ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទួរគី​​ទទួល​យក​​បណ្តាញ​​សង្គម


ហ្វូង​មនុស្ស​រាប់ពាន់​នាក់​ដើរ​តវ៉ា​នៅ​កណ្តាល​រដ្ឋធានី​អ៊ីស្តានប៊ុល​ប្រឆាំង​នឹង​ផែនការ​រដ្ឋាភិបាលក្នុង​ការ​រាំង​ខ្ទប់​លំហូរ​ចូល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិ ថ្ងៃទី១៥ ឧសភា ២០១១។
ហ្វូង​មនុស្ស​រាប់ពាន់​នាក់​ដើរ​តវ៉ា​នៅ​កណ្តាល​រដ្ឋធានី​អ៊ីស្តានប៊ុល​ប្រឆាំង​នឹង​ផែនការ​រដ្ឋាភិបាលក្នុង​ការ​រាំង​ខ្ទប់​លំហូរ​ចូល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិ ថ្ងៃទី១៥ ឧសភា ២០១១។

​ទោះបីជាធ្លាប់មានកំណត់​ត្រា​យ៉ាងទាបស្តីពីសេរីភាព​សារព័ត៌មានរបស់ប្រទេស​ទួរគី (Turkey)ក៏​ដោយ ​ប្រទេស​នេះ​កំពុងពើបប្រទះនូវកំណើនយ៉ាង​ខ្លាំងក្លា​ចំពោះការ​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​លើប្រព័ន្ធ​អ៊ីនធឺណិត​។ ប្រទេស​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤ក្នុង​ពិភពលោក​សម្រាប់ការ​ប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុក (Facebook) និង​ជាប់​លេខ​៨​ក្នុង​ការប្រើប្រាស់​ធ្វីតទ័រ (​Twitter)។ ​ចំណាត់​ថ្នាក់​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បណ្តាញ​សង្គម​ ក្លាយទៅជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល ត​ទល់ជាមួយនឹង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានរបស់​ទួរគី។​ ​ប៉ុន្តែការ​ព្រួយ​បារម្ភ កំពុងកើតមានឡើង ដែលការ​អភិវឌ្ឍន៍​នេះអាច​ធ្វើ​ឲ្យ​បែក​ខ្ញែក​នៅ​ក្នុងសង្គម​ទួរគី។


នៅក្នុងហាង​កាហ្វេ​មួយកន្លែង នៃទីប្រជុំជនក្នុងទីក្រុង​អ៊ីស្តង់ប៊ុល​ កញ្ញា ហេល (Hale) កំពុង​តែ​តាម​ដាន​ព័ត៌មាន ​ដោយ​ប្រើប្រាស់បណ្តាញធ្វីតទ័រ​និង​បណ្តាញ​សង្គម​ដទៃ​ទៀត ដែល​ឥឡូវនេះ កញ្ញាត្រូវ​ពឹង​ផ្អែក​ដើម្បី​ស្វែង​យល់អំពីរឿង​រ៉ាវ​ដែលកំពុងកើត​ឡើង។​

«ខ្ញុំ​បើក​ធ្វីតទ័រ​និងមើលអ៊ីម៉េល​។ ខ្ញុំ​ព្យាយាម​មិន​ប្រើ​ទូរស័ព្ទ​ដើម្បី​បើក​ធ្វីតទ័រ​ទេ។ ខ្ញុំ​បើក​វា​តែ​ក្នុង​ករណី​មាន​ព័ត៌មាន​ទាន់ហេតុការណ៍ ឬ​ដំណឹង​ដែល​ត្រូវ​មើល​បន្ទាន់​តែ​ប៉ុណ្ណោះ។ ព័ត៌មានភាគ​ច្រើនគឺទាក់​ទងជាមួយប្រទេស​ទួរគីតែម្តង។ ​ពេល​នេះ​ ខ្ញុំ​បើកមើល​ ​សារព័ត៌មាន​តិច​ជាង​មុន ​ដោយសារ​តែខ្ញុំ​ទទួល​បាន​ព័ត៌មាន​ភាគ​ច្រើនពីបណ្តាញ​ធ្វីតទ័ររួចទៅ​ហើយ។​ អ្នក​អាច​មានប្លក់ ដែល​អ្នក​អាចមើល​គេហរទំព័រព័ត៌មាន។ ​ដូច្នេះ​ខ្ញុំ​មិន​ខ្វល់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយសំខាន់ៗផ្សេង​ទៀត​សរសេរ​អ្វី​ខ្លះនោះឡើយ​»។

