ជនជាតិទុយនីស៊ីច្រើនពាន់នាក់បានព្យាយាមឆ្លងដែននៃទឹកសមុទ្រមេឌីតេរ៉ាណេ (Mediteranee) ដើម្បីចូលទៅក្នុងប្រទេសអឺរ៉ុបចាប់តាំងពីការបះបោរខែមករាបានទម្លាក់មេដឹកនាំកាន់អំណាចផ្ដាច់ការ Zine el Abidine Ben Ali ចេញពីអំណាច។ ពេលនេះ អឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាថ្មី មួយទៀតនៃការហូរចូលនូវជនអន្ដោប្រវេសន្ដ ដែលគេចចេញពីចលាចលនៅក្នុងប្រទេសលីប៊ី។
សមុទ្រជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ប្រជាពលរដ្ឋ១សែន៤ម៉ឺននាក់ នៅក្នុងក្រុង សារសិស ស្ថិតនៅទិសអគ្នេយ៍ នៃប្រទេសទុយនីស៊ី មិនឆ្ងាយពីទល់ដែនជាមួយប្រទេសលីប៊ី ។ ប្រជាពលរដ្ឋនៅទីនោះភាគច្រើនពឹងផ្អែកលើការនេសាទត្រីនិង ទេសរណ៍អឺរ៉ុបដែលចូលហូរហៀរ មកកម្សាន្តលើទីកន្លែងខ្សាច់នៃឆ្នេរសមុទ្រ។
តែចំពោះនាង Hana Zair និងគ្រួសារ សមុទ្រនាំមកឲ្យនាងនូវសោកនាដ្ឋកម្ម។ ប្អូន ប្រុសរបស់នាង ហាណា មហាមាដ និង ក្មួយប្រុស អាប់អាលាហ ស្ថិតនៅក្នុងចំណោមជនជាតិទុយនីស៊ី ច្រើនពាន់នាក់ដែលឡើងជិះទូកចាស់មួយក្នុងខែនេះឆ្លងកាត់សមុទ្រ មេឌីតេរ៉ាណដើម្បីស្វែងរកជីវភាពប្រសើរ នៅក្នុងប្រទេស អឺរ៉ុប។ គេបានចំណាយប្រាក់ប្រមាណ១.៤០០ដុល្លារ សំរាប់ដំណើររបស់គេ ដែលជាប្រាក់កាសដ៏ច្រើនសន្ធឹកនៅទីនោះ។
«គាត់បាត់ខ្លួន នៅក្នុងសមុទ្រ។ ខ្ញុំគ្មានដំណឹងអ្វីសោះពីគាត់។ រួច កូនប្រុស របស់បងស្រីខ្ញុំ មូនៀរ (Mounir) ក៏ទៅជាមួយគាត់ដែរ»។
គ្រួសារនោះបានអះអាងថា ឆ្មាំការពារសមុទ្រ ទុយនីស៊ី មានចេតនា បើកបុកទូកដែលយុវជនទាំងនោះជិះ។ អ្នកជិះនៅក្នុងទូកនោះ ខ្លះត្រូវបានគេជួយសង្គ្រោះ។ គេនិយាយថា មនុស្ស ៥ នាក់លង់ទឹកស្លាប់។មនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន រាប់ទំាងកេ្មងជំទង់ពីរនាក់ផងដែរ។ ការចោទប្រកាន់ទាំងនោះមិនបានត្រូវបញ្ជាក់ពីប្រភពឯករាជ្យទេ។
គេមានចម្ងល់ថា មេ្ដចក៏ក្មេងជំទង់ទំាងនោះ ចង់ចាកចេញពីប្រទេសរបស់ខ្លួនប៉ុន្មានសប្ដាហ៍ក្រោយពីការបះបោរដែលទម្លាក់ប្រធានាធិបតីយូរអង្វែងលោក Zine El Abidine Ben Al។ មនុស្សជាច្រើនសង្ឃឹមថា ការបះបោរនោះនឹងនាំទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ពលរដ្ឋទុយនីស៊ីម្នាក់ វាលិឌហ្វេលាហ បានថតកុនអំពីរឿងយុវជនទំាងនោះ ដែលបាត់បង់ជីវិតនៅក្នុងសមុទ្រ ហើយចុះផ្សាយក្នុងគេហទំព័រអ៊ិនធឺណិតហៅទូរទស្សន៍ សារស៊ី។
ហ្វេលាហ និយាយថា ជនរស់នៅក្នុងភូមិ សារស៊ី ជាច្រើននាក់ ពេលនេះ ធ្វើការនៅក្នុងប្រទេសបារាំង។ គេត្រឡប់មកវិញ នៅរដូវក្ដៅដោយជិះរថយន្ដនិងប្រើប្រាស់វត្ថុ ប្រណិត ដែលអ្នកនៅទីនេះគ្មាន។ យុវជននៃភូមិ សារស៊ី តាមស្វែងរកឱកាស ដែលមិនមាននៅក្នុងប្រទេសទុយនីស៊ី។
សេដ្ឋកិច្ចនៅជុំវិញទីនេះពឹងផ្អែកមកលើកសិកម្ម ទេសចរណ៍ និងនេសាទ។ កិច្ចការទាំងនោះ បានជួបនឹងការលំបាក កាលពីពេលថ្មីៗនេះ។ ប្អូនប្រុសរបស់នាង Hana Zair ធ្វើការឲ្យសណ្ឋាគារ។
«គាត់ទៅរកជីវភាពប្រសើរ។ ដោយសារតែមនុស្សច្រើនគ្មានការងារធ្វើនៅក្នុងប្រទេសទុយនីស៊ី។ ទេសចរណ៍ក៏មិនដំណើរការល្អដែរដោយសារតែការបដិវត្ដ»។
ពេលនេះ ប្រទេសអឺរ៉ុបកំពុងជួបប្រទះនិងលទ្ធភាពនៃការហូរចូលច្រើនសន្ធឹកនូវជនអន្ដោប្រវេសន្ដ ដូចជាជនជាតិលីប៊ី ដែល ចង់គេចចេញពីការបះបោរនៅក្នុងប្រទេស របស់ខ្លួន។ តែផលលំបាកភ្លាមៗ នោះកើតឡើងនៅក្នុងភូមិ សារស៊ីស។ ទីក្រុងនោះបានផ្ដល់ជំរកដល់ជនជាតិ អេស្សិប រាប់ពាន់នាក់ ដែលបានឆ្លងព្រំដែនប្រទេសលីប៊ី ចំងាយប្រមាណ ៦៥ គីឡូម៉ែត្រ។
អ្នកស្រុកភូមិ សារស៊ីស បានមកស្វាគមន៍យុវជន ខ្លះ ដែលសង្ឃឹមថានឹងធ្វើការនៅក្នុងប្រទេសអឺរ៉ុបថ្ងៃណាមូយ បើប្រសិនជាជនទាំងនោះបានទៅដល់អឺរ៉ុបមែន។
ប្រែសម្រួលដោយ អ៊ូ ធួក