បន្ទាប់ពីលោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម។ ចំណែកលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងក្លាយជាអនុរដ្ឋលេខាធិការនៅក្រសួងកសិកម្មនេះដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម។
កាលពីថ្ងៃ២៣ ខែវិច្ឆិកា លោក យ៉ង សាំងកុមារ បានធ្វើលិខិត២ច្បាប់ដាក់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលបម្រើការជាមួយរដ្ឋាភិបាល ដែលលោកបានអះអាងក្នុងលិខិតថា មានគោលបំណងចង់ជួយអភិវឌ្ឍវិស័យកសិកម្ម។ ប៉ុន្តែការចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉ង សាំងកុមារ និង លោក ឡឹក សុធារក៏រងការរិះគន់មួយចំនួនផងដែរ និងធ្វើឱ្យអ្នកគាំទ្រមានការខកចិត្ត។
មុនការសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដាក់សំណើសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវជូនកសិករផងដែរ។
លោក យ៉ង សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ក្នុងលិខិតទៅលោកនាយករដ្ឋមន្រ្តីថាលោក ពេញចិត្តនឹងគោលនយោបាយប្រាកដនិយមថ្មីរបស់រដ្ឋាភិបាលដែលទើបតែដាក់ចេញថ្មីៗនេះ ដែលមានគោលនយោបាយលើកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផល។
លោក យ៉ង សាំងកុមារ បញ្ជាក់ក្នុងលិខិតនោះថា៖ «ខ្ញុំបានសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះ ឱ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ»។
ក្នុងលិខិតនោះ លោក យ៉ង សាំងកុមារ ស្នើសុំចាប់ផ្តើមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែធ្នូ នេះតទៅ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោក យ៉ង សាំងកុមារ នឹងទទួលតំណែងជារដ្ឋលេខាធិការ និងលោក ឡឹក សុធារនឹងជាអនុរដ្ឋលេខាធិការ។
អ្នកនាំពាក្យរូបនេះបន្តថា៖ «សម្រាប់ក្រសួងកសិកម្ម និងពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា លោកបានសម្ដែងការស្វាគមន៍ចំពោះលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យឈានទៅមុខ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថាគណបក្សកាន់អំណាចនេះបានអនុញ្ញាតឱ្យលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តែត្រូវចាំដល់គណបក្សធ្វើពិធីបញ្ចូលជាសមាជិកជាមុនសិន ទើបអ្នកទាំងពីរអាចក្លាយជាសមាជិកពេញសិទ្ធិ។
លោកថ្លែងថា៖ «ការឆ្លើយតបគឺទទួលយល់ព្រមឱ្យគាត់ចូលរួមជាសមាជិកគណបក្សប្រជាជន»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក យ៉ង សាំងកុមារ និងលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបាននៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។ ចំណែកលោក ឡឹក សុធារបដិសេធមិនអត្ថាធិប្បាយ។
ប៉ុន្តែលោក យ៉ង សាំងកុមារ បានបកស្រាយចំពោះការសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងវីដេអូមួយ ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃចន្ទនេះ ដោយលោកថា ចង់ប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួនដែលមាន ដើម្បីអាចដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យកសិកម្ម ជាពិសេសបញ្ហាស្រូវអង្ករ។
លោកថ្លែងថា៖ «គំនិតដើមអត់ទេ[អត់មានគំនិតចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទេ] ប៉ុន្តែដោយសារចៃដន្យរឿងនេះ ទីមួយរដ្ឋមន្ត្រីថ្មី ទីពីរបញ្ហាស្រូវអង្ករកើតមានឡើង។ អ៊ីចឹងបានជួបជជែកគ្នាទៅបានមានគំនិតថា ខ្ញុំគួរតែធ្វើអីមួយ ហើយគាត់ក៏ឯកភាពឱ្យខ្ញុំធ្វើអីមួយអ៊ីចឹង»។
លោកបន្តថា៖ «មានន័យថាគម្រោងទាំងមូលហ្នឹង ខ្ញុំមានសិទ្ធិដឹកនាំគម្រោងហ្នឹង ហើយទី២ មានការធានាធ្វើម៉េចយើងមានធនធាន បូកធនធានថវិកា និងធនធានមនុស្សគ្រប់គ្រាន់ដើម្បីធ្វើការងារហ្នឹង។ ក្នុងហ្នឹងជាមួយកសិករ និងភាគីពាក់ព័ន្ធ ព្រោះតែអ៊ីចឹងយើងចូលទៅថា យើងអត់អាច គឺអ៊ីចឹងបញ្ហាក៏មិនបានដោះស្រាយ ហើយខ្ញុំក៏ចោលចំណេះដឹងបទពិសោធន៍ខ្ញុំដដែលហ្នឹង»។
