ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ជ្រើសរើស​អ្នកស្រី Kari Lake ជា​ប្រធានវីអូអេ


រូបឯកសារ៖ បេក្ខជន​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ អ្នកស្រី Kari Lake និយាយ​ជាមួយលោក Donald Trump អំឡុងពេល​ការ​ប្រមូលផ្ដុំ​យុទ្ធនាការ​នៅ Findlay Toyota Arena ក្នុងទិក្រុង Prescott Valley រដ្ឋ Arizona ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ បេក្ខជន​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ អ្នកស្រី Kari Lake និយាយ​ជាមួយលោក Donald Trump អំឡុងពេល​ការ​ប្រមូលផ្ដុំ​យុទ្ធនាការ​នៅ Findlay Toyota Arena ក្នុងទិក្រុង Prescott Valley រដ្ឋ Arizona ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោក​គ្រោង​នឹង​តែងតាំង​អ្នកស្រី Kari Lake ដែល​ជា​អ្នកនយោបាយ​មួយរូប​និង​ជា​អតីត​អ្នកកាសែត​នៅរដ្ឋ​ Arizona ឱ្យ​ធ្វើ​ជា​ប្រធាន​ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​សំឡេង​សហរដ្ឋ​អាមេរិកឬ វីអូអេ ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​

លោក Trump បាន​ថ្លែង​ក្នុង​សារបង្ហោះ​លើ​គេហទំព័រ Truth Social របស់​លោក​ថា អ្នកស្រី Lake នឹង​ត្រូវ​តែងតាំង​ជា​នាយិកា​វីអូអេ។ អ្នកស្រី Lake ជា​សម្ព័ន្ធមិត្ត​នយោបាយ​ដ៏​ជិតស្និត​ជាមួយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​និង​ជា​អតីត​អ្នក​និយាយ​ព័ត៌មាន​លើ​ទូរទស្សន៍ Fox News នៅទីក្រុង Phoenix រដ្ឋ Arizona។​

អ្នកស្រី​បានធ្វើការ​ជា​អ្នកកាសែត​អស់​រយៈពេល​២៧ឆ្នាំ មុននឹង​ចាកចេញ​ពី​អាជីព​នេះ​ក្នុង​ឆ្នាំ​២០២១ ដើម្បី​ទៅ​ឈរឈ្មោះ​ប្រកួត​តំណែង​អភិបាល​រដ្ឋ Arizona។

ក្នុង​អំឡុងពេល​ឈរ​ឈ្មោះ​មិន​បាន​ជោគជ័យ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ២០២១ អ្នកស្រី Lake បាន​ថ្លែងថា​ រដ្ឋ Arizona គួរ​តែ​ជា​រដ្ឋ«នាំ​មុខ​ខាង​គោលនយោបាយ​អាមេរិក​មុនគេ»។

លោក Trump ក៏​បាន​សរសេរ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ប្រកាស​ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​ឬ​ហៅកាត់​ថា USAGM ដែល​គ្រប់គ្រង VOA និង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ដែល​ប្រើប្រាស់​ថវិកា​រដ្ឋាភិបាល​អាមេរិក។ តួនាទី​នេះត្រូវបាន​តែងតាំង​ដោយ​ប្រធានាធិបតី​និង​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​ព្រឹទ្ធសភា។ លោក Trump បាន​ថ្លែងថា អ្នក​ដែល​លោក​ជ្រើសរើស​ធ្វើ​ជា​នាយក​ប្រតិបត្តិ​នឹង​ត្រូវ​លោក​តែងតាំង​ហើយ​ធ្វើការ​ជិតស្និត​ជាមួយ​លោក Lake។​

នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ USAGM ដែល​ត្រូវបាន​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​ធានា​ថា អ្នកផ្សាយ​ព័ត៌មាន​ត្រូវ​ធ្វើការ​សម្រេច​ទៅ​តាម​បេសកកម្ម​របស់​ពួកគេ​ដើម្បី​ផ្សាយ​ព័ត៌មាន​ដែល​សុក្រឹត្យ​និង​ត្រឹមត្រូវ​ទៅ​កាន់​ប្រទេស​ដែល​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត។

