ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចែករំលែកសារ Twitter មួយបន្ដពីគេ រួចហើយក៏បានលុបចោលវិញ ដែលសារនោះបង្ហាញពីឈ្មោះអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ ដែលបានប្ដឹងលោក ត្រាំ រហូតធ្វើឲ្យរដ្ឋសភាអាមេរិកសម្រេចចោទប្រកាន់ដើម្បីទម្លាក់លោកពីតំណែង។
នៅមុនពាក់កណ្ដាលអាធាត្រថ្ងៃសុក្រ លោក ត្រាំ បានចែករំលែកសារមួយបន្ដពីគណនី Twitter មួយឈ្មោះថា Surfermom77 ដែលគណនីនោះបានអះអាងថា ជារបស់ស្ត្រីម្នាក់ឈ្មោះ Sophia រស់នៅក្នុងរដ្ឋ California។ គណនីមួយនោះបានបង្ហាញពីសកម្មភាពមួយចំនួននិងរូបភាពពីអ៊ីនធឺណិត។
ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍ សារនោះក៏ត្រូវបានលុបចោលវិញពីគណនីរបស់លោក ត្រាំ បើទោះជាសារនោះនៅអាចរកឃើញតាមមធ្យោបាយផ្សេងទៀត ដូចជាតាមរយៈគេហទំព័រមួយ ដែលផ្ដិតយករូបភាពទាំងអស់នៃសារ tweet របស់លោកប្រធានាធិបតី។
ខណៈដែលលោក ត្រាំ បានគាំទ្រម្ដងហើយម្ដងទៀតលើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចេញមុខអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ សារចែករំលែករបស់លោក ត្រាំ លើ Twitter បានបង្ហាញជាលើកដំបូងនូវឈ្មោះរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ម្នាក់នោះដល់អ្នកតាមដានព័ត៌មានរបស់លោកលើ Twitter ទាំង៦៨លាននាក់។
ការបញ្ចេញអត្តសញ្ញាណរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ ដែលធ្វើការនៅក្នុងផ្នែកស៊ើបការណ៍សម្ងាត់ អាចបំពាននឹងច្បាប់ការពាររបស់សហព័ន្ធ ដែលគណបក្សនយោបាយទាំងពីរគាំទ្រ៕