ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីផ្សារ​របស់​ប្រទេស​តួកគី​កំពុង​ព្រួយបារម្ភ​អំពី​ទិសដៅ​ថ្មី​របស់​រដ្ឋាភិបាល

  • Dorian Jones

អ្នក​ជំនួញ​រង់ចាំ​ការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​ពេល​ព្រឹក​នៅ​ទីផ្សារ​ភាគហ៊ុន Istanbul នៅ​ក្នុង​ក្រុង Istanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៩។

ជ័យជម្នះ​របស់​គណបក្ស​ AKP របស់​តួកគី​បាន​នាំឲ្យ​មាន​ការ​ឆ្លើយតប​វិជ្ជមាន​មួយ​ពី​ទីផ្សារ​ហិរញ្ញវត្ថុ។​ ប៉ុន្តែ​ ក្រុម​អ្នកវិភាគ​ថា​ នៅ​លើ​ទីផ្សារ ​មាន​ការព្រួយបារម្ភ​អំពី​​ប្រើប្រាស់​អំណាច​នយោបាយ​ថ្មី​នេះ។

ជ័យជម្នះ​របស់​គណបក្ស​យុត្តិធម៌​ និង​អភិវឌ្ឍន៍​ (AK) របស់​តួកគី​ នៅ​ក្នុង​ការ​បោះឆ្នោត​ថ្មីៗ​នេះ​ បាន​នាំឲ្យ​មាន​ការ​ឆ្លើយតប​វិជ្ជមាន​មួយ​ពី​ទីផ្សារ​ហិរញ្ញវត្ថុ។​ ប៉ុន្តែ​ ក្រុម​អ្នកវិភាគ​ បាន​តាស់តឿន​ឲ្យ​ដឹង​ថា​ នៅ​លើ​ទីផ្សារ ​មាន​ការព្រួយបារម្ភ​អំពី​ថា​តើ​គណបក្ស​នេះ​នឹង​ប្រើប្រាស់​អំណាច​នយោបាយ​ថ្មី​របស់​ខ្លួន​យ៉ាងណា​នោះ​ទេ។​

ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​មិន​គួរ​ឲ្យ​នឹកស្មានដល់​មួយ​ពី​ការ​ឈ្នះឆ្នោត​របស់​គណបក្ស​យុត្តិធម៌​ និង​អភិវឌ្ឍន៍ (AK) ត្រូវ​បាន​មើល​ឃើញ​ថា​ មិន​ត្រឹមតែ​អ្នកគាំទ្រ​ប៉ុណ្ណោះ​ទេ​ដែល​ធ្វើ​ពិធី​អបអរសាទរ​នោះ​ ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​ក៏​មាន​ភាព​រស់រវើក​ផង​ដែរ។​

ទីផ្សារ​ប្រាក់​លីរ៉ា (lira) និង​ផ្សារ​ហ៊ុន​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នៃ​ការ​ខាតបង់​ដោយ​ភាព​មិន​ប្រាកដប្រជា​នៃ​នយោបាយ​ ក្រោយពី​ការ​បោះឆ្នោត​កាលពី​ខែ​មិថុនា​ និង​ការ​រំពឹងទុក​ថា ​ប្រទេស​តួកគី​នឹង​ឈាន​ទៅ​រក​សម្ព័ន្ធ​រដ្ឋាភិបាល​មួយ។​ លោក Inan Demir ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​ធនាគារ​ Finansbank ប្រចាំ​នៅ​ Istanbul និយាយ​ថា​ការ​កើនឡើង​ដ៏ខ្លាំង​នៃ​ទីផ្សារ​នេះ​ អាច​នឹង​មាន​រយៈ​ពេល​ខ្លី​ ដោយសារ​តែ​មាន​ចម្ងល់​អំពី​ទិសដៅ​របស់​គណបក្ស​យុត្តិធម៌​ និង​អភិវឌ្ឍន៍ (AK)។

«ចម្ងល់​ទាំង​នោះ​ ទាក់ទង​ជា​សំខាន់អំពី​ថា​តើ​គណបក្ស​យុត្តិធម៌​ និង​អភិវឌ្ឍន៍ (AK) អនុវត្ត​បែបណា​ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងក្លា​ពី​បោះឆ្នោត​នោះ និង​ថាតើ​ពួកគេ​នឹង​ប្រើ​អំណាច​ដែល​នៅ​ក្នុង​ដៃ​របស់​ពួកគេ​ពេលនេះ​ ទៅ​មុខ​ទៀត​យ៉ាងណា​ខ្លះ»។​

