រដ្ឋាភិបាលកម្ពុជាបានប្រកាសពន្យាពេលបើកផ្សារមូលប័ត្រសារជាថ្មីម្តងទៀត ដោយសារតែកម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់។ ការបើកផ្សារមូលប័ត្រឬផ្សារទុន ដែលជាទង្វើជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា នឹងត្រូវពន្យាពេលរហូតទៅដល់ឆ្នាំ ២០១១។ លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុនិងជាប្រធានគណៈកម្មាការមូលប័ត្រកម្ពុជា បានអះអាងប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះកាលពីថ្ងៃអាទិត្យ ក្នុងឱកាសនៃការត្រៀមបើកសន្និសីទអន្តរជាតិស្តីពីដំណើរឆ្ពោះទៅមុខនៃសេដ្ឋកិច្ចអាស៊ី ដែលធ្វើឡើងនៅទីក្រុង ដែជុន នៃប្រទេសកូរ៉េខាងត្បូង។ លោក គាត ឈន់ បញ្ជាក់ថា ការពន្យានេះគឺដោយសារតែកម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់ និងដោយសារក្តីកង្វល់ពីឥទ្ធិពលនៃវិបត្តិហរិញ្ញវត្ថុនៅប្រទេសហ្រិ្គច ដែលអាចរីករាលដាលនៅទូទំាងទ្វីបអឺរ៉ុប។
"កត្តាក្រៅជាកត្តាធំដែរ។ Greece មានបញ្ហាកំពុងតែច្របូកច្របល់ ទាល់តែយើងប្រយ័ត្នប្រយែងមើលថែមទៀតថា យើងនៅប្រហោងកន្លែងណាទៀតក្នុងការរៀបចំបទបញ្ញតិ្តផ្សេងៗ ដើម្បីកុំឲ្យកើតជាបញ្ហា។ កត្តាក្នុងប្រទេសចោទជាពីរយ៉ាង អភិបាលកិច្ច ទំាងតួអង្គជាបញ្ញាតិ្តករ ទំាងតួអង្គដែលនឹងចូលមកទីផ្សារ គឺក្រុមហ៊ុន"។
នេះគឺជាការប្រកាសលើកពេលបង្កើតផ្សារទុន ជាលើកទីពីរហើយ បន្ទាប់ពីរដ្ឋាភិបាលគ្រោងនឹងបង្កើតផ្សារទុនកាលពីឆ្នាំ ២០០៩ ហើយក្រោយមកគ្រោងនឹងបង្កើតផ្សារទុននេះនៅចុងឆ្នាំ ២០១០ វិញ ដោយសារតែមូលហេតុថា កម្ពុជាត្រូវការពេលវេលាបន្ថែមសម្រាប់រៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងវិស័យនេះ។
ផ្សារមូលប័ត្រ ឬផ្សារទុន ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យរីកលូតលាស់។ ផ្សារនេះផ្តល់ឱកាសឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្មគ្រប់ប្រភេទ កៀងគរសាច់ប្រាក់ពីប្រជាជនទូទៅនិងអ្នកវិនិយោគតូចធំ ដើម្បីយកប្រាក់ទំាងនោះទៅពង្រីកអាជីវកម្មរបស់ពួកគេ ឬយកទៅធ្វើវិនិយោគលើវិស័យផ្សេងៗ។ រដ្ឋាភិបាលបង្កើតផ្សារទុននេះ ដោយមានភាគហ៊ុនពីផ្សារហ៊ុន Korea Exchange ចំនួន ៤៥ ភាគរយ។ កាលពីពាក់កណ្តាលឆ្នាំ ២០០៩ រដ្ឋាភិបាលខ្មែរបានតម្រូវឲ្យសហគ្រាសរដ្ឋចំនួន៣លាងសំអាតខ្លួន ដើម្បីចាប់ផ្តើមដំណើរការផ្សារមូលប័ត្រមុនគេ។ សហគ្រាសរដ្ឋទាំងនោះរួមមាន រដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ និងទូរគមនាគមន៍កម្ពុជា។ ចំណុចសំខាន់ដែលសហគ្រាសទាំងអស់នេះ ត្រូវធ្វើដើម្បីមានសិទ្ធិចុះបញ្ជីក្នុងផ្សារមូលប័ត្រនោះ មានដូចជាការពង្រឹងកិច្ចការផ្ទៃក្នុង ធ្វើសវនកម្មហិរញ្ញវត្ថុ និងស្តង់ដាគណនេយ្យជាដើម។
