ទូណេហ្ស៊ី៖ ពលរដ្ឋទូណេហ្ស៊ីរីករាយចំពោះសេរីភាពថ្មីក្នុងការសម្តែងមតិ ក្នុងបណ្ដាញព័ត៌មាន ដែលបានត្រូវប្រកាសកាលពីសប្ដាហ៍មុន ដោយរដ្ឋាភិបាលបណ្ដោះអាសន្ន ក្រោយពីប្រធានាធិបតីការិយាធិបតេយ្យ លោកហ្ស៊ីនេ អែល អាប៊ីឌីន បិនអាលី (Zine El Abidine Ben Ali) បានត្រូវបណ្ដេញចេញពីអំណាច។ តែចំពោះបណ្ណាគារលក់សៀវភៅ អាល់គីតាប (Al Kitab) នៃទីក្រុងទូនី ការតស៊ូដើម្បីសេរីភាពក្នុងការសម្តែងមតិមិនទាន់ចប់នៅឡើយទេ។
ខណៈដែលហ្វូងបាតុករប្រឆាំងរដ្ឋាភិបាលធ្វើការតវ៉ាមួយថ្ងៃទៀតនៃការតវ៉ារបស់ខ្លួន មានក្រុមមនុស្សតូចមួយទៀតបានមកប្រមូលផ្ដុំគ្នានៅមុខកញ្ចក់បង្អួចហាងមួយនៅលើផ្លូវធំនៃ វិថី ហាប៊ីប ប៊ូហ្គូបា (Habib Bourguiba) ដោយសម្លឹងមើលវត្ថុនៅក្នុងហាង គឺមានសៀវភៅប្រមាណ១២ ក្បាលតាំងឲ្យមើល។ កាលពីជាងពីរសប្ដាហ៍មុន សៀវភៅទាំងនោះត្រូវគេហាមឃាត់នៅក្រោមរបបគ្រប់គ្រងរបស់មេដឹកនាំកាន់អំណាចផ្ដាច់ការ Zine El Abidine Ben Ali។
«អ្នកឃើញសៀវភៅដែលគេចង់បានបំផុតមួយ មានចំណងថា La Regente de Carthage សរសេរដោយលោកបីកូឡះ បូ (Nicolas Beau) អ្នកយកព័ត៌មានរបស់កាសែត ឡឺ មុង(Le Monde)។ សៀវភៅនោះសរសេរអំពីគ្រួសាររបស់អតីតប្រធានាធិបតី Ben Ali និងភរិយា ការធ្វើទារុណ្ឌកម្មទាំងអស់មកលើពាណិជ្ជកម្ម និងមកលើសង្គម»។
សែលម៉ា ចាប៊ិះ(Selma Jabbes) ម្ចាស់ហាងលក់សៀវភៅ Al Kitabបានពិពណ៌នាអំពីសៀវភៅតាំងនៅតាមកញ្ចក់ ដែលទិតៀនខ្លាំងមកលើរបបគ្រប់គ្រង Ben Ali។ ទោះបីជាសៀវភៅអំពីសេដ្ឋកិច្ច និងទេសចរណ៍សរសេរទិតៀនរដ្ឋាភិបាលក៏បានរងគ្រោះពីការចាប់ពិរុទ្ធនៅក្នុងច្បាប់តឹងរឹងរបស់រដ្ឋាភិបាលទូណេហ្ស៊ីដែរ។
វិធានការដូច្នោះបានផ្លាស់ប្ដូរទាំងស្រុង កាលពីសប្ដាហ៍មុន នៅពេលដែលនាយករដ្ឋមន្ដ្រីអន្ដរកាល លោកមហាមាដ គានូឈី (Mohammed Ghannouchi) បានប្រកាសអំពី សេរីភាពទាំងស្រុងនៅក្នុងបណ្ដាញព័ត៌មាន។
"សេរីភាពទាំងស្រុងនោះ”ហាក់ដូចជាសាបរលាបទៅវិញ ដោយសារតែរដ្ឋាភិបាលបណ្ដោះអាសន្នបានបិទប៉ុស្ដិ៍ទូរទស្សន៍មានប្រជាប្រិយភាពមួយកាលពីថ្ងៃអាទិត្យ។ តែទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋទូណេហ្ស៊ី ដូចជានាងJabbes បានចាត់ទុកសេរីភាពនៃការសម្តែងមតិ ជាសេរីភាពទូទៅ។
«នេះជាការអស្ចារ្យណាស់ចំពោះយើងគឺសេរីភាពក្នុងការសម្តែងមតិដែលយើងឃើញនៅក្នុងប្រទេសទូណេហ្ស៊ី។ យើងសង្ឃឹមថា សេរីភាពនឹងជាប់យូរលុងរហូត ដូចពេលនេះ ពីព្រោះយើងជាពលរដ្ឋទូណេហ្ស៊ីចេះដឹងគ្រប់គ្រាន់ ធ្វើអ្វីដោយខ្លួនឯង អាចអានអ្វីដែលគេចង់អាន។ នេះគួរឲ្យអស្ចារ្យណាស់»។
Jabbes ធ្លាប់ដឹងឮអំពីការចាប់ពិរុទ្ធក្នុងបណ្ដាញព័ត៌មាន។ ម្ដាយរបស់នាងបានបើកហាងលក់សៀវភៅ Al Kitab កាលពីពាក់កណ្ដាលសតវត្សមុន រួចនាងឡើងជំនួសធ្វើជាម្ចាស់ហាងនៅឆ្នាំ១៩៨៨ គឺមួយឆ្នាំក្រោយពីលោក Ben Ali ឡើងកាន់អំណាច។ អតីតប្រធានាធិបតីរូបនោះបានសន្យាថា នឹងអនុញាតឲ្យមានសេរីភាពក្នុងការសម្តែងមតិ។ តែការណ៍ពិត អាជ្ញាធរធ្វើការចាប់ពិរុទ្ធការសម្តែងមតិទៅវិញ។
ទោះបីជារដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសទូណេហ្ស៊ីបានសន្យាឲ្យមានសេរីភាពក្នុងការសម្តែងមតិក៏ដោយ ពាក្យសន្យាទាំងនោះមិនទាន់ចេញជាច្បាប់នៅឡើយទេ។ ជាគោលការណ៍ ហាងសៀវភៅ Al Kitabតម្រូវឲ្យមានអាជ្ញាបណ្ណពីរដ្ឋាភិបាលមុននឹងអាចបញ្ជាទិញសៀវភៅបាន។
ហេតុដូច្នេះ បុគ្គលិកបណ្ណាគារ ដូចជា អាមែល ជេហេមី (Amel Chehimi)ឈរនៅតាមផ្លូវដើរដើម្បីស្នើសុំឲ្យអ្នកដំណើរចុះហត្ថលេខាលើពាក្យបណ្ដឹង សុំឲ្យលុបចោលលក្ខខណ្ឌតម្រូវឲ្យមានអាជ្ញាបណ្ណ ទាំងនោះ។
មកដល់ពេលនេះ Chemimi និយាយថា Al Kitabទទួលបានហត្ថលេខាចំនួន៦០០។ បណ្ណាគារនោះសង្ឃឹមថានឹងទទួលបានហត្ថលេខា១ពាន់នាក់ មុននឹងបញ្ជូនទៅឲ្យរដ្ឋាភិបាល នូវការទាមទារចង់បានសេរីភាពក្នុងការបញ្ជាទិញសៀវភៅ ដាក់តាំង និងលក់សៀវភៅណាដែលគេចង់បាន៕
ប្រែសម្រួលដោយ លោកអ៊ូ ធួក