ឈ្មោះពីកំណើតរបស់គាត់គឺ Cassius Clay តែក្រោយមកលោកត្រូវបានគេស្គាល់ថាមានឈ្មោះ Muhammad Ali។ លោកគឺជាជើងឯកប្រដាល់ទម្ងន់ធ្ងន់បីជំនាន់។ ហើយ នាពេលបច្ចុប្បន្ន ជីវិតរបស់ជើងឯកប្រដាល់រូបនេះត្រូវបានលាតត្រដាង ក្នុងស្នាដៃសិល្បៈ និងរូបថត។
ភាពខ្លាំងក្លានៅលើសង្វៀន និងការសន្ដោសរបស់លោក Ali ត្រូវបានបង្ហាញឡើងព្រមគ្នានៅក្នុងពិព័រណ៍មួយនៅសារមន្ទីរ និងបណ្ណាល័យ New York Historical Society។ គំនូរវាសសខ្មៅ គំនូរពណ៌ និងផ្ទាំងរូបផ្សេងៗចំនួន២០ ដែលជាស្នាដៃរបស់លោក LeRoy Neiman ដែលមានលក្ខណៈស្រដៀងគ្នាដ៏គួរឲ្យកត់សម្គាល់ និងរូបថតចំនួន៤៤សន្លឹកផ្សេងទៀត ថតដោយលោក George Kalinsky បង្ហាញលក្ខណៈពិសេសពីខ្សែជីវិតរបស់លោក Ali ជាហូរហែ។
អ្វីដែលប្រហែលជាគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះ គឺមិត្តភាពដ៏ស្អិតរមួតដែលសិល្បករ និងអ្នកជំនាញថតរូបទាំងពីរនាក់នេះ មានជាមួយនឹងលោក Ali ដែលជាបុគ្គលដ៏ល្បីល្បាញរូបនេះ ដែលធ្លាប់តែនិយាយឥតសំចៃមាត់ និងជារឿយៗរងការរិះគន់អស់រយៈពេលជិត៥០ឆ្នាំមកនោះ ហើយនិងភាពជិតស្និទ្ធរវាងគ្នានៃសិល្បករ និងអ្នកជំនាញថតរូបទាំងពីរផងដែរ។
រឿងរ៉ាវនៅពីក្រោយពិព័រណ៍អំពីលោក Muhammad Ali
លោកស្រី Louise Mirrer ប្រធាននិងជានាយកប្រតិបត្តិរបស់សារមន្ទីរ the New York Historical Society បាននិយាយថា ពិព័រណ៍ទាំងពីរនោះ បានកើតឡើង «ដោយសារភ័ព្វសំណាងដ៏ល្អមួយ»។
សារមន្ទីរនេះកំពុងតែពិចារណាលើការប្រើប្រាស់រូបគំនូរវាសអំពីលោក Ali ដោយប្រើទឹក និងពណ៌ដែលជាស្នាដៃលោក Neiman ជាផ្នែកមួយនៃពិព័រណ៍ស្តីពីសង្គ្រាមវៀតណាម ដែលគ្រោងនឹងធ្វើឡើងសម្រាប់រដូវកាលស្លឹកឈើជ្រុះឆ្នាំ២០១៧។
ដោយឡែក លោក Ali បានបដិសេធការចូលបម្រើក្នុងជួរយោធា ហើយនឹងត្រូវបានផ្សារភ្ជាប់ជារៀងរហូតទៅនឹងសម័យសង្គ្រាមវៀតណាម។
មន្ត្រីផ្នែកកិច្ចការសង្គមនៃសារមន្ទីរ New York Historical Society បានទៅស្ទូឌីយោរបស់លោក Neiman ដើម្បីពិនិត្យមើលស្នាដៃសិល្បៈរបស់លោកអំពីលោក Ali និងបានសម្រេចមិនរង់ចាំរហូតដល់រដូវស្លឹកឈើជ្រុះនោះទេ។ ស្របគ្នានេះដែរ ពួកគេបានជួបជាមួយនឹងលោក George Kalinsky។ ពួកគេបានពិនិត្យមើលសំណុំរូបថតផ្សេងៗអំពីលោក Ali។ ដំបូង ពួកគេគិតថា យកថ្ងៃខួប៧៥ឆ្នាំរបស់លោក Ali ជាថ្ងៃតាំងពិព័រណ៌។ (លោក Ali បានកើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤២ ក្នុងក្រុង Louisville រដ្ឋ Kentucky)។
