ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បង្ហាញ​ពី​គោល​នយោបាយ​តឹងតែង​ចំពោះ​បញ្ហា​អន្តោប្រវេសន៍


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋលោក Donald Trump ថ្លែង​នៅ​សាកលវិទ្យាល័យ​ Youngstown State ក្នុង​ទីក្រុង​ Youngstown រដ្ឋ Ohio កាលពី​ថ្ងៃ​ទី​០៨ សីហា​ ២០១៦។
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋលោក Donald Trump ថ្លែង​នៅ​សាកលវិទ្យាល័យ​ Youngstown State ក្នុង​ទីក្រុង​ Youngstown រដ្ឋ Ohio កាលពី​ថ្ងៃ​ទី​០៨ សីហា​ ២០១៦។

បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​មាន «ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹងតែង​បំផុត‍» សម្រាប់​ជន​អន្តោប្រវេសន៍​ណា​ដែល​មាន​គោល​បំណង​ចង់​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា មាន​តែ​អ្នក​ដែល​ផ្ដល់​តម្លៃ​ដល់​សហរដ្ឋ​អាមេរិក និង​ប្រជាពលរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​អន្តោប្រវេសន៍​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​បាន។

លោក Trump បាន​ថ្លែង​បញ្ជាក់​ពី​គោលនយោបាយ​ការបរទេស និង​អន្តោប្រវេសន៍​របស់​លោក​ដូច​នេះ​នៅ​ឯ​ទីក្រុង Youngstown រដ្ឋ Ohio។

ដោយ​ពី​មុន​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ហាមឃាត់​បណ្ដោះ​អាសន្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​របស់​អ្នកកាន់​សាសនា​ឥស្លាម​ លោក Trump បាន​សន្យា​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា លោក​នឹង​សើរើ​ដំណើរការ​ត្រួត​ពិនិត្យ​ជន​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក និង​រារាំង​អ្នក​មាន​ទស្សនៈ​ជ្រុល​និយម ឬ​អ្នក​ដែល​មិន​ផ្ដល់​តម្លៃ​ដល់​សហរដ្ឋ​អាមេរិក។

លោក Trump និយាយ​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​ដែល​មិន​ជឿ​លើ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​អ្នក​គាំទ្រ​អ្នក​មាន​គំនិត​ប្រឆាំង​អ្នក​ដទៃ​ដែល​មាន​ទស្សនៈ​ខុស​ពី​ខ្លួន និង​អ្នក​គាំទ្រ​ឲ្យ​មាន​ការ​ស្អប់​គុំគួន នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ទេ។ មាន​តែ​អ្នក​ដែល​មាន​គោល​បំណង​ចង់​ជួយ​សហរដ្ឋ​អាមេរិក​ឲ្យ​រីកចម្រើន និង​អ្នក​ដែល​អាច​ទទួល​យក​បាន​នូវ​សង្គម​ដែល​អត់ឱន​របស់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ដែល​នឹង​ទទួល​បាន​ទិដ្ឋាការ​ចូល​មក​សហរដ្ឋ​អាមេរិក‍»។

លោក Trump មិន​បាន​បញ្ជាក់​ថា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ណា​មួយ ឬ​តំបន់​ណាមួយ​នៅ​ក្នុង​ពិភពលោក ដែល​នឹង​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដ៏​តឹងតែង​នោះ​ទេ ហើយ​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ប្រទេស ឬ​តំបន់​ទាំង​នោះ​នឹង​មិន​កើតឡើង​ទេ រហូត​ទាល់តែ​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​បាន​បញ្ចប់​រួចរាល់​សិន។

ជា​ថ្មី​ម្ដង​ទៀត លោក Trump នៅតែ​ធ្វើ​ការ​វាយ​ប្រហារ​លើ​លោក​ប្រធានាធិបតី​ Barack Obama និង​លោកស្រី Hillary Clinton ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​ចំពោះ​គោល​នយោបាយ​ការបរទេស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី និង​លីប៊ី។ ប៉ុន្តែ​លើក​នេះ លោក​មិន​បាន​ហៅ​លោក Obama ថា​ជា​អ្នក​បង្កើត​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ទេ៕

XS
SM
MD
LG