ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ​សហព័ន្ធ​ក្នុង​បទចោទ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត


រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកនិងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការមួយ នៅក្រុង Erie នៃរដ្ឋ Pennsylvania កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកនិងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការមួយ នៅក្រុង Erie នៃរដ្ឋ Pennsylvania កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Donald Trump ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​ប្រឈម​នឹង​បទចោទ​ពាក់ព័ន្ធ​នឹង​កិច្ចប្រឹងប្រែង​របស់​លោក​ ដើម្បី​កែប្រែ​លទ្ធផលឆ្នោត​កាលពី​ឆ្នាំ ២០២០ ​ដែល​លោក​បាន​ចាញ់។

អាជ្ញាធរ​បាន​បង្កើន​ការ​ការពារ​សន្តិសុខ​នៅ​បរិវេណ​ជុំវិញ​តុលាការ ​មុន​សវនាការ​នៅ​ល្ងាច​ថ្ងៃព្រហស្សតិ៍​នេះ។

លោក Trump ​ត្រូវគេ​រំពឹងថា​នឹង​ត្រូវ​បំពេញ​កិច្ចការ​តុលាការ​ពេល​ទៅ​ដល់ ​ដែល​មាន​រួមទាំង​ការ​ផ្តិត​ម្រាម​ដៃ ​និង​ការ​អះអាង​ថា​គ្មានទោស​កំហុស​ផង។

មហា​គណៈវិនិច្ឆ័យ​មួយ ​បាន​ចោទ​ប្រកាន់​លោក​ Trump ​ក្នុង​បទឧក្រិដ្ឋ​ចំនួន​ ៤ ​ដែល​រួមមាន​ការ​ឃុបឃិត​ដើម្បី​បន្លំ​សហរដ្ឋ​អាមេរិក ​រារាំង​ដំណើរការ​ផ្លូវការ​មួយ ​និង ​ឃុបឃិត​ដើម្បី​បំបាត់​សិទ្ធិ​របស់​អ្នក​បោះឆ្នោត​ក្នុង​ការបោះឆ្នោត​ដោយ​យុត្តិធម៌។

ក្រុមរដ្ឋអាជ្ញា​បាន​និយាយ​ក្នុង​ការចោទ​ប្រកាន់​ថា ​លោក Trump ​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​លួចបន្លំ​សន្លឹកឆ្នោត​ ដែល​លោក​បាន​ដឹង​ថា​មិនពិត ​ហើយ​ថា​លោក​បាន​គាប​សង្កត់​ឱ្យ​ក្រុមមន្ត្រី​បោះឆ្នោត ​និង​លោក​អតីត​អនុប្រធានាធិបតី ​Mike Pence ​ចាត់​វិធានការ​ដើម្បី​ឱ្យ​លោក Trump​ នៅ​កាន់តំណែង​ជាបន្ត។

ហ្វូង​អ្នកគាំទ្រ​លោក Trump ​បាន​សម្រុក​ចូល​វិមាន​កាពីតូល ​នៅថ្ងៃទី​ ៦ ​ខែមករា​ឆ្នាំ ២០២១​ ខណៈដែល​សភា​សហរដ្ឋ​អាមេរិក​កំពុង​កត់ត្រា​និង​បញ្ជាក់​លទ្ធផល​នៃ​ការបោះឆ្នោត។

លោក Trump ​បាន​អះអាង​ថា ​លោក​មិនបាន​ធ្វើអ្វី​ខុសឆ្គង​ទេ។ តាំងពី​បាន​ចាកចេញ​ពី​តំណែង លោក​បាន​អះអាង​ជាច្រើន​លើក​ច្រើន​សារ​ ថា​មាន​ការលួចបន្លំ​នៅក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០២០​ ហើយ​ចោទថា​ ការ​ស៊ើបអង្កេត​លើ​រូប​លោក ​ជំរុញ​ឡើង​ដោយ​រឿង​នយោបាយ។

លោក Trump ​បាន​ប្រកាស​ថា ​លោក​គ្មាន​ទោស​កំហុស​ទេ ​នៅក្នុង​ករណី​ឧក្រិដ្ឋកម្ម​ ២​ផ្សេង​ទៀត។

លោក Trump ​បាន​រង​ការចោទប្រកាន់​ក្នុង​តុលាការ​សហព័ន្ធ​មួយ​ទៀត ​ក្នុង​បទចោទ​ថា​បាន​រក្សា​ទុក​ឯកសារ​សម្ងាត់ ​នៅក្នុង​ភូមិ​គ្រឹះរបស់​លោក​ នៅ​រដ្ឋ Florida ​ហើយ​មិនព្រម​ធ្វើតាម​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ ដែលថា​លោក​ត្រូវ​ប្រគល់​ឯកសារ​ទាំងនោះ​មកវិញ។

លោក Trump ​ថែម​ទាំង​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​រដ្ឋញូវយ៉ក ​ក្នុង​បទ​ក្លែង​បន្លំ​ឯកសារ​ក្រុមហ៊ុន​ ពាក់ព័ន្ធ​ជាមួយ​ការ​បង់ប្រាក់​សូកប៉ាន់​តារា​ភាពយន្ត​អាសអាភាស​ម្នាក់ ​ក្នុង​អំឡុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​កាលពី​ឆ្នាំ ២០១៦។

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press និង Reuters

XS
SM
MD
LG