លោកស្រី Mirrer បាននិយាយថា៖ «យើងបានសម្រេចថា នឹងមិនផលិតនូវវណ្ណកម្មមួយ ដែលផ្ដោតតែលើឥទ្ធិពលនៃសម័យកាលសង្គ្រាមវៀតណាមទៅលើជីវិតរបស់លោក Ali នោះទេ ប៉ុន្តែយើងនឹងធ្វើការរំឭកពីលោក Ali ហើយអបអរសាទររូបលោកតាមរយៈការជំរុញទៅមុខជាមួយនឹងការតាំងពិព័រណ៍ឲ្យកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន»។
នៅក្នុងអគារលក្ខណៈជាប្រវត្តិសាស្ត្រ និងផ្លូវការមួយ ពិព័រណ៍ស្ដីពីលោក Ali ត្រូវបាន គេដាក់បង្ហាញនៅក្នុងបន្ទប់ចំនួនពីរ នៅជាន់ទីពីរ បន្ទាប់ពីជណ្ដើរដ៏ធំ និងដ៏ស្រស់ស្អាតមួយ។ ពិព័រណ៍នេះនឹងក្លាយជាផ្នែកមួយនៃការអបអរសាទរនៃការរំឭកប្រវត្តិពលរដ្ឋស្បែកខ្មៅ (Black History Month) ដែលធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧។
លោក Neiman និងលោក Ali
អ្វីដែលអ្នកនឹងឃើញគឺភាពប៉ិនប្រសប់របស់លោក Neiman រួមទាំងភាពស្រុះស្រួលក្នុងការចូលរួមចំណែករបស់លោក Ali ជាមួយស្នាដៃសិល្បៈនេះ។
អ្នកស្រី Lily Wong បទានុរក្សនៃការដាក់តាំងពិព័រណ៍ស្នាដៃរបស់លោក Neiman បាននិយាយថា៖ «ស្នាដៃសិល្បៈរបស់លោក Neiman អំពីលោក Ali បានឆ្លុះបញ្ចាំងពីភាពស្រគត់ស្រគុំនិងស៊ីជម្រៅ ការមើលឃើញពីជីវិតរបស់បុគ្គលម្នាក់ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ»។
អ្នកស្រី Wong បានបន្តថា៖ «ខ្ញុំយល់ថា រូបគំនូរវាសរបស់លោក Neiman ពិតជាបានផ្ដិតយកជីវិតជាក់ស្ដែងរបស់លោក Ali ដ៏រស់រវើក។ មួយភាគធំនៃជីវិតនោះ គឺនៅជុំវិញសង្វៀន ឬក្នុងសង្វៀនតែម្ដង ដូច្នេះ អ្នកអាចយល់យ៉ាងច្បាស់ពីថាមពលរបស់លោក Ali បាន»។
លោក Neiman បានដឹងពីដំណើរទៅកាន់តំណែងកំពូលក្នុងអាជីពប្រដាល់ ដល់ទីចុងបញ្ចប់របស់លោក Ali។ អ្នកស្រី Wong បាននិយាយថា៖ «លោក [Neiman] អាចគូរលើវត្ថុផ្សេងៗ។ គាត់តែងតែចង់ធ្វើអ្វីមួយឲ្យស៊ីជម្រៅ ដូច្នេះអ្នកនឹងឃើញពីឈុតឆាកផ្សេងៗ មុននិងក្រោយការប្រកួតប្រដាល់»។
លោក Neiman អាចគូរលើអ្វីទាំងអស់បាន ចាប់ពីបញ្ជីមុខម្ហូបក្នុងភោជនីយដ្ឋាន សៀវភៅគំនូរ ក្រដាសជូតមាត់ និងខិតប័ណ្ណប្រដាល់។ រចនាបថរបស់លោក គឺមិនធ្លាប់មានពីមុនឡើយ។ មួយចំនួនធំនៃស្នាដៃរបស់លោក Neiman គឺត្រូវបានលាយបញ្ចូលជាមួយនឹងប័ណ្ណផ្សព្វផ្សាយ ហើយត្រូវបានផ្ដិតទៅលើក្រដាស ឬក៏វត្ថុដែលលោកអាចរកបាន។
លោក Neiman និងលោក Ali មានលក្ខណៈស្រដៀងគ្នាមួយចំនួន៖ ពួកគេទាំងពីរចូលចិត្តប្រដាល់ ចូលចិត្តការចាប់អារម្មណ៍ពីសាធារណជន ហើយជារឿយៗពួកគេធ្វើខុសពីធម្មតា និងការរំពឹងទុកទូទៅផ្សេងៗ។ លោក Ali មានភាពក្រមិចក្រមើមនឹងក្បាច់ប្រដាល់ដ៏គួរឲ្យភ្ញាក់ផ្អើល រីឯលោក Neiman មានជំនាញខាងគំនូរកីឡានិងកម្សាន្ត។
