ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា លោក Patrick Shanahan បានដកខ្លួនចេញពីការពិចារណាជារដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក។ លោក ត្រាំ និយាយទៀតថា លោកចង់ចំណាយពេលកាន់តែច្រើនឡើងជាមួយក្រុមគ្រួសាររបស់លោក។
ប្រធានាធិបតី ត្រាំ និយាយទៀតថា លោក Mark Esper នាយអគ្គកងទ័ពជើងគោកនឹងជំនួសលោក Shanahan ជារដ្ឋមន្រ្តីការពារប្រទេសអាមេរិកស្តីទី។
លោក Esper ត្រូវបានគេជឿជាក់ថា ជាគូប្រកួតប្រជែងនាំមុខជារដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រសិនបើលោក Shanahan មិនបានទទួលការតែងតាំងពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះទេ។
កាសែត USA Today បានរាយការណ៍កាលពីថ្ងៃអង្គារថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានធ្វើការស៊ើបអង្កេតជម្លោះដែលមានរយៈពេល៩ឆ្នាំរវាងលោក Shanahan និងលោកស្រី Kimberly ដែលកាលនោះជាភរិយារបស់លោក ដែលជាផ្នែកមួយនៃការពិនិត្យប្រវត្តិរូបមុនពេលសវនាការទទួលការតែងតាំងពីព្រឹទ្ធសភា។
កាសែត USA Today រាយការណ៍ទៀតថា លោក Shanahan និងអតីតភរិយារបស់លោក បានបញ្ជាក់ក្នុងបណ្តឹងតុលាការនិងរបាយការណ៍របស់ប៉ូលិសថា ជម្លោះនោះបានរីកកាន់តែធំឡើង។
ការដកខ្លួនរបស់លោក Shanahan ពីការពិចារណា កើតមានឡើងនៅពេលដែលមានការកើនឡើងនូវការតានតឹងរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់។
លោកប្រធានាធិបតី ត្រាំ មិនមានរដ្ឋមន្រ្តីការពារប្រទេសអចិន្រ្តៃយ៍ចាប់តាំងពីលោក James Mattis លាចេញពីដំណែងមក៕