ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្រេច​របស់​លោក Trump ចំពោះ​ពួក Kurd នៅ​ស៊ីរី ធ្វើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​ចាប់​អារម្មណ៍


យុទ្ធជន​ប្រឆាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​តួកគី​សាទរ​នៅ​ក្នុង​ក្រុងTal Abyad ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
យុទ្ធជន​ប្រឆាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​តួកគី​សាទរ​នៅ​ក្នុង​ក្រុងTal Abyad ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

ការ​សម្រេច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ដក​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​ស៊ីរី នៅ​ចំ​ពេល​ដែល​មាន​ការ​លុកលុយ​ពី​ប្រទេស​តួកគី ត្រូវ​បាន​គេ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក Trump រង​ការ​ចោទ​ប្រកាន់​ថា​បាន​បោះបង់​ចោល​ពួក Kurd ដែល​បាន​ជួយ​សហរដ្ឋ​អាមេរិក​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម ដោយសារ​លោក​បាន​ដក​កង​ទ័ព​អាមេរិកាំង ១ ពាន់​នាក់​ពី​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ស្រប​ពេល​ដែល​តួកគី​ធ្វើ​ការ​វាយ​លុក​ដែល​គ្រោង​ជា​យូរ​មក​ហើយ​ប្រឆាំង​នឹង​យុទ្ធជន Kurd។

លោក Trump បាន​ទទូច​ថា លោក​គ្រាន់តែ​ព្យាយាម​ធ្វើ​តាម​ការ​សន្យា​របស់​លោក​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ ដែល​លោក​ធ្លាប់​បាន​សន្យា​ថា​នឹង​ដក​កង​ទ័ព​អាមេរិកាំង​ចេញ​ពី​ស្ថានការណ៍​វឹកវរ​នានា​នៅ​បរទេស។ លោក​បាន​ចាត់ទុក​ការ​សម្រេច​របស់​ប្រទេស​ស៊ីរី​ថា​ជា​ការ​ប្រឆាំង​នឹង​មន្ត្រី និង​អ្នក​ជំនាញការ​របស់​សហរដ្ឋ​អាមេរិក ដែល​ជួយ​គាំទ្រ​អ្វី​ដែល​លោក​ហៅ​ថា​ជា «សង្គ្រាម​គ្មាន​ទី​បញ្ចប់‍»។

រឿងរ៉ាវ​ដូច​នេះ​គឺ​ជា​រឿង​ពាក់ព័ន្ធ​ពិសេស​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​អារម្មណ៍ ដោយ​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ធាតុ​ពិត​នៅ​មាន​សង្គ្រាម​នៅ​ឡើយ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​តាំង​ពី​ទសវត្សរ៍ ១៩៥០ មក។ សហរដ្ឋ​អាមេរិក​មាន​ទាហាន​ឈរ​ជើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​ជាង ២ ម៉ឺន ៨ ពាន់​នាក់។

លោក Trump បាន​រិះគន់​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ​កាន់តែ​មាន​ភាព​តានតឹង​ជាង​មុន​នៅ​ពេល​ដែល​ក្រុម​អ្នក​ចរចា​របស់​លោក Trump ចូលរួម​ក្នុង​ការ​ចរចា​ដែល​មាន​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បង់​ថ្លៃ​ចំណាយ​ច្រើន​បន្ថែម​ទៀត​សម្រាប់​ការ​ចំណាយ​នៃ​ការ​មាន​វត្តមាន​របស់​ទាហាន​អាមេរិកាំង​នៅ​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង។

អត្ថបទ​វិចារណកថា​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​កាសែត Chosun Ilbo របស់​កូរ៉េ​ខាង​ត្បូង​កាល​ពី​សប្ដាហ៍​មុន បាន​បង្ហាញ​អំពី​ទំនាក់ទំនង​យ៉ាង​ច្បាស់​រវាង​ការណ៍​ដែល​លោក Trump «ក្បត់‍» ពួក Kurd និង​គោល​បំណង​របស់​លោក Trump ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

អត្ថបទ​នេះ​បន្ត​ថា លោក Trump វាយ​តម្លៃ​លើ​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ផ្អែក​លើ​លុយ ដោយសារតែ​លោក Trump បាន​គំរាម​ប៉ុន្មាន​លើក​រួច​មក​ហើយ​ថា​នឹង​ដក​កង​ទ័ព​អាមេរិកាំង​ចេញ​ពី​ដែនដី​កូរ៉េ៕

XS
SM
MD
LG