លោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Moon Jae-in បានព្រមព្រៀងគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ ក្នុងការសហប្រតិបត្តិការជិតស្និទ្ធដើម្បីដោះស្រាយជាមួយនឹងកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
នៅក្នុងការសន្ទនាតាមទូរស័ព្ទក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោក Moon មន្ត្រីកូរ៉េខាងត្បូងនិយាយថា លោក ត្រាំ ពណ៌នាបញ្ហាដែលពាក់ព័ន្ធនឹងមហិច្ឆតាយោធារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ថាស្មុគស្មាញ ប៉ុន្តែជាបញ្ហាដែលអាចដោះស្រាយបាន។
លោក ត្រាំ បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដែលជាកំពែងដ៏វែងសម្រាប់ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង គឺខ្លាំងក្លា ហើយលោកក៏បានអញ្ជើញលោក Moon ឲ្យមកធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ផងដែរ។ នេះបើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
មេដឹកនាំកូរ៉េខាងត្បូងថ្មីបានចាត់វិធានការផ្សះផ្សារគ្នាជាមួយកូរ៉េខាងជើង ច្រើនជាងលោក ត្រាំ ដែលបានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅលើឧបទ្វីបកូរ៉េ ដើម្បីជាការព្រមានដល់កូរ៉េខាងជើង ចំពោះការផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។ លោក ត្រាំ ចង់ឲ្យដាក់ទណ្ឌកម្មថ្មីទៅលើរបបរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងធ្វើឲ្យប្រទេសកុម្មុយនិស្តមួយនេះឯកោបន្ថែមទៀត៕