ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​ទួរគី​កោះ​ប្រជុំ​សំខាន់​បន្ទាប់​ពី​ការ​លាលែង​តំណែង​របស់​មន្រ្តី​យោធា​ជា​ច្រើន​នាក់​


កិច្ចប្រជុំប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីទួរគី លោក ​Erdogan នៅ​កណ្តាល​ និង​ក្រុម ប្រឹក្សាយោធា​ជាន់ខ្ពស់​របស់​ប្រទេស​នេះ​ នៅ​​ទីក្រុង​អង់ការ៉ា ប្រទេសទួរគីនៅថ្ងៃទី១ ខែ​សីហា ឆ្នាំ​២០១១។​
កិច្ចប្រជុំប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីទួរគី លោក ​Erdogan នៅ​កណ្តាល​ និង​ក្រុម ប្រឹក្សាយោធា​ជាន់ខ្ពស់​របស់​ប្រទេស​នេះ​ នៅ​​ទីក្រុង​អង់ការ៉ា ប្រទេសទួរគីនៅថ្ងៃទី១ ខែ​សីហា ឆ្នាំ​២០១១។​

រដ្ឋាភិបាល​ទួរគី​និង​មេដឹកនាំ​យោធា​កំពុង​ជួប​ជុំ​គ្នា​ជា​ច្រើន​ថ្ងៃ​ដើម្បី​ការ​ពិភាក្សា​ដែល​ផ្តោត​ទៅ​លើ​ការ​តម្លើង​ឋានន្តរសក្តិ​ដល់​មន្រ្តី​យោធា​ជាន់​ខ្ពស់។​ ក៏​ប៉ុន្តែ​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​នេះ​នៃ​ក្រុម​ប្រឹក្សា​យោធា​ជាន់​ខ្ពស់​របស់​ប្រទេស​នេះ​គឺ​មាន​ការ​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​ ពីព្រោះ​ឥឡូវ​នេះ​រដ្ឋាភិបាល​ជា​អ្នក​មាន​អំណាច។​ ការ​លា​លែង​ពី​តំណែង​នៃ​មន្រ្តី​យោធា​ជាន់​ខ្ពស់​ចំនួន​បួន​រូប​កាល​ពី​ថ្ងៃ​សុក្រ​ត្រូវ​បាន​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​ការ​បញ្ចប់​ការ​ជ្រៀតជ្រែក​ពី​មេបញ្ជាការ​កង​ទ័ព​របស់​ប្រទេស​នេះ​ក្នុង​រឿង​នយោបាយ​ អស់​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។​ ក៏​ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​នៅ​តែ​មាន​លើ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្រ្តី​នឹង​ធ្វើ​ជា​មួយ​នឹង​អំណាច​ដែល​លោក​ទើប​និង​មាន​ថ្មី​ៗ​នេះ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៦០​មក​ ក្រុម​មន្រ្តី​យោធា​ទួរគី​បាន​បង្ខំ​រដ្ឋាភិបាល​ចំនួន​បួន​ឲ្យ​ចុះ​ចេញ​ពី​អំណាច។​ គ្រប់​នាយក​រដ្ឋមន្រ្តី​ដែល​បាន​ជាប់​ឆ្នោត​ ត្រូវ​តែ​ធ្វើការ​ក្រោម​អំណាច​របស់​មេបញ្ជាការ​យោធា​របស់​ប្រទេស​នេះ​ -- ដែល​គ្មាន​នាយក​រដ្ឋ​មន្ត្រី​ណា​ទៀត​ទេ​ដែល​ត្រូវ​ស្រាប់​បញ្ជា​របស់​យោធា​លើស​ពី​លោក​នាយក​រដ្ឋម្រ្តី​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​លោក​ Recep ​Tayyip ​Erdogan។​ គណបក្ស​ដែល​មាន​ឬស​គល់​ឥស្លាម​ត្រូវ​បាន​សង្ស័យ​យ៉ាង​ខ្លាំង​ពី​កុ្រម​យោធា​ដែល​មិន​ទាក់ទង​នឹង​សាសនា។​ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​មេបញ្ជាការ​កង​ទ័ព​ទាំងមូល​របស់​ប្រទេស​បាន​ចុះ​ចេញ​ពី​តំណែង​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ចាប់​នាយ​ទាហាន​ជាន់​ខ្ពស់​ដែល​មាន​ឋានៈ​ដូច​ពួក​គេ​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ ក្នុង​ការ​ចោទ​ពី​បទ​រួម​គំនិត​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ លោក​ Yasmin​ Congar ​ជា​បណ្ណាការ​រង​របស់​កាសែត​ Taraf​ របស់​ទួរគី​និយាយ​ថា​ ទង្វើ​នេះ​បាន​បង្ហាញ​ពី​ការ​ឈប់​ជ្រៀត​ជ្រែក​របស់​យោធា​ក្នុង​នយោបាយ​របស់​ប្រទេស​នេះ។