អ្នក​សង្កេតការណ៍​និយាយ​ថា ​ទីផ្សារ​កំពុង​តែ​ជ្រួលច្រាល​ដោយ​ការ​ព្រួយ​បារម្ភ​មិន​ដឹង​ថា​តើ​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan និង​ក្រុម​អ្នក​ប្រឹក្សា​របស់​លោក​ នឹង​បង្កើន​អំណាច​គ្រប់គ្រង​ខ្លាំង​ថែមទៀត​ ទៅលើ​គោលនយោបាយ​សេដ្ឋកិច្ច​ដែរ​ឬ​ទេ។​

លោក​ប្រធានាធិបតី​ បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ប្រធាន​ធនាគារ​កណ្តាល​ លោក​ Erdem Basci យ៉ាងខ្លាំង​ ដែល​បាន​លើកឡើង​អំពី​ភាព​ឯករាជ្យ​របស់​ធនាគារ​នេះ​ ខណៈពេល​ដែល​ក្រុម​អ្នក​ប្រឹក្សា​របស់​លោក​កាន់​តែ​ជំទាស់​នឹង​គោល​នយោបាយ​សម្រប​ទីផ្សារ​ ដែល​គាំទ្រ​ដោយ​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ Ali Babacan។

សេដ្ឋកិច្ចវិទូ​ Demir និយាយ​ថា​ ទីផ្សារ​ទាំង​នោះ​ កំពុងតែ​ឃ្លាំ​មើល​យ៉ាង​ជិតដិត​ ដើម្បី​ឲ្យ​ឃើញ​ពី​អ្វី​នឹង​កើត​ឡើង​ចំពោះ​លោក​ Babacan។

«ប្រសិនបើលោក​ Ali Babacan មិន​ចូលរួម​ជាមួយ​ក្រុម​ប្រឹក្សា​គណៈរដ្ឋមន្រ្តី​ នោះ​ទីផ្សារ​នឹង​មាន​ការ​បារម្ភ​ខ្លាំង។​ ហើយ​នៅ​ខែ​មេសា​ ឆ្នាំ​២០១៦​ នៅពេល​ដែល​អាណត្តិ​បច្ចុប្បន្ន​របស់​ទេសាភិបាល​ធនាគារ​កណ្តាល​ត្រូវ​ផុត​កំណត់​ នោះ​ការ​តែងតាំង​ក៏​អាច​ឲ្យ​ជា​សញ្ញាណ​សំខាន់​មួយ​ចំនួន​ដែរ។​ ប្រសិនបើ​ការ​រំពឹងទុក​ទាំងនោះ​មិន​បាន​កើត​ឡើង​ នោះ​យើង​គួរ​តែ​រំពឹង​នូវ​ប្រតិកម្ម​អវិជ្ជមាន​កាន់តែ​ច្រើន​ដែល​នឹង​កើត​ចេញ​មក​ពី​ទីផ្សារ​នោះ។​ ប្រាក់​លីរ៉ា​របស់​តួកគី​កំពុង​ធ្លាក់​ថ្លៃ​ ហើយ​វា​គឺជា​ការ​ប្រតិបត្តិ​ដ៏​អាក្រក់​មួយ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ ដែល​កំពុង​តែ​ងើប​ឡើង»។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បែប​នេះ​ អាច​បន្ថែម​សម្ពាធ​ទៅ​លើ​ប្រាក់​លីរ៉ា​បន្ថែម​ទៀត។​ ប្រសិនបើ​ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក​នឹង​ដំឡើងអត្រា​ការ​ប្រាក់នៅ​ខែ​ក្រោយនេះ​ ជាមួយ​នឹង​ការ​បន្ថែម​សម្ពាធ​ទៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​ទៀត​នោះ​ អ្នក​វិភាគ​បាន​ព្រមាន​ថា ​អ្នក​ដឹកនាំ​នយោបាយ​របស់​ប្រទេស​តួកគី​នឹង​ត្រូវ​បោះ​ជំហាន​ដោយប្រុង​ប្រយ័ត្ន»៕

ប្រែសម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG