គណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ បានឯកភាពគ្នាក្នុងការចូលរួមពិភាក្សាតាមសំណើរបស់គណបក្សកម្លាំងជាតិ ដើម្បីពិភាក្សាអំពីការបែងចែកមណ្ឌលភូមិភាគរវាងគណបក្សទាំងពីរសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ការពិភាក្សានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្នាក់ការកណ្តាលរបស់គណបក្សភ្លើងទៀនក្នុងរាជធានីភ្នំពេញ។ គណបក្សភ្លើងទៀនបានទទួលយកសំណើស្នើសុំជួបពិភាក្សាពីគណក្សកម្លាំងជាតិ ដែលបានដាក់ទៅគណបក្សភ្លើងទៀន កាលពីថ្ងៃទី ២២ ខែមករា។
បើតាមលិខិតរបស់គណបក្សកម្លាំងជាតិ ការស្នើសុំជួបជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀនគឺដើម្បីពិភាក្សាការងារស្តីពីការបែងចែកមណ្ឌលភូមិភាគរវាងគណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន ដែលបានដាក់បញ្ជីបេក្ខជនតាមរយៈគណបក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
គណបក្សកម្លាំងជាតិបញ្ជាក់ថា ការស្នើសុំជួបនេះគឺឈរលើឧត្តមប្រយោជន៍ ប្រជាពលរដ្ឋនិងប្រទេសជាតិជាសំខាន់ ពិសេសដើម្បីរក្សាចំនួនអាសនៈព្រឹទ្ធសភា កុំឱ្យបាត់បង់ទៅគណបក្សនយោបាយផ្សេងៗ ផ្អែកតាមចំនួនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សភ្លើងទៀន។
គណបក្សភ្លើងទៀនលើកឡើងក្នុងលិខិតរបស់ខ្លួនថា កិច្ចជួបពិភាក្សាការងារនេះ គឺធ្វើឡើងជាមួយគ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់ក្នុងស្មារតី និងគោលបំណងបង្រួបបង្រួមអ្នកប្រជាធិតេយ្យ តាមរយៈ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀនមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសប្រមាណ ២.២០០នាក់ ដែលត្រូវបានពលរដ្ឋបោះឆ្នោតឱ្យ កាលពីខែមិថុនា ឆ្នាំ ២០២២។ ពួកគេជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។ ដោយសារមិនអាចចូលរួមការបោះឆ្នោតបាន គណបក្សភ្លើងទៀនបានជ្រើសរើសគណបក្សឆន្ទៈខ្មែរមកចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។
មន្រ្តីគណបក្សភ្លើងទៀនធ្លាប់បញ្ជាក់ថា គណបក្សឆន្ទៈខ្មែរដែលតំណាងឱ្យគណបក្សភ្លើងទៀននឹងអាចទទួលបានអាសនៈព្រឹទ្ធសភាយ៉ាងហោចណាស់ចំនួន ៨ ក្នុងចំណោមអាសនៈសរុប ៦២៕
វេទិកាបញ្ចេញមតិ