ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​សហរដ្ឋ​អាមេរិក​ថ្ងៃ ៤ កក្កដា


ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​ភរិយា​ Melania Trump ប្រារព្ធ​ទិវា​ឯករាជ្យជាតិ​ថ្ងៃ ៤ កក្កដា នៅ​សេតវិមាន។
ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​ភរិយា​ Melania Trump ប្រារព្ធ​ទិវា​ឯករាជ្យជាតិ​ថ្ងៃ ៤ កក្កដា នៅ​សេតវិមាន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ដោយ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ដែល​មាន​ឈ្មោះ​ថា «ការ​គោរព​ចំពោះ​សហរដ្ឋ​អាមេរិក» កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​បរិវេណ​សេតវិមាន។

នៅ​ក្នុង​ឱកាស​នោះ លោក​បាន​ថ្លែង​សុន្ទរកថា​វាយ​ប្រហារ​លើ «ក្រុម​មនុស្ស​មាន​កំហឹង» ស្រប​ពេល​ដែល​លោក​លើក​ឡើង​ម្ដង​ទៀត​នូវ​ពាក្យពេចន៍ និង​គោល​គំនិត​នៃ​សុន្ទរកថា​របស់​លោក​ដែល​បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​រមណីយដ្ឋាន Mount Rushmore នៃ​រដ្ឋ South Dakota។

លោក Trump និយាយ​ដូច្នេះ​ថា៖ «ឥឡូវ​នេះ យើង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​យក​ឈ្នះ​លើ​ពួក​ឆ្វេង​និយម​ជ្រុល ពួក​អនាធិបតេយ្យ ពួក​បង្ក​ចលាចល ពួក​លួច​ប្លន់ និង​ពួក​ដែល​មិន​ដឹង​ខ្យល់​ទាល់តែ​សោះ​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​នោះ។ យើង​នឹង​មិន​អនុញ្ញាត​ជា​ដាច់ខាត​ឲ្យ​ក្រុម​មនុស្ស​ដែល​ពោរពេញ​ដោយ​កំហឹង​ទាំង​នេះ​កម្ទេច​ចោល​នូវ​រូប​សំណាក​នានា​របស់​សហរដ្ឋ​អាមេរិក លុប​ចោល​នូវ​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក និង​បញ្ចូល​មនោគមវិជ្ជា​ដល់​កូនចៅ​របស់​យើង​នោះ​ឡើយ»។

លោក​បាន​បន្ថែម​ថា៖ «យើង​នឹង​ការពារ គាំពារ និង​រក្សា​នូវ​បែបបទ​រស់នៅ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ពេល​ដែល​លោក Columbus បាន​រុករក​ឃើញ​ដែនដី​សហរដ្ឋ​អាមេរិក​នេះ​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៤៩២»។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​មិន​ទាន់​ទទួល​បាន​ការ​តែងតាំង​ផ្លូវការ​នៅ​ឡើយ និង​ដែល​ជា​គូ​ប្រជែង​របស់​លោក Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ បាន​ប្រើ​ពាក្យពេចន៍​ផ្សេង​ពី​លោក Trump។

លោក Biden បាន​សរសេរ​នៅ​លើ Twitter ថា៖ «ប្រទេស​ជាតិ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គោល​គំនិត​សាមញ្ញ​មួយ ដែល​នោះ​គឺ មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​ស្មើ​គ្នា។ យើង​មិន​ដែល​គោរព​តាម​គោល​គំនិត​នេះ​ទេ ប៉ុន្តែ​យើង​ក៏​មិន​ដែល​ឈប់​ព្យាយាម​នោះ​ដែរ។ ទិវា​ឯករាជ្យ​ជាតិ​លើក​នេះ​មិន​ត្រឹមតែ​ជា​ពេល​ដែល​យើង​ត្រូវ​ប្រារព្ធ​នូវ​គោល​គំនិត​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ពេល​ដែល​យើង​ត្រូវ​ប្ដេជ្ញា​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​គោល​គំនិត​ទាំង​នេះ​ផង​ដែរ»។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ អ្នក​ទស្សនា​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីលាន National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ថ្ងៃ ៤ កក្កដា។ ទិវា​នេះ​មាន​ការ​បង្ហាញ​ការ​បាញ់​កាំជ្រួច​ទ្រង់ទ្រាយ​ធំ ទោះបីជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក៏​ដោយ៕

XS
SM
MD
LG