើច​លើ​ជីវិត​មនុស្ស​»ទេ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ​ លោក​ គឹម សន្តិភាព ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ថា​ បង្កើត​ព័ត៌មាន​មិន​ពិត និង​ការ​ចែក​រំលែក​បន្ត​ដែល​ទាក់ទង​នឹង​ការ​ស្លាប់ដោយ​សារ​ចាក់​វ៉ាក់សាំង​នេះ នឹង​ត្រូវ​ជាប់​ពី​បទ​ «ញុះញង់​» ​នៃ​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ៤៩៤ ​ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ ​២ ​ឆ្នាំ។

មាត្រាចែង​ពី​បទញុះញង់​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​រិះគន់​ថា​ប្រើប្រាស់​ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

លោកបន្ត​ថា​ អ្នក​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​មាន​គោល​បំណង​ច្បាស់​លាស់ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ «បាត់​ទំនុក​ចិត្ត» ហើយ​ជា​ «​អំពើ​ដែល​នាំ​ឲ្យ​មាន​ភាព​វឹក​វរ​ក្នុង​សង្គម»។

លោក​មាន​ប្រសាសន៍ថា៖ «កន្លែង​នេះ សូម​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ទូទាំង​ប្រទេស សូម​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ ដើម្បី​ចៀស​ផុតពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ណាមួយ ​ដែល​កើតឡើងដោយ​ការ​ធ្វេស​ប្រហែស​របស់​យើង»។

បើ​តាម​លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​របស់​ចិន​រហូត​មក​ដល់​ពេល​នេះ មាន​ជាង ​៣.៨០០ នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​ ២០២១៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG