ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចំនួនពីរ ដោយតែងតាំងអតីតមន្រ្តីជាន់ខ្ពស់ពីររូបនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP ឬ Grassroots Democratic Party) ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោយពួកគេបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
ការតែងតាំងនេះធ្វើឡើងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានស្នើសុំឱ្យលោក សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទីនៃគណបក្សGDP ធ្វើជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សែម ហាក់ អតីតអគ្គលេខាធិការគណបក្ស GDP ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លោក សាម អ៊ីន និងលោក សែម ហាក់ បានសម្រេចចិត្តចាកចេញពីគណបក្សរបស់ពួកគេ ហើយស្នើសុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សាម អ៊ីន ធ្លាប់បានបញ្ជាក់ថា លោកចូលរួមជាមួយគណបក្សកាន់អំណាច«ដើម្បីទទួលបានឱកាសចូលរួមបម្រើការងារជួយរាជរដ្ឋាភិបាល រួមចំណែកលើការងារគាំទ្រសហគមន៍តំបន់ ការពារការអភិវឌ្ឍអេកូទេសចរណ៍ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ»។
លោក សាម អ៊ីន បញ្ជាក់ថា ការសម្រេចចិត្តចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយសារលោក«មិនមានសមត្ថភាពគ្រប់គ្រាន់» ដើម្បីបន្តតួនាទីក្នុងគណបក្សនេះតទៅទៀតបានទេ។
ចំណែកលោក សែម ហាក់ ធ្លាប់បញ្ជាក់ក្នុងលិខិតស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាថា លោកចូលរួមជាមួយគណបក្សកាន់អំណាច«ដើម្បីទទួលបានឱកាសចូលបម្រើការងារជួយរាជរដ្ឋាភិបាលក្នុងក្រសួងកសិកម្ម ការចូលរួមចំណែកលើការអភិរក្ស និងការការពារតំបន់ធម្មជាតិ»។
ប្រធានគណៈកម្មាធិការនាយកស្តីទីរបស់គណបក្ស GDP លោក សេក សុខា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការចាកចេញពីគណបក្ស គឺជាសិទ្ធិរបស់ពួកគេ។
គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ង សាំងកុមារ អតីតថ្នាក់ដឹកនាំម្នាក់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែរ ដោយលោកទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម៕