ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជនគណបក្សភ្លើងទៀន២នាក់ប្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាឃុំខ្លួន


រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។

សកម្មជន​គណបក្ស​ភ្លើង​ទៀនពីរនាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​សប្តាហ៍នេះ បាន​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ដែល​មាន​ន័យថា​ ពួកគេ​មិន​សុខ​ចិត្ត​នឹង​ការសម្រេចរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ឃុំ​ខ្លួន​ពួកគេ​នៅ​ពន្ធនាគារ​ព្រៃស។ នេះ​បើ​តាម​មេធាវី​ការពារ​ក្តី​របស់​សកម្មជន​ទាំងពីរ។

សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទាំង​ពីរនាក់​នោះ រួមមាន ​លោក ខឹម ចាន់​វណ្ណៈ ប្រធាន​ស្តីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ រាជធានីភ្នំពេញ​ និង​អ្នកស្រី ឆាយ ចិន្តា ប្រធាន​ចលនា​ស្ត្រី​ខណ្ឌ​ជ្រោយ​ចង្វារ ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​សំណុំ​រឿង​ពីរ​ផ្សេង​គ្នា។

លោក ជូង ជូងី មេធាវី​ការពារក្តី​ឱ្យ​សកម្មជន​ទាំង​ពីរនាក់​នេះ ប្រាប់​វីអូអេ​ថា​ កូនក្តី​របស់​លោក​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាល​ក្រម​មុន​អង្គ​សេចក្តី ត្រង់​ចំណុច​ទាំង​មូល ដែល​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​ដែលឃុំខ្លួន​ពួកគេ។

លោក​ថ្លែង​ថា៖ «យើង​ប្រើ​ពាក្យ​ប្តឹង​ឧទ្ធរណ៍។ ករណី​លោក ខឹម ចាន់​វណ្ណៈ ​នៅ​ដំណាក់​ការ​ចៅ​ក្រម​ស៊ើប​សួរ​ គេ​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​តាម​ដីកា​សម្រេច អ៊ីចឹងខ្ញុំ​បាន​ប្ដឹង​ឧទ្ធរណ៍​នឹង​ដីកា​សម្រេច​ឃុំខ្លួន​ហើយ គោល​បំណង​ទាមទារ​ឱ្យ​ដោះ​លែង​គាត់​វិញ»។

លោក​បន្ថែម​ថា៖ «ដោយ​ឡែក​ ឆាយ ចិន្តា គឺ​គេ​ឃុំ​ខ្លួន​គាត់​តាម​សាល​ក្រម ដោយ​ហេតុថា​ករណី​លោកស្រី ឆាយ ចិន្តា គឺ​តុលាការ​បាន​បញ្ចប់​ការ​ស៊ើប​សួរ ព្រោះ​សំណុំ​រឿង​គាត់ច្រើនឆ្នាំហើយ គឺគេបាន​បញ្ចប់​ការ​ស៊ើប​សួរ ​រុញ​ទៅ​ជម្រះ។ អ៊ីចឹង​គេ​ចាប់​ខ្លួន ​ឆាយ ចិន្តា តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន។ ហើយ​គេ​ក៏ចេញ​សាលក្រម​សម្រេច​ឃុំខ្លួន គាត់​ក៏​ខ្ញុំ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាល​ក្រម​ឃុំ​ខ្លួន​ហ្នឹងហើយ»។

អ្នកស្រី ឆាយ ចិន្តា ត្រូវបាន​ចោទ​ប្រកាន់ ពាក់​ព័ន្ធ​នឹង​បទល្មើស​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ​»។ ចំណែក​លោក ខឹម ចាន់​វណ្ណៈ ​ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន ដើម្បី​សាក​សួរ​ដំណើរ​រឿង«​ក្លែងបន្លំ​ឯកសារ​» ​និង​«​ប្រើប្រាស់​ឯកសារ​ក្លែង»។

