កាលពីថ្ងៃពុធ លោក James Comey នាយកការិយាល័យ FBI បាននិយាយថាលោក «ក្អួតបន្តិចបន្តួច» នៅពេលគិតថាទីភ្នាក់ងាររបស់លោកជះឥទ្ធិពឡដល់ជ័យជម្នះរបស់លោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា. នៅក្រោយ FBI បានបើកធ្វើការស៊ើបអង្កេតជាថ្មីអំពីលោកស្រី Hillary Clinton គូប្រជែងរបស់លោក Trump តែប៉ុន្មានថ្ងៃមុនការបោះឆ្នោត។
លោក Comey បានថ្លែងប្រាប់គណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាស.រ.អា.ថា លោកពិបាកចិត្តខ្លាំងអំពីការបើកធ្វើការស៊ើបអង្កេតជាថ្មីអំពីការចាត់ចែងព័ត៌មានសម្ងាត់របស់លោកស្រី Clinton ក្នុងប្រព័ន្ធអ៊ីម៉ែលឯកជនរបស់លោកស្រី នៅពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស.រ.អា.។
ការស៊ើបអង្កេតជាថ្មីនេះធ្វើឡើងប៉ុន្មានខែក្រោយពីការិយាល័យ FBI បានបញ្ជាក់ថាលោកស្រីគ្មានធ្វើអ្វីខុសទេ។
លោក Comey បាននិយាយថា លោកបានសម្រេចថាវាអាចជា «គ្រោះថ្នាក់មួយ» ក្នុងការលាក់បាំងព័ត៌មាន នៅក្រោយពេលដែលលោកបានធានាប្រាប់សភាថា ការស៊ើបអង្កេតបានចប់ហើយនោះ។
លោកបាននិយាយថា «វាជាជម្រើសដ៏ពិបាក ក៏ប៉ុន្តែខ្ញុំនៅតែមានជំនឿថាវាជាជម្រើសត្រឹមត្រូវ»។
ជាធម្មតា FBI មិនលាតត្រដាងអំពីការស៊ើបអង្កេតពួកបេក្ខជនក្នុងរយៈពេលខ្លីមុនការបោះឆ្នោតទេដើម្បីកុំឱ្យការស៊ើបអង្កេតនេះមានផលប៉ះពាល់លើលទ្ធផលនៃការបោះឆ្នោត។ ក៏ប៉ុន្តែ លោក Comey បាននិយាយថា «គ្មានពេលណាមួយ» ដែលលោកយល់ថាការស៊ើបអង្កេតថ្មីនេះប្រហែលជាជួយលោក Trump ឱ្យឈ្នះលោកស្រី Clinton ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំទៅមិញនោះទេ។
លោក Comey បានធ្វើការលាតត្រដាងរបស់លោក១១ថ្ងៃមុនការបោះឆ្នោត នៅក្រោយពួកអ្នកស៊ើបអង្កេតបានរកឃើញអ៊ីម៉ែលរាប់ពាន់របស់លោកស្រី Clintonនៅពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកាំងនៅក្នុងកុំព្យូទ័ររបស់លោក Anthony Wiener អតីតសមាជិកសភាស.រ.អា.អាប់កិត្តិយស និងជាស្វាមីបែកបាក់គ្នារបស់អ្នកស្រី Huma Abedin សហការីលោកស្រី Clinton។
កាលពីថ្ងៃអង្គារ លោកស្រី Clinton បានបន្ទោសខ្លះៗដល់លោក Comey អំពីការចាញ់ឆ្នោតរបស់លោកស្រី៕