បើ​យោង​តាម​សាស្ត្រាចារ្យ ​យ៉ាម៉ាន អាកដេនីស​ (YamanAkdeniz) អ្នក​ជំនាញ​ខាង​បណ្តាញ​ទំនាក់ទំនង​នៃ​សាកលវិទ្យាល័យ​ប៊ិលជីអ៊ីស្តង់ប៊ុល (Istanbul's Bilgi University) ​បាន​ឲ្យ​ដឹង​ថា ​ជ័យជម្នះដ៏​ភ្លូកទឹកភ្លូកដី​បីលើក​ជាប់​ៗគ្នា​នៅក្នុងការបោះឆ្នោតរបស់​គណបក្ស​កាន់​អំណាច​AK ​កាល​ពី​ឆ្នាំ​មុន ​ដែល​បាន​ជួយ​បង្កើនការ​ប្រើប្រាស់​បណ្តាញ​ ​សង្គម​ ហើយ​បង្កើន​សម្ពាធទៅលើ​បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន។

«ចាប់​តាំង​ពី​ការ​បោះឆ្នោតរួចមក ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ ដោយ​សារ​តែលទ្ធផល​ដែល​យើង​បាន​ឃើញ​គឺថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនត្រូវ​បានគ្រប់គ្រង​ដោយ​ផ្ទាល់ទេ ប៉ុន្តែត្រូវគ្រប់គ្រង​ដោយ​ប្រយោល​ពីសំណាក់​រដ្ឋាភិបាល។​ ហើយ​យើង​បាន​ឃើញពី​ការ​ស្វ័យទិតៀន និងត្រួតពិនិត្យ​ខ្លួនឯង នៅតាម​ប៉ុស្តិ៍​ទូរទស្សន៍​ និងការសែតទៀត​ផង​។​ ប្រការនេះ​បាន​ផ្តល់​លទ្ធផល​ដោយ​សង្គម​មាន​ប្រតិកម្ម​តបទៅនឹង​ឧទាហរណ៍ខាង​លើ តាមរយៈការ​ងាក​ទៅរកទម្រង់​ផ្សេង​ទៀតក្នុងការ​ប្រមូល​ព័ត៌មាន ហើយអ្នក​ទាំង​នោះចាប់​ផ្តើមតាំងខ្លួនជា​អ្នកការសែតដោយ​ខ្លួនឯង​តែ​ម្តង​»។

ប្រទេស​ទូរគី ​បាន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​និង​ការ​ប្រើ​ទូរស័ព្ទចល័ត​។​ ស្រប​គ្នា​ជាមួយនឹងចំនួនពលរដ្ឋដែល​ចេះ​ប្រើ​អ៊ិនធឺណិតផងនោះ​ លទ្ធផល ស្តែង​ឲ្យ​ឃើញ​អំពីការ​កើនឡើងយ៉ាងខ្លាំងលើបណ្តាញសង្គម​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់ហ្វេសប៊ុកចំនួន៣០​លាន​នាក់​និង​អ្នកប្រើប្រាស់​ធ្វិតទ័រចំនួន​បួនលាន​នាក់។

សព្វថ្ងៃ​ មនុស្ស​កាន់​តែ​ច្រើន​ឡើងនៅ​ទួរគី​ កំពុង​ងាក​ទៅរក​បណ្តាញ​សង្គម​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​។ ​កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញ​កាល​ពី​ខែ​ធ្នូមុន។​