អ្វីដែលមិនត្រូវបានគេដឹងយ៉ាងទូលំទូលាយនោះគឺថា សំណើរបស់លោក Ali ក្នុងការរៀនគូរគំនូរវាសពីលោក Neiman។ គំនូរវាសរបស់លោក Ali ទាំងអស់គឺកម្រិតបឋម ក៏ប៉ុន្តែ លោកស្រី Lily Wong ថា លោក Ali ចូលចិត្តគូររូប ហើយថែមទាំងបានគូរ និងប្រើប្រាស់សៀវភៅគំនូរពណ៌ ដោយខ្លះទៀតជាសៀវភៅគំនូរដែលមានសាច់រឿងយោធាផងដែរ។
ការព្យួរនិងការអនុញ្ញាតឲ្យលោក Ali ចូលប្រកួតវិញ
ដោយសារតែជំនឿសាសនា និងការប្រឆាំងនឹងសង្គ្រាមវៀតណាម លោក Ali ត្រូវបានគេដកហូតងារជាអ្នកប្រដាល់នៅឆ្នាំ១៩៦៧។ រូបថតមួយសន្លឹកក្នុងចំណោមរូបថតជាច្រើនរបស់អ្នកថតរូបដ៏មានប្រជាប្រិយមួយរូបគឺលោក George Kalinsky ដែលបញ្ជាក់ពីទឹកមុខរបស់លោក Ali បានបង្ហាញពីអារម្មណ៍របស់លោក Ali ក្នុងអំឡុងពេលដ៏ចម្រូងចម្រាសមួយនេះ។ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានច្រានចោលការដាក់ទោសទណ្ឌលើលោកAli នៅឆ្នាំ១៩៧១ គឺជិតបួនឆ្នាំចាប់តាំងពីការប្រកួតប្រដាល់ចុងក្រោយរបស់លោក។
មិនសូវមានគេដឹងទេថា ក្រោយការព្យួរការប្រដាល់របស់លោក Ali ត្រូវបានបញ្ចប់ លោកត្រូវការអាជ្ញាប័ណ្ណ ដើម្បីចូលប្រដាល់វិញ។ លោក Ali មិនមានប្រាក់ច្រើនឡើយ។ លោក Kalinsky បានឲ្យដឹងថា លោកមានវត្តមាននៅទីនោះ នៅពេលដែល«កីឡាករ Joe Frazier ប្រកួតជាមួយនឹងលោក Ali ហើយជួយបង់ថ្លៃអាជ្ញាប័ណ្ណឲ្យ»។ កីឡាករ Ali និងកីឡាករ Frazier បានប្រកួតជាមួយគ្នាបីលើក។ លោកAli បានឈ្នះការប្រកួតពីរលើកចុងក្រោយ ហើយបានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់វិញ។
មិត្តឬសត្រូវ?
មានសំណួរចោទសួរអំពីកីឡាករទាំងពីរនេះថា៖ «តើពួកគេពិតជាស្អប់គ្នាឬ?»។ចម្លើយចេញពីអ្នកជំនាញថតរូបលោក George Kalinsky ដែលស្គាល់កីឡាករទាំងពីរនោះគឺថា៖ «ទេ!»។ លោក Kalinsky បានចំណាយពេលរាប់ពាន់ម៉ោងជាមួយលោក Ali ដែលជាមិត្តជាង៥០ឆ្នាំ។ មុនពេលការប្រកួតជាលើកដំបូងរវាងលោក Ali និងលោក Fazier នាឆ្នាំ១៩៧១ លោក Kalinsky បានទៅក្លឹបកីឡារបស់ Joe Frazier ក្នុងរដ្ឋ Philadelphia ជាមួយនឹងលោក Ali។
លោក Kalinsky និយាយថា៖ «មានកិច្ចការជាច្រើនដែលខ្ញុំចង់សម្រេចបាន៖ រឿងមួយក្នុងចំណោមនោះ គឺឲ្យកីឡាករទាំងពីរតតាំងគ្នា។ ហើយនោះក៏ជាលើកដំបូង ដែលមានអ្នកនាំឲ្យកីឡាករទាំងពីរតទល់គ្នា»។
ក្បាច់ប្រដាល់ «Rope-a-dope»
មានក្បាច់ប្រដាល់លើកដំបូងមួយ ដែលមានឈ្មោះថា«Rope-a-dope»។ ការប្រកួតរវាងលោក Ali និងលោក George Foreman កាលពីឆ្នាំ១៩៧៤ បានក្លាយជាការប្រកួតមួយដ៏ល្បីរន្ទឺ ដោយសារតែយុទ្ធសាស្ត្ររបស់លោក Ali។ នេះជាការនិទានរឿងរ៉ាវមួយរបស់អ្នកថតរូប Kalinsky ដែលឱ្យយោបល់ពីការប្រើយុទ្ធសាស្ត្រការពារមួយនេះ ដើម្បីបន្សោយកម្លាំងរបស់កីឡាករ George Foreman ដែលគេរំពឹងយ៉ាងមុតមាំថា នឹងឈ្នះគ្រានោះ។