យោង​តាម«ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន»​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​ចេញ​កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២៣ ដោយ​ចៅក្រម​ស៊ើបសួរ​លោក អួង វុទ្ធា អ្នកស្រី ឆាយ ចិន្តា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«ក្លែងបន្លំ​ឯកសារ​សាធារណៈ​» ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ កាល​អំឡុង​ខែមីនា ឆ្នាំ​ ២០២២ ដោយ​បទ​ល្មើស​ព្រហ្មទណ្ឌ មា​នចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ​៦២៩ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដោយ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ ​ចុះថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ​ ២០២២​។ នេះបើ​តាម​ដីកា​ដែល​វីអូអេ​ទទួល​បាន​។

ក្នុង​«​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​»ដដែល​នោះ លោក អួង វុទ្ធា ​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​សាធារណៈ​ ស្រាវ​ជ្រាវ​រក​ចាប់​ខ្លួន និង​នាំ​ខ្លួន​អ្នកស្រី ឆាយ ចិន្តា មក​តុលាការ​។

បើ​តាមគ្រួសារ និង​មេធាវី​ការពារក្តី ​អ្នកស្រី ឆាយ ចិន្តា​ ត្រូវ​បានចោទ​ប្រកាន់​ពី​បទ​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ​»ទា​ក់ទងនឹង​ការ​ដាក់​បេក្ខ​ជន ​ដើម្បី​ឈរ​ឈ្មោះសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​ ២០២២។

ប៉ុន្តែ​កូន​ប្រុស​របស់​អ្នកស្រី ឆាយ ចិន្តា ប្រាប់​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ខ្លាច​ប៉ះ​ពាល់​ការងារ​ថា​ ម្តាយ​របស់​លោក​មិន​បាន​ក្លែង​បន្លំ​ឯកសារ​ ឬ​ស្នាម​មេ​ដៃ​អ្នក​ណា​ម្នាក់​ឡើយ។ លោក​ស្នើ​ឱ្យ​តុលាការដោះ​លែង​ម្តាយ​របស់​លោក​ ដោយ​ថា​ម្តាយ​មាន​ អាយុ​៦៤ឆ្នាំ ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ត្រូវ​ការ​ព្យាបាល និង​មិនរត់​គេច​ខ្លួន​ទៅណា​នោះ​ទេ។

មេធាវី​ការពារក្តី លោក​ ជូង ជូងី ប្រាប់​វីអូអេ​ថា​ ការ​ចាប់​ខ្លួន​អ្នក​ស្រី ឆាយ ចិន្តា ធ្វើ​ឡើង​តាម​ «​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន»​ ដោយតុលាការ​សំអាង​ថា​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​ចំនួន​ ២​លើក ប៉ុន្តែ​អ្នកស្រី ឆាយ ចិន្តា ​មិន​ទាន់​បាន​ចូល​បំភ្លឺ ដោយលើក​ទី ១ មន្ត្រី​បញ្ជូន​ដីកាឱ្យ​អ្នកស្រី​ ចិន្តា ​យឺត​ពេល និង​លើក​ទី ២ ​អ្នកស្រី​ស្នើ​ពន្យារ​ពេល ដើម្បីរក​មេធាវី​ការពារ​ក្តី។

លោក ជូង ជូងី ថ្លែង​ថា៖ «កាល​ពី​ថ្ងៃ​ទី ​១៦ [មករា] ​គឺតុលាការ​បាន​បើក​សវនាការ ​ខ្ញុំ​បាន​ចូល​ទៅ​ការពារ​សិទ្ធិ​គាត់ គឺ​បើក​សវនាការ​ដេញ​ដោល​ថាតើ​ក្រៅពី​ចាប់​ខ្លួន​គាត់​តាមដីកា​ហើយ​ តើ​សម្រេច​ឃុំ​ខ្លួន​គាត់ ឬ​ដោះ​លែង​គាត់​? អ៊ីចឹង​ខ្ញុំ​ជា​មេធាវី​ការពារ​ទាមទារ​ឱ្យ​ដោះ​លែង​គាត់ ដោយ​ខ្ញុំ​សំអាង​ថា​គាត់​មិន​គេច​វេះ​ទៅ​ណា​ទេ។ ហើយ​កាល​ដែល​គាត់​មិន​បាន​ចូល​ដោយ​សារ​តែ​ការ​បញ្ជូន​ដីកា​យឺត ហើយ​គាត់​បាន​សុំ​ពន្យារ​ពេល​ត្រឹម​ត្រូវ មាន​មេធាវី​ត្រឹមត្រូវ​»។