«នេះ​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ផ្លូវ​ដ៏​វែង​ឆ្ងាយ​របស់​ប្រទេស​ទួរគី​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នៅ​ប្រទេស​ទួរគី​ពួក​យោធា​តែង​តែ​មាន​អំណាច​ខ្លាំង​ជាង​អំណាច​នៃ​មន្រ្តី​ដែល​ជាប់​បោះឆ្នោត​ស្រប​ច្បាប់​ជា​និច្ច។​ ឥឡូវ​យើង​ឃើញ​ថា​ អ្វី​ដែល​រដ្ឋាភិបាល​ស៊ីវិល​ចង់​អនុវត្ត​នៅ​ប្រទេស​ទួរគី​គឺ​អាច​ត្រូវ​គេ​ត្រួត​ពិនិត្យ​បាន​តែ​នៅ​ក្នុង​ប្រអប់​ឆ្នោត​ប៉ុណ្ណោះ​ មិន​មែន​ដោយពួក​មេ​បញ្ជាការ​ទៀត​ទេ»។

កាសែត​ តារ៉ាហ្វ​ ( Taraf)​ បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​បង្ហាញ​ពី​ការ​ចោទ​ប្រកាន់​ពួក​យោធា​ពី​បទ​រួម​គំនិត​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ ក្រុម​មេ​បញ្ជាការ​អះអាង​ថា​ ការ​ស៊ើប​អង្កេត​នោះ​គឺ​ជា​ការ​ថ្កោល​ទោស​ដោយ​អាប​ធ្មប់​ប្រឆាំង​នឹង​ពួក​គេ​ដោយ​ផ្អែក​លើ​ភស្តុតាង​មិន​គួរ​ឲ្យ​ជឿ​ជាក់​បាន​និង​មិន​ច្បាស់លាស់។​ ការ​ដាក់​ក្រុម​យោធា​ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជន​ស៊ីវិល​គឺ​ជា​ការ​ទាមទារ​ចម្បង​មួយ​របស់​សហគមន៍​អ៊ឺរ៉ុប​ដែល​ទួរគី​កំពុង​តែ​ចង់​ចូលរួម។​ ក៏​ប៉ុន្តែ​នៅ​លើ​ផ្លូវ​ជា​ច្រើន​នៅ​អ៊ីស្តង់ប៊ូល​(Istanbul)​ នៅ​មាន​អារម្មណ៍​ច្របូក​ច្របល់​អំពី​ បញ្ហា​ថា​តើ​ការ​ចុះ​ចេញ​ពី​តំណែង​របស់​ក្រុម​យោធា​គឺ​ជា​ដំណើរ​បោះ​ជំហាន​ទៅ​មុខ​មួយ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឬ​យ៉ាង​ណា។

«ខ្ញុំ​មាន​គំនិត​វិជ្ជមាន​អំពី​បញ្ហា​នេះ។​ នាយ​ទាហាន​ជា​ច្រើន​កំពុង​ធ្វើការ​ក្រោម​បង្គាប់​របស់​នាយក​រដ្ឋមន្រ្តី​ ប្រសិន​បើ​ពួក​គេ​មិន​យល់​ស្រប​ពី​រឿង​រ៉ាវ​អ្វី​មួយ​ ដូច​ជា​មនុស្ស​សាមញ្ញ​ដូច​ជា​ពួក​យើង​ដែរ​ ប្រសិន​បើ​យើង​មិន​យល់​ស្រប​នឹង​គោលការណ៍​នានា​ក្នុង​ស្ថាប័ន​មួយ​ទេ​ យើង​គ្រាន់​តែ​សុំ​ឈប់​ទៅ។​ នេះ​ហើយ​ជា​អ្វី​ដែល​កើត​មាន​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ និង​ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ពី​រឿង​ដូច​ធម្មតា​បែប​នេះ»។