កាលពីរាត្រី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ ​នៅ​តាម​ព្រំដែន​ប្រទេស​ទួរគីនិង​អ៊ីរ៉ាក់​ ក្រុម​អ្នក​រត់​ពន្ធ​ជាតិ​ទូរគី-ឃឺត​(Turkish-Kurdish) ចំនួន​៣៥​នាក់ ​ដែល​ភាគ​ច្រើន​ជា​យុវជន​ ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ពី​លើ​អាកាស​របស់​ទួរគីប្រកបដោយ​ការបំផ្លិច​បំផ្លាញ ដែល​តម្រង់​ទៅ​រក​ក្រុម​ឧទ្ទាម​ជាតិ​ឃឺត ​ឈ្មោះ​ថា ​PKK។

លោកស្រី​ ស៊ីកដេម មាធ័រ (​Cigdem Mater) សកម្មជន​នយោបាយ​មួយ​រូប ដោយមាន​សមាជិក​ចំនួនប្រហែល ​១ម៉ឺន​ ៦ពាន់​នាក់​ នៅ​ក្នុង​ធ្វិតទ័រ មាន​ប្រសាសន៍​ថា​ កាល​ពី​មុន​ ឧប្បត្តិហេតុ​បែប​នេះ​ ត្រូវ​បានបិទជិត​ឈឹង។ ប៉ុន្តែ លោក​ស្រី បាននិយាយថា ឧប្បត្តិ​ហេតុនេះ​ត្រូវ​បានកែ​សម្រួលដោយប្រើ​ធ្វីតទ័រ​ជា​ប្រភពព័ត៌មាន​វិញ។

«នៅ​ពេលដែល​ខ្ញុំភ្ញាក់​ពី​ដំណេក ខ្ញុំបើក​មើល​ធ្វីតទ័រ។ ​ខ្ញុំ​បាន​ឃើញថា ​អ្នក​ទាំងឡាយ​កំពុងនិយាយអំ​ពីអ្វី​ដែលបានកើត​ឡើង​នៅ​ អ៊ូលូឌែរ​ (Uludere)។ នៅម៉ោង៧ និង៣០នាទី ​ខ្ញុំ​បាន​ឃើញ​រូបភាពដំបូងបង្អស់​ ​ដោយ​អ្នក​ទាំងឡាយនៅ​អ៊ូលូឌែរ ​បាន​ថត​រូបភាព​សាកសព​ដែល​ត្រូវ​បាញ់​សម្លាប់​ដោយ​យន្តហោះ​ទួរគី។ សូម្បី​តែ​ក្រុម​គ្រួសារ​ ក៏​បាន​ចាប់​ផ្តើម​និយាយអំ​ពី​រឿង​នេះ​ ហើយ​យើងបាន​ដឹង​រឿងរ៉ាវ​ទាំងអស់នេះ​ដែរ​។​ រហូត​មក​ដល់​ម៉ោង​ប្រាំ​រសៀល ​គ្មានព័ត៌មាននៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយទួរគី​ទេ។ នេះ​ជា​ឧទាហរណ៍យ៉ាងធំធេងមួយស្តី​ពី​ថាតើ​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នកសារព័ត៌មាន​ពលរដ្ឋ​អាចធ្វើ​កិច្ចការនេះ​បាន។​

ក្រុម​អ្នកវិភាគ ​ថ្លែងថា ​ការបែក​ខ្ញែកនៅតាម​មាគ៌ានយោបាយ​និង​ជាតិពន្ធុ​ ​នៅ​តែ​បញ្ហា​បន្ទាន់​មួយ​សម្រាប់​សង្គម​ទួរគី។ ប៉ុន្តែ ​នៅ​មិន​ទាន់ច្បាស់នៅ​ឡើយ​ថា​តើ​បណ្តាញ​សង្គមនេះ​ ​បាន​ពង្រីក​ឬបង្រួមការ​បែកខ្ញែក​ទាំងអស់​នេះ​។​ ​អ្វី​ដែល​ច្បាស់លាស់​នៅទួរគី ​គឺថាបណ្តាញ​សង្គម​កំពុង​តែ​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់អ្នក​ដែល​ចេះ​ប្រើប្រាស់បណ្តាញនេះ​៕

ប្រែសម្រួលដោយ គឹង ភិរុណ

XS
SM
MD
LG