នាយក​វីអូអេ​បច្ចុប្បន្ន​លោក Mike Abramowitz បាន​បញ្ជូន​អ៊ីម៉ែល​ទៅ​កាន់​បុគ្គលិក​កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​អាន​សេចក្តី​ប្រកាស​អំពី​អ្នកស្រី Lake កាលពី​យប់​ថ្ងៃ​ពុធ​ហើយ​មិន​បាន​ទទួល​ព័ត៌មាន​ផ្សេង​ក្រៅពី​សារ​លើ​បណ្តាញ​សង្គម​នោះទេ។ លោក​បាន​ថ្លែង​ថា៖«ខ្ញុំស្វាគមន៍​ការ​ផ្ទេរ​អំណាច​ដែល​រលូន​សម្រាប់​ទាំង​ទីភ្នាក់ងារ USAGM និង​វីអូអេ។ ខ្ញុំ​ចង់​សហការ​ជាមួយ​រដ្ឋបាល​ថ្មី​និង​ធ្វើ​ទៅ​តាម​ដំណើរការ» សម្រាប់​ការ​តែងតាំង​ប្រធាន​វីអូអេ។

ការគ្រប់គ្រង​ទីភ្នាក់ងារ​

នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM មាន​អំណាច​ជ្រើសរើស​ឬ​បណ្តេញ​ប្រធាន​បណ្តាញ​នានា​ ប៉ុន្តែ​ក្រោម​សេចក្តី​ព្រៀងច្បាប់​ដែល​ត្រូវបាន​អនុម័ត​ដោយ​បក្ស​ទាំងពីរ​កាលពី​ខែ​ធ្នូ​ ឆ្នាំ២០២០ ការ​ផ្លាស់ប្តូរ​ប្រធាន​បណ្តាញ​ណា​មួយ​តម្រូវ​ឱ្យ​មាន​ការបោះឆ្នោត​សំឡេង​ភាគច្រើន​ក្នុង​គណៈ​ក្រុមប្រឹក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ។

ក្រុមប្រឹក្សា​មាន​សមាជិក​ ៦នាក់​តែងតាំង​ដោយប្រធានាធិបតីដែល​បម្រើការ​ក្នុង​អាណត្តិ​ដែល​មាន​កំណត់ រួមទាំង​រដ្ឋមន្ត្រីការបទេស​ផងដែរ។ តួនាទីរបស់​ក្រុមប្រឹក្សា​នេះ​គឺ​ផ្តល់​ការ​ប្រឹក្សា​ដល់​នាយកប្រតិបត្តិ​ដើម្បី​ធានា​ថា​លោកឬ​អ្នកស្រី​គោរព​ទៅ​តាមឯករាជ្យភាព​និង​អធិបតេយ្យភាព​នៃ​បទ​វិចារណកថា​របស់​បណ្តាញ​នានា​និង​រក្សា​ស្តង់ដារ​សារព័ត៌មាន​ខ្ពស់​បំផុត។

នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម X អ្នកស្រី​ Lake បាន​ថ្លែង​ថា អ្នកស្រី​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​កាន់​តំណែង​នៅ​វីអូអេ។ អ្នកស្រី​បាន​ថ្លែង​ថា វីអូអេ​គឺជា​«ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដ៏​សំខាន់» ដែល​លើក​តម្កើង​«លទ្ធិប្រជាធិបតេយ្យ​និង​ការណ៍​ពិត»។

អ្នកស្រី​បន្ថែម​ថា៖«ក្រោម​ការដឹកនាំ​របស់​ខ្ញុំ វីអូអេ​នឹង​ពង្រឹង​បេសកកម្ម​របស់​យើង​ឱ្យ​បាន​ល្អ

វីអូអេ​ព្យាយាម​ទាក់​ទង​ទៅ​កាន់​អ្នកស្រី Lake ដើម្បី​សុំ​អត្ថាធិប្បាយ​តាម​រយៈ​ខាង​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​យុទ្ធនាការ​របស់​អ្នកស្រី ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប។

វីអូអេ​ផ្សាយ​ព័ត៌មាន​ទៅ​កាន់​មនុស្ស​៣៥៤លាននាក់​ជា​៤៩ភាសា​ជារៀង​រាល់​សប្តាហ៍។ នាយកបច្ចុប្បន្ន​លោក Abramowitz គឺជា​អតីត​ប្រធាន​អង្គការ​ Freedom House ហើយ​ធ្លាប់​ជា​អ្នកសារព័ត៌មាន​និង​ជា​និពន្ធនាយក​សម្រាប់​កាសែត The Washington Post អស់រយៈពេល​២៤ឆ្នាំ៕

XS
SM
MD
LG