ថ្ងៃអង្គារនេះមានការបោះឆ្នោតសំខាន់ៗជាច្រើននៅសហរដ្ឋអាមេរិកដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ចេញធ្វើយុទ្ធនាការគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋក្នុងក្តីសង្ឃឹមថានឹងជួយរក្សាជំហរនយោបាយរបស់លោក នៅមួយឆ្នាំមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងការបោះឆ្នោតគ្រប់គ្រងរដ្ឋសភា និងព្រឹទ្ធសភាចូលមកដល់។
លោក ត្រាំ ដែលតាមរយៈការស្ទង់មតិបង្ហាញថាលោកកំពុងប្រឈមនឹងការមិនពេញចិត្តកាន់តែខ្លាំងពីសំណាក់អ្នកបោះឆ្នោតនៅទូទាំងប្រទេស និងដែលកំពុងប្រឈមនឹងការប្តឹងចោទប្រកាន់ទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើយុទ្ធនាការជួបជុំគ្នាមួយនៅរដ្ឋ Kentucky ដើម្បីគាំទ្រដល់អភិបាលរដ្ឋខាងគណបក្សសាធារណៈរដ្ឋលោក Matt Bevin ដែលជាអ្នកគាំទ្រស្នោះស័្មគ្ររបស់លោកប្រធានាធិបតី។ លោក Matt Bevin កំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យគឺលោក Andy Beshear រដ្ឋអាជ្ញាប្រចាំរដ្ឋ Kentucky ដែលលោកគឺជាកូនប្រុសរបស់អតីតអភិបាលរដ្ឋ Kentucky។
លោក ត្រាំបានបង្ហោះសារនៅលើ Twitter មុនពេលលោកចាកចេញ ទៅចូលរួម យុទ្ធនាការនៅរដ្ឋ Kentucky ថា «រដ្ឋ Kentucky កំពុងមានសេដ្ឋកិច្ចល្អបំផុតនៅក្រោមការដឹកនាំរបស់លោក Matt»។ ចំណែកឯនៅក្នុងសារមួយទៀតលោកត្រាំបានថ្លែងថា «លោក Matt នឹងមិនធ្វើឲ្យអ្នកអស់សង្ឃឹមទេ ហើយយើងនឹងបញ្ជូនសារដ៏ខ្លាំងមួយទៅកាន់អ្នកស្រី Nancy Pelosi និងគណបក្សប្រជាធិតេយ្យឆ្វេងនិយមជ្រុល»។
សាររបស់លោកត្រាំគឺចង់សំដៅទៅលើគូប្រជែងរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោន គឺអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ ដែលបានចាប់ផ្តើមធ្វើការស៊ើបអង្កេតប្តឹងប្រឆាំងនឹងលោកត្រាំ បន្ទាប់ពីលោកបាននិយាយឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលើលោក Joe Biden អតីតអនុប្រធានាធិបតីដែលជាបេក្ខជននាំមុខខាងគណបក្សប្រជាធិបតីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខ៕