ចំណែកលោក ខឹម ចាន់​វណ្ណៈ ​ប្រធាន​ស្តីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន រាជធានីភ្នំពេញ​ ត្រូវ​បាន​ លោក​ សេង ហៀង ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន ​ដើម្បី​សាក​សួរ​ដំណើរ​រឿង«​ក្លែងបន្លំ​ឯកសារ​» ​និង«​ប្រើប្រាស់​ឯកសារក្លែង» ដោយ​យោង​តាម​របាយការណ៍​របស់​ការិយា​ល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​ ២០២៤។ នេះ​បើ​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​ ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា​ ដែល​វីអូអេ​ទទួល​បាន។

ក្នុង​ដីកា​នោះ ​លោក​ សេង ហៀង ​ក៏​បញ្ជា​ឱ្យ​នាំ​ខ្លួន​ លោក ខឹម ចាន់​វណ្ណៈ មក​បង្ហាញ​ខ្លួន​នៅ​អយ្យកា​រអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែ​មករា ​ឆ្នាំ​ ២០២៤។ ប៉ុន្តែលោក ខឹម ចាន់វណ្ណៈ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​ ១៥ ខែមករា​នោះ ចំ​ថ្ងៃ​ចេញ​ដីកា​តែ​ម្តង។

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​នោះ លោក សំ វិច្ឆិកា អ្នក​នាំ​ពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​លោក ខឹម ចាន់​វណ្ណៈ តាម​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​ ៣​នាក់​ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​លើ​ឯកសារ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​បម្រុង​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​សង្កាត់ នៅ​សង្កាត់​ផ្សារថ្មី​ទី​ ៣ ដែល​អ្ន​កប្តឹង​ថា​មិន​បាន​ដឹង​ខ្លួន​អំពី​ការ​ឈរ​ឈ្មោះ​នោះ​ទេ។

កូន​ប្រុស​ច្បង​របស់​លោក ខឹម ចាន់វណ្ណៈ គឺ​លោក ខឹម ​ចាន់​សុវណ្ណ​មង្គល ​អាយុ​២១​ឆ្នាំ ប្រាប់​វីអូអេ​ថា​ ឪពុក​របស់​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ និង​បាន​អំពាវ​នាវឱ្យ​ដោះ​លែង​ឪពុក។

លោក​បញ្ជាក់​ថា​៖ «នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ ព្រោះ​គ្រប់​ឯកសារ​ គឺ​យើង​មាន​ការស៊ីញ៉េ​ត្រឹម​ត្រូវ​ពី​សាមី​ខ្លួនផ្ទាល់​»។

លោក ជូង ជូងី ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ខឹម ចាន់វណ្ណៈ ដែរ​នោះ ប្រាប់​វីអូអេ​ថា ​លោក​កំពុង​ពិនិត្យ​មើល​ដំណើរ​រឿង​នៃ​ការ​ចោទ​ប្រកាន់​មួយ​នេះថា​ពាក់ព័ន្ធ​នឹង«ក្លែង​បន្លំ​ឯកសារ»​លើ​ការ​ដាក់​បេក្ខ​ជន​បម្រុង​អ្វី​ឱ្យ​ពិត​ប្រាកដ។

គណបក្ស​ភ្លើងទៀន​បាន​ចាត់​ទុកថា​ ការ​ចាប់​ខ្លួន​សកម្មជន​ទាំង២​នាក់​នេះ​ជា​រូប​ភាព​គំរាមកំហែង ​ដើម្បី​បំបាក់​ស្មារតី​ប្រជា​ពល​រដ្ឋ​ខ្មែរ មិន​ឱ្យ​ចូល​រួម​សកម្ម​ភាព​នយោ​បាយ​ជាមួយ​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំងនេះ​ក៏​អំពាវនាវ​ឱ្យ​ដោះ​លែង​សកម្មជន​ទាំង​ពីរនាក់​នេះ និង​បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG