ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​ដែល​វាយ​ប្រហារ​រដ្ឋធានី​ប្រ៊ុចសែល​ធ្លាប់​ត្រូវ​បាន​តួកគី​​​ឃុំ​ឃាំង​នឹង​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​មុន


ប៉ូលិស​ Interpol កាលពីថ្ងៃទី​២៣ ខែមីនា បាន​បង្ហាញ​រូបជន​សង្ស័យ​ម្នាក់​ឈ្មោះ Khalid Bakraoui ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ Brahim Bakraoui។
ប៉ូលិស​ Interpol កាលពីថ្ងៃទី​២៣ ខែមីនា បាន​បង្ហាញ​រូបជន​សង្ស័យ​ម្នាក់​ឈ្មោះ Khalid Bakraoui ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ Brahim Bakraoui។

លោក​ប្រធានាធិបតី​តួកគី ​Recep Tayyip Erdogan​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​អ្នកបោកគ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ការវាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​នៅ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល ធ្លាប់​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​តួកគី ​និង​បាននិរទេស​ទៅ​កាន់​អឺរ៉ុប​ ហើយ​ជន​សង្ស័យ​រូប​នោះ​ត្រូវ​បាន​គេ​ដោះលែង​ប្រហែល៨​ខែ​មុន។

លោក ​Erdogan ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​បាន​ព្រមាន​ដល់​អាជ្ញាធរ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​អំពី​ឈ្មោះ ​Ibrahim el-Bakraoui​ នេះ​ ដែល​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ប៉ែកខាង​ត្បូង​ប្រទេស​តួកគី​ក្បែរទីក្រុង​ Gaziantep ​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​ស៊ីរី។ លោក​ប្រធានាធិបតី​តួកគី​បាន​និយាយ​ថា​ឈ្មោះ​ el-Bakraoui នេះ​ ត្រូវ​បាន​គេ​និរទេស​ចេញ​ពី​ប្រទេស​តួកគី​កាល​ពី​ខែ​កក្កដា ប៉ុន្តែ​បន្ទាប់​មក​ត្រូវ​បាន​គេ​ដោះលែងទៅ​វិញ «បើ​ទោះ​បី​ជា​រដ្ឋាភិបាល​របស់​លោក​បាន​ព្រមាន​ថា ជន​នេះ​គឺ​ជា​ភេរវករ​បរទេស​ក៏​ដោយ»។ ​

លោក Erdogan បាន​ថ្លែង​ថា ក្រុមអាជ្ញាធរ​ដែល​បាន​ឃុំខ្លួន​ឈ្មោះ el-Bakraoui នេះ​មិន​អាច​រក​ឃើញ​ខ្សែ​បណ្តាញ​អ្វី​ដែល​ថា ​រូប​គេ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ភេរវកម្ម​ឡើយ ដូច្នេះ​ហើយ​ទើប​ពួកគេ​ដោះលែង​ជនសង្ស័យ​ជនជាតិ​ប៊ែលហ្ស៊ិក​វ័យ​២៩​ឆ្នាំ​រូប​នេះ។

លោក​ប្រធានាធិបតី​តួកគី​បាន​បន្ត​ថា តាមពិត​ឈ្មោះ el-Bakraoui ​នេះ​ត្រូវ​បាន​និរទេស​ទៅ​កាន់​ប្រទេស​ហូឡង់​តាម​សំណើ​របស់​គេ​ផ្ទាល់ ប៉ុន្តែ​លោក​ប្រធានាធិបតី​មិន​បាន​បញ្ជាក់​ថា​តើ​ជន​នោះ​បាន​ធ្វើ​ដំណើរ​ពី​ហូឡង់​ទៅ​ប៊ែលហ្ស៊ិក​នៅ​ពេល​ណា​ឬ​ដោយ​មធ្យោ​បាយ​ណា​នោះ​ទេ។

ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​អង់ការ៉ា​កាល​ពី​ថ្ងៃ​ពុធ​ លោក Erdogan ​មិន​បាន​លើក​ឡើង​ពី​ឈ្មោះ el-Bakraoui ទេ ប៉ុន្តែ​ព័ត៌មាន​ដែល​បាន​ធ្លាក់​ដល់​ដៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​បាន​កំណត់​អត្តសញ្ញាណ​ថា ភេរវករ​រូប​នេះ​ត្រូវ​បាន​គេ​និរទេស​ចេញ ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​គេ​ដោះលែង។​

ក្រុមអាជ្ញាធរ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល​ ដែលនៅ​ទីនោះ​គេ​បាន​គោរពវិញ្ញាក្ខន្ធ​របស់​ជនរងគ្រោះ​ដោយ​ការ​ស្មឹងស្មាធ​មួយ​នាទី​កាល​ពី​ថ្ងៃ​ពុធ​ បាន​បញ្ជាក់​ថា​ឈ្មោះ​ Ibrahim el-Bakraoui វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​បំផ្ទុះ​គ្រាប់បែក​និង​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯ​អាកាសយានដ្ឋាន​ធំ​បំផុត​នៅ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល។

ប្អូន​ប្រុស​របស់​ជន​នេះ​ដែ​ល​មាន​វ័យ​២៧​ឆ្នាំ ​ឈ្មោះ Khalid បាន​បោក​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​រថភ្លើងមួយ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល​ក្នុង​ពេល​ប្រហែលគ្នានេះ​ដែរ។ ជន​ទាំង​២​រូប​នេះ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​តាមរយៈ​ស្នាម​ក្រយ៉ៅ​ដៃ​របស់​ពួកគេ៕​

XS
SM
MD
LG