លោក យ៉ង សាំងកុមារ ថែ្លងក្នុងវីដេអូដដែលនោះថា លោកបានលាឈប់ពីតំណែងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែលោកមិនបានបញ្ជាក់ថាពេលណានោះទេ។
នៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បង្ហោះសារ ដោយភ្ជាប់រូបភាពជាមួយលោក ឌិត ទីណា លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា៖ «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិតយ៉ង សាំងកុមារ ព្រមលោក ឡឹក សុធារ លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។
លោក សាម អ៊ីន បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោក ដែលភ្ជាប់រូបថតមួយសន្លឹកជាមួយលោក យ៉ង សាំងកុមារនៅថ្ងៃចន្ទនេះ ដោយបញ្ជាក់ថា៖ «ខ្ញុំយល់អំពីការលំបាករបស់បង ហើយខ្ញុំនៅបន្តជឿលើទឹកចិត្តរបស់បងក្នុងការចង់ជួយដល់កសិករខ្មែរ។ សូមជូនពរឱ្យលោកបណ្ឌិត យ៉ង សាំងកុមារមានសុខភាពល្អ»។
ចំណែកលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃអាទិត្យបានថ្លែងសារនៅក្នុងវីដេអូមួយមានរយៈពេលជាង២នាទីដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយបានអំពាវនាវទៅកាន់អ្នកគាំទ្រ សមាជិក សមាជិកា គណបក្សប្រជាធិបតេយ្យមូលដ្ឋានឱ្យរក្សាភាពស្ងៀមស្ងាត់ និងចាំមើលការវិវត្តបន្តទៀត។
លោក ប៉ោ មករា ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តកណ្តាល ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការចាកចេញរបស់លោក យ៉ង សាំងកុមារបានប៉ះពាល់ដល់ទឹកចិត្តអ្នកគាំទ្រ និងរូបលោកផងដែរ តែទោះជាយ៉ាងណា លោកគោរពការសម្រេចចិត្តរបស់លោកកុមារ។
លោកថ្លែងថា៖ «ជារួមកាលៈទេសៈនេះ ទោះបីជាយ៉ាងណាដូចខ្ញុំបានលើកពីខាងដើម អ៊ីចឹងវាតែងតែប៉ះពាល់ហើយ។ ខ្លួនខ្ញុំផ្ទាល់តែងតែប៉ះពាល់ហើយ ដោយសារយើងធ្លាប់ធ្វើការជាមួយគ្នា ធ្លាប់រួមរស់ជាមួយគ្នា ក្នុងជីវភាពនយោបាយកន្លងមកអ៊ីចឹង»។
លោក ប៉ោ មករា ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានកំពុងព្យាយាមពន្យល់ដល់អ្នកគាំទ្រ និងសមាជិកឱ្យយល់ពីបញ្ហាដែលកំពុងកើតមាននេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា នៅពេលជិតដល់ពេលបោះឆ្នោត ការកៀរគរសំឡេងរបស់គណបក្សកាន់អំណាច ទាញពីគណបក្សតូចៗចាប់ផ្តើមកើតមានឡើង តែបញ្ហានេះនៅតែមិនអាចធ្វើឱ្យមានភាពល្អប្រសើរដល់ការបោះឆ្នោតនោះទេ។ លោកបន្ថែមថា ការដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យកសិកម្ម លុះត្រាតែអ្នកនយោបាយមានឆន្ទៈពិតប្រាកដទើបអាចដោះស្រាយបានល្អប្រសើរ។
លោកថ្លែងថា៖ «គាត់ [លោក យង់ សាំងកុមារ] មានបំណងដោះស្រាយថ្លៃអង្ករ ថ្លៃស្រូវក៏មិនអាចដោះស្រាយបានដែរ ពីព្រោះគណបក្សប្រជាជនមានអ្នកចេះច្រើនអីតើ តែគ្រាន់តែគោលនយោបាយ ឬឆន្ទៈពិតប្រាកដនៅក្នុងការដោះស្រាយ ថា មានបំណងពិតប្រាកដក្នុងការដោះស្រាយឬអត់»។
លោក យ៉ង សាំងកុមារ នៅថ្ងៃចន្ទនេះក៏បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយរូបថត ដែលថតជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា៖ «នៅព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងខ្ញុំបានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តីពិភាក្សាអស់រយៈពេលប្រមាណ២ម៉ោងក្នុងបរិយាកាសល្អអំពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យ និងវិធានការកែលម្អជាពិសេសផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត។ ជាទូទៅយើងមានទស្សនវិស័យដូចគ្នាទាក់ទងនឹងបញ្ហាប្រឈមនិងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។
គួរបញ្ជាក់ថាលោក យ៉ង សាំងកុមារបានបោះបង់ការងារអង្គការសេដាក ដែលធ្វើការលើវិស័យកសិកម្ម និងបានចាប់ផ្តើមប្រឡូកនយោបាយ ដោយចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាំងពីឆ្នាំ២០១៥មក៕