ក៏​ប៉ុន្តែ​បុរស​ម្នាក់​នេះ​មិន​ទាន់​មាន​ជំនឿ​ដូច​គ្នា​នេះ​ទេ។

«វា​ហាក់​ដូច​ជា​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​ប្រកួត​ប្រជែង​ពីរ​ក្រុម។​ វា​ដូច​ជា​ការ​បង្ហាញ​ថា​ 'ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នេះ​បាន​ យើង​ក៏​អាច​ធ្វើ​បាន​ដែរ​ អ្នក​គិត​ថា​ យើង​មិន​អាច​ធ្វើ​បាន'​ ក៏​ប៉ុន្តែ​យើង​អាច​ធ្វើ​បាន'​ នេះ​ជា​ស្ថានការណ៍​ដែល​កំពុង​មាន។​ ដូច្នេះ​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ នៅ​ដូច​ពី​មុន​តែ​ដដែល»។

ការ​មន្ទិល​សង្ស័យ​បែប​នេះ​អាច​ពន្យល់​បាន​ មួយ​ផ្នែក​ដោយ​អ្វី​ដែល​អ្នក​សង្កេត​ការណ៍​ខ្លះ​និយាយ​ថា​ ជា​ឥរិយាបថ​ផ្តាច់​ការ​កាន់​តែ​ខ្លាំង​ឡើង​របស់​នាយក​រដ្ឋមន្ត្រី។​ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ការ​ឈ្នះ​ឆ្នោត​ម្តង​ទៀត​ ហើយ​ចុង​ក្រោយ​បំផុត​គឺ​កាល​ពី​ខែ​មុន​ ដែល​លោក​នាយក​រដ្ឋមន្រ្តី​បាន​ទទួល​សន្លឹក​ឆ្នោត​៥០​ភាគរយ​នោះ​ ក្រុម​អ្នក​រិះគន់​ជា​ច្រើន​និយាយ​ថា​ លោក​បាន​ប្រើ​អំណាច​របស់​លោក​ដើម្បី​បំភិត​បំភ័យ​អ្នក​សារព័ត៌មាន​និង​យក​ប្រព័ន្ធ​តុលាការ​ដាក់​ក្រោម​ការ​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹង​របស់​រដ្ឋាភិបាល។​ ខណៈ​ដែល​លោក​បាន​ទទួល​ស្វាគមន៍​ដល់​ការ​ផ្លាស់ប្តូរ​ដោយ​ដាក់​ពួក​យោធា​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ស៊ីវីល​វិញ​នោះ​ លោក​ Cengiz ​Aktar​ ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Bahcesehir​ University​ នា​ទីក្រុង​អ៊ីស្តង់ប៊ូល​ មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​អំណាច​ដែល​មិន​អាច​ត្រួត​ពិនិត្យ​បាន​របស់​នាយក​រដ្ឋមន្រ្តី។

«ការ​មាន​ទំនុក​ចិត្ត​ហួស​ហេតុ​ពេក​ ការ​មាន​អារម្មណ៍​ថា​លោក​មាន​អំណាច​ខ្លាំង​ ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ Erdogan​ មាន​សិទ្ធិ​លើ​អ្វីៗ​ទាំង​អស់​ និង​លើ​អ្នក​ទាំង​អស់​គ្នា​ ហើយ​ដើរ​តាម​ផ្លូវ​នយោបាយ​ប្រើ​អំណាច។​ ការ​ដើរ​តាម​ទិស​ដៅ​នេះ​ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ នឹង​មិន​ជួយ​នាំ​ឲ្យ​មាន​ចម្លើយ​សម្រាប់​រយៈពេល​វែង​បាន​ទេ»។

អ្នក​រិះគន់​នឹង​ចង្អុល​បង្ហាញ​ទៅ​លើ​ការ​បង្រ្កាប​ដែល​កំពុង​ធ្វើ​បន្ត​មក​លើ​ក្រុម​និស្សិត​ប្រឆាំង​ ការ​ចាប់​ឃុំឃាំង​សមាជិក​រាប់​ពាន់​នាក់​នៃ​ចលនា​គាំទ្រ​ជន​ជាតិ​ ឃឺដ​ (Kurdish)​ និង​ចាប់​អ្នក​កាសែត​ជាង​៥០​នាក់​ដាក់​គុក​ ដើម្បី​បង្ហាញ​ជា​ឧទាហរណ៍​នៃ​នយោបាយ​ប្រើ​អំណាច​បែប​នេះ។​ ការ​ព្រួយ​បារម្ភ​បែប​នេះ​ កំពុង​ត្រូវ​បាន​លើក​ឡើង​ ពី​សំណាក់​សម្ព័ន្ធ​មិត្ត​របស់​ទួរគី​ ទាំង​នៅ​អ៊ឺរ៉ុប​ ទាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

ប្រែ​សម្រួល​ដោយ​ ហ៊ុយ សម្ផស្ស

XS
SM
MD
LG