ការជជែកដេញដោលលើកទី ៥ របស់បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋកាលពីយប់ថ្ងៃពុធ មានបេក្ខជនកំពូលៗពីររូបនៃបេក្ខជនកំពូលៗ បីរូប គឺអភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley។
ការជជែកដេញដោលដ៏ក្តៅគគុកបានកើតឡើងនៅក្នុងរដ្ឋ Iowa ដែលជារដ្ឋកសិកម្មនៅកណ្តាលភាគខាងលិចដែលបានរៀបចំកម្មវិធីជជែកដេញដោល ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីមុនគេ ដែលនៅសល់ពេលមិនដល់មួយសប្តាហ៍ទៀតផង។
លោក DeSantis និងលោកស្រី Haley បានចំណាយពេលនៅកម្មវិធីនោះដែលមានរយៈពេលជិត ២ម៉ោង រិះគន់គ្នាទៅវិញទៅមក ហើយកម្ររិះគន់បេក្ខជននាំមុខគេនៅក្នុងការប្រកួតប្រជែងនោះ គឺអតីតប្រធានាធិបតីលោក Donald Trump។ នៅពេលដែលសួរថា តើលោកស្រីគិតថាលោក Trump មានអត្តចរិកដើម្បីដឹកនាំប្រទេសដែរឬទេ លោកស្រី Haley បានបញ្ចៀសការឆ្លើយទៅនឹងសំណួរនោះដោយផ្ទាល់ ដោយនិយាយថា ប្រធានាធិបតីថ្មីត្រូវតែ «មានសីលធម៌ច្បាស់លាស់»។
អតីតអភិបាលរដ្ឋ South Carolina មានគោលជំហរយ៉ាងច្បាស់អំពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ដែលលោក Trump បានបដិសេធ។ លោកស្រីនិយាយថា៖ «លោក Trump បានចាញ់ការបោះឆ្នោត ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានឈ្នះការបោះឆ្នោតនោះ»។
នៅក្នុងចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយ គឺលោក DeSantis បានរិះគន់លោកស្រី Haley ដែលយល់ស្របក្នុងការបញ្ជូនថវិកា ដើម្បីគាំទ្រអ៊ុយក្រែនថាជា «វិធីនៃការគិតរបស់អង្គការសហប្រជាជាតិ» ដែលធ្វើដូចជាសហរដ្ឋអាមេរិកមានប្រភពធនធានមិនចេះអស់ ដោយលោកនិយាយថា៖ «គេអាចដកឯកអគ្គរដ្ឋទូតចេញពីអង្គការសហប្រជាជាតិបាន ក៏ប៉ុន្តែ គេមិនអាចដកអង្គការសហប្រជាជាតិចេញពីឯកអគ្គរដ្ឋទូតរូបនេះបានទេ»។
លោកស្រី Haley បានងាកចេញពីការប្រឆាំងកើនឡើងរបស់គណបក្សសាធារណរដ្ឋក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែន ដោយគាំទ្រការផ្តល់ឧបករណ៍និងអាវុធ ពីព្រោះតែការទស្សន៍ទាយរបស់លោកស្រីថា បើរុស្ស៊ីឈ្នះ «ប្រទេសប៉ូឡូញនិងតំបន់បាល់ទិកត្រូវរុស្ស៊ីឈ្លានពានបន្ទាប់ ហើយថាការណ៍នេះដាក់សហរដ្ឋអាមេរិកក្នុងហានិភ័យ»។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីជំទាស់ប្រឆាំងការបញ្ជូនប្រាក់ទៅឱ្យបរទេស ដែលសហរដ្ឋអាមេរិកគ្មានលទ្ធភាពតាមដាន។
លោក Trump ដែលប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ នៅក្នុងការចោទប្រកាន់ធំៗចំនួន ៤ បាននាំមុខដោយមានពិន្ទុពី ៣០ ទៅ ៤០ ពិន្ទុ លើគូប្រជែងទាំងពីរនៅក្នុងការស្ទង់មតិ។ លោក Trump មិនចូលរួមក្នុងការជជែកដេញដោលទល់មុខជាមួយគូប្រជែងរបស់លោក នៅក្នុងការជជែកដេញដោលដែលរៀបចំដោយទូរទស្សន៍ CNN ទេ តែលោកបានជ្រើសរើសកាលពីថ្ងៃពុធធ្វើការប្រជុំវេទិកាសាធារណៈដែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្ រដែលផ្សាយតាមបណ្តាញទូរទស្សន៍ Fox News វិញ៕
វេទិកាបញ្ចេញមតិ