ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​​តួកគី​ថាក្រុម​រដ្ឋ​ឥស្លាម​គឺ​ជា​ជន​ជាប់​សង្ស័យ​ចម្បង​​​ក្នុង​ការ​បំផ្ទុះនៅ​ទី​​ក្រុង​ Ankara


A relative cries over the coffin of Uygar Coskun, 32, killed in Saturday's bombing attacks, during his funeral, in Ankara, Turkey, Oct. 12, 2015.
A relative cries over the coffin of Uygar Coskun, 32, killed in Saturday's bombing attacks, during his funeral, in Ankara, Turkey, Oct. 12, 2015.

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​តួកគី​ Ahmet Davutoglu ​បាន​និយាយ​ថា​ ក្រុម​រដ្ឋ​ឥស្លាម​គឺ​ជា​ជន​ជាប់​សង្ស័យ​ចម្បង​ នៅ​ពេល​ដែល​ពួក​អ្នក​ស៊ើប​អង្កេតកំពុង​ធ្វើការ​ ដើម្បី​កំណត់​ថា​តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ពីរ​នៅ​ក្នុង​ក្រុង​ Ankara ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៩៧​នាក់​ស្លាប់។

លោក​ Davutoglu បាន​និយាយ​ថា​អាជ្ញាធរ​ជិត​ដឹង​អត្តសញ្ញាណ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​បំផ្ទុះ​គ្រាប់​បែក​ទាំង​នេះ​ហើយ​ ហើយ​ថា​ភ័ស្តុតាង​បាន​ចង្អុល​ទៅ​កាន់​ «ក្រុម​ជាក់​លាក់​មួយ»។

លោក​បាន​ថ្លែងថា​ «ភ័ស្តុតាង​នេះ​កំណត់​ថា​ តើ​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ទាំង​នេះ​អាច​ចូល​ក្នុង​កន្លែង​កើត​ហេតុ​ដោយ​បែបណា។»

សារព័ត៌មាន​តួកគី​ជា​ច្រើន​បាន​រាយការណ៍​ថា​ អាជ្ញាធរ​បាន​ទទួល​សំណាក​ DNA ពី​គ្រួសារ​នៃ​មនុស្ស​យ៉ាង​ហោច​ណាស់​១៦​នាក់​ ដែល​គេ​ជឿ​ជាក់​ថា​ជា​ក្រុម​អ្នក​បះបោរ​រដ្ឋ​ឥស្លាម​ ដើម្បី​ប្រៀបធៀប​ជាមួយ​ DNA ​នៃ​ក្រុម​ជន​ជាប់​សង្ស័យ​ថា​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​ទាំង​នេះ។

គ្មាន​នរណា​អះ​អាង​ទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់​បែក​ ដែល​បាន​យក​ការ​ដើរ​ក្បួន​សន្តិភាព​មួយ​ជា​គោលដៅនៃ​ការ​វាយ​ប្រហារ។​ ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​នេះ​ ក៏​បាន​បណ្តាល​ឱ្យ​មនុស្ស​១៦០​នាក់​ទៀត​ត្រូវ​របួស​ដែរ​ ដែល​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​តួកគី។​

លោក Davutoglu បាន​និយាយ​ថា​ ការបំផ្ទុះ​គ្រាប់​បែក​ទាំង​នេះ​មាន​គោលដៅ​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​សភា ​ដែល​មាន​កំណត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ក៏​ប៉ុន្តែ​ការបោះឆ្នោត​នេះ​នឹង​មាន​ធ្វើ​តាម​ការកំណត់៕​

XS
SM
MD
LG