ក្រុមរដ្ឋអាជ្ញានៅក្នុងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនៅក្រោមលោកអតីតប្រធានាធិបតីDonald Trumpបានរឹបអូសយកទិន្នន័យរបស់សមាជិកសភា២រូបខាងគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រនិងបុគ្គលិកនិងសមាជិកគ្រួសាររបស់ពួកគេពីក្រុមហ៊ុន Apple។នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កាសែតនោះបានរាយការណ៍ថាដីការឹបអូសទិន្នន័យរបស់លោក Adam Schiff សមាជិករដ្ឋសភាមកពីរដ្ឋ California ដែលជាគូសត្រូវរបស់លោកTrump។ពេលនោះលោកជាសមាជិកកំពូលរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មការស៊ើបការណ៍សម្ងាត់នោះហើយឥឡូវនេះ លោកជាប្រធាន។
សមាជិករដ្ឋសភាលោក Eric Swalwell បានប្រាប់បណ្តាញទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ថាលោកដែលជាសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យទី២នៅក្នុងគណៈកម្មាធិការនោះក៏ជាគោលដៅដែរ។
លោកបាននិយាយថា៖ «ខ្ញុំបានទទួលដំណឹងពីក្រុមហ៊ុនAppleថាពួកគេបានរឹបអូសយកទិន្នន័យរបស់ខ្ញុំ។វាជាកំហុសមួយ»។
កាសែត New York Times ឲ្យដឹងថាក្រុមរដ្ឋអាជ្ញាដែលធ្វើការនៅក្រោមលោកJeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានខិតខំប្រឹងប្រែងមិនធម្មតានៅឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ដើម្បីស្វែងរកប្រភពទម្លាយព័ត៌មានសម្ងាត់អំពីការទាក់ទងរវាងមនុស្សរបស់លោកTrumpនិងប្រទេសរុស្ស៊ី។
ក្រុមមន្ត្រីក្រសួងយុត្តិធម៌មិនត្រឹមតែយកទិន្នន័យអេឡិចត្រូនិករបស់សមាជិកសភាទេក៏ប៉ុន្តែយកទិន្នន័យបុគ្គលិកនិងក្រុមគ្រួសាររបស់គេផងដែររួមទាំងក្មេងអាយុក្រោម១៨ឆ្នាំព្រោះពួកអ្នកស៊ើបអង្កេតគិតថាសមាជិកសភាបានប្រើបុគ្គលិកក្រោមបង្គាប់ឬឧបករណ៍កូនរបស់គេដើម្បីលាក់ការទាក់ទងជាមួយអ្នកកាសែត។
កាសែតនេះបានរាយការណ៍ថាមិនមានទិន្នន័យ ឬភ័ស្តុតាងដាក់បន្ទុកសមាជិកសភាឬគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ទាក់ទងការលេចធ្លាយព័ត៌មាននោះទេ៕