ប៉ុន្មានសប្ដាហ៍មុនការប្រកួតនោះ លោក Ali បានជួបជាមួយនឹងលោក Kalinsky នៅMadison Square Gardenនៅពេលដែលគ្មានមនុស្ស។ តាមការឲ្យដឹងរបស់លោក Kalinsky នាពេលនោះ លោក Ali បានប្រាប់លោក Kalinsky ថា៖ «ក្នុងរយៈពេលមួយខែខាងមុខ ខ្ញុំនឹងប្រកួតជាមួយនឹងកីឡាករ George Foreman។ គាត់វាយលឿនណាស់ គាត់មានមាឌធំណាស់ គាត់រហ័សណាស់ ហើយខ្លាំងណាស់ ហើយក្មេងទៀត»។
យោងតាមលោក Kalinsky លោក Ali ក៏បាននិយាយផងដែរថា៖ «ខ្ញុំមិនអាចបំបាក់លោក George Foremanបានទេ។ ខ្ញុំខ្លាចថា ខ្ញុំមិនអាចបំបាក់គាត់បានទេ»។ នៅគ្រានោះ លោក Ali មានវ័យ៣៣ឆ្នាំ។
លោក Kalinsky ក៏បានតបទៅលោក Ali វិញថា៖ «ធ្វើអ្វីដែលឯងធ្លាប់ធ្វើនៅកន្លែងហ្វឹកហាត់ជាមួយនឹងដៃគូសមដាល់ទៅ។ ឯងទម្រេតខ្លួនលើខ្សែសង្វៀន ហើយឲ្យគេវ៉ៃហើយវ៉ៃទៀតទៅ។ ឯងកុំបាច់វាយបកវិញ។ ហើយឥឡូវខ្ញុំទើបដឹងថាឯងកំពុងតែហ្វឹកហាត់សម្រាប់ការប្រកួតជាមួយ Foreman»។
កិច្ចសន្ទនានោះបន្តទៅទៀតដោយលោក Kalinsky ប្រាប់ទៅលោក Ali ថា ត្រូវឲ្យ Foreman «វាយ ហើយវាយទៀតរហូតដល់ [Foreman] អស់កម្លាំង ហើយឯងនឹងវាយតបទៅ Foreman វិញឲ្យសន្លប់តែម្ដង។ វាជាក្បាច់ទម្រេតពឹងលើខ្សែសង្វៀន»។ នេះបើយោងតាមលោក Kalinsky។ លោក Ali បានឆ្លើយតបទៅវិញថា «ឯងចង់ឲ្យខ្ញុំប្រើក្បាច់ rope-a-dope»។
នៅរាត្រីប្រកួតមកដល់ កីឡាករ Foreman វាយទៅលើកីឡាករ Ali ម្ដងហើយម្ដងទៀត រហូតដល់អស់កម្លាំងខ្លួនឯង។ ដល់ទឹកទីប្រាំបី Foreman មិនអាចទ្រាំនឹងការវាយបកមកវិញ រហូតដល់សំឡេងជួងបញ្ចប់ទឹកឡើយ។
នៅក្រៅសង្វៀន
ដោយសារតែចំណងមិត្តភាពជិតដិតនឹងលោក Ali ទាំងលោក Neiman និងលោក Kalinsky បានស្គាល់ និងអាចផ្ដិតយកទិដ្ឋភាពនានានៃឆាកជីវិតផ្ទាល់ខ្លួនជាច្រើនដែលលោក Ali បានជួបប្រទះជាប្រចាំ។ ក្នុងឆាកជីវិតរបស់លោក លោក Ali បានចាប់ពរ ឬលេងជាមួយក្មេងជាច្រើននាក់។
នៅក្នុងពិព័រណ៍នោះសោត មានរូបថតដោយលោក Kalinsky មួយឈ្មោះថា «Ali និងកូនក្មេង»។ នៅក្នុងរូបថតនោះ គេឃើញលោក Ali ស្ថិតនៅលើសង្វៀន ហើយមានក្មេងម្នាក់ឈរពីលើគាត់ជាមួយនឹងដៃទាំងពីរបោះឡើងទៅលើ បង្ហាញពីជ័យជម្នះ។លោក Kalinsky និយាយថា៖ «ខ្ញុំស្រឡាញ់រូបថតហ្នឹងណាស់។ វាជាអ្វីដែលលោក Aliចូលចិត្តធ្វើ។ គាត់ចូលចិត្តធ្វើឲ្យក្មេងៗសប្បាយរីករាយ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា