ប្រទេសមហាអំណាចនៅជុំវិញពិភពលោកបានជួបប្រជុំគ្នានៅបុរីញូវយ៉កនៅថ្ងៃសុក្រនេះ ដើម្បីចរចាគ្នាជាលើកទី៣ស្តីពីសំណើផ្លាស់ប្តូរនយោបាយនៅស៊ីរី។
ក្រសួងការបរទេសអាមេរិកនិយាយថា ប្រទេសដែលត្រូវបានអញ្ចើញឲ្យចូលរួមក្នុងកិច្ចចរចានេះគឺស្រដៀងគ្នានឹងប្រទេសដែលបានចូលរួមនៅក្នុងកិច្ចចរចាលើកមុនៗនៅទីក្រុងវីយែន ប្រទេសអូទ្រីស ដោយរួមទាំងប្រទេសរុស្សី និងអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ផងដែរ ។
ថ្លែងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានសម្តែងមន្ទិលសង្ស័យថាតើកិច្ចចរចាគ្នាជាលើកទី៣នេះនឹងអាចមានការវិវត្តទៅមុខច្រើន ទាក់ទងនឹងការកំណត់ទទួលស្គាល់ក្រុមប្រឆាំងនៅស៊ីរីដែរឬអត់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះ៕