ប៉ុន្តែ លោកគាត ឈន់ មានប្រសាសន៍ថា ក្រុមហ៊ុនទំាងនេះត្រូវការពេលបន្ថែមទៀតដើម្បីពង្រឹងខ្លួនឲ្យបានរឹងមាំ ជាពិសេសប្រព័ន្ធស្តង់ដាគណនេយ្យ ដើម្បីទាញយកទំនុកចិត្តពីសាធារណជន។
ទោះជាយ៉ាងណា លោកគាត ឈន់ មិនទាន់អាចបញ្ជាក់បានទេថា តើក្រុមហ៊ុនទំាងនេះនឹងអាចត្រៀមខ្លួនរួចរាល់នៅពេលណា ហើយផ្សារទុននេះអាចនឹងធ្វើដំណើរការនៅក្នុងខែណាមួយនៃឆ្នាំ ២០១១ នោះទេ ដោយលោកអះអាងថា ត្រូវការការពិភាក្សាជាមួយក្រុមហ៊ុនកូរ៉េ ដែលជាដៃគូភាគហ៊ុនជាមុនសិន។
លោកម៉ិញ បានកុសល អគ្គនាយកនៃគណៈកម្មការមូលប័ត្រកម្ពុជា ដែលកំពុងចូលរួមសន្និសីទសេដ្ឋកិច្ចអាស៊ីនៅកូរ៉េខាងត្បូងដែរនោះ មានប្រសាសន៍ថា គណៈកម្មការរបស់លោកកំពុងស្វែងរកដៃគូដើម្បីបណ្តុះបណ្តាលមន្ត្រីជំនាញកម្ពុជាឲ្យយល់ច្បាស់ពីការជួញដូរក្នុងផ្សារទុន។ មន្ត្រីជំនាញទំាងនេះ នឹងចាប់ផ្តើមផ្ទេរចំណេះដឹងទៅដល់សាធារណជន ចាប់ពីខែកញ្ញា ឆ្នាំ ២០១០ នេះតទៅ។
"ខាង គ ម ក (គណៈកម្មការមូលប័ត្រកម្ពុជា) អាចបញ្ជូនអ្នកជំនាញទៅបណ្តុះបណ្តាលតាមមហាវិទ្យាល័យ វេទិកាសាធារណៈ សហគមន៍ពាណិជ្ជករ ដើម្បីឲ្យគាត់យល់ទិញទៅគួរទុកចិត្តឬមិនទុកចិត្ត ហើយបើយកលុយហ្នឹងទៅធ្វើ Business ដោយឡែកតើវាយ៉ាងម៉េច។ ឲ្យគាត់យល់បញ្ហាអស់ហ្នឹង"។
ទោះជាយ៉ាងណា ប្រទេសកម្ពុជាជាប្រទេសដែលកំពុងប្រើប្រាស់ប្រាក់ដុល្លារយ៉ាងជោគជាំនៅក្នុងទីផ្សារ ដែលកត្តានេះគឺជាកង្វល់មួយសម្រាប់ការបង្កើតទីផ្សារមូលប័ត្រ ឬផ្សារទុនរបស់កម្ពុជា។
លោកម៉ិញ បានកុសល បន្ថែមថា នៅក្នុងអំឡុងខែសីហា គណៈកម្មការមូលប័ត្រកម្ពុជានឹងសម្រេចប្រើប្រាស់ប្រាក់ដុល្លារ ឬប្រាក់រៀលរបស់ខ្មែរ សម្រាប់ការជួញដូរសន្លឹកហ៊ុនក្នុងផ្សារមូលប័ត្រ។
សូមបញ្ជាក់ថា ចាប់តំាងពីរដ្ឋាភិបាលកម្ពុជាប្រកាសពីគម្រោងបើកផ្សារមូលប័ត្រតំាងពីឆ្នាំ ២០០៧ មក មានក្រុមហ៊ុនឯកជនមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ចងបញ្ជីដើម្បីប្រមូលទុនពង្រីកអាជីវកម្ម។ ក្នុងនោះ មានដូចជា ធនាគារពាណិជ្ជកម្ម ក្រុមហ៊ុនកសិកម្ម ឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួន។ ក៏ប៉ុន្តែ មកដល់ពេលនេះ ពុំទាន់មានក្រុមហ៊ុនណាមួយអះអាងច្បាស់លាស់ថា នឹងចុះបញ្ជីនៅពេលផ្សារទុនចាប់ផ្តើមបើកដំណើរការនោះទេ៕