ប្រធានាធិបតីអាមេរិកលោក Donald Trump បានច្រានចោលសេចក្ដីរាយការណ៍ថ្មីៗមួយចំនួនដែលថា លោកជំពាក់គុណប្រទេសរុស្ស៊ី និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឬក៏លោកលាក់ទិន្នន័យនៃការសន្ទនាលក្ខណៈឯកជនរបស់លោកជាមួយនឹងលោក Putin នៅពេលដែលពួកគេបានជួបគ្នា ៥ ដងកន្លងមក ដែលក្នុងនោះមានទាំងជំនួបរបស់លោកទាំងពីរកាលពីខែកក្កដានៅក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ផងដែរ។
នៅពេលដែលអ្នកស្រី Jeanine Pirro ដែលជាអ្នកសម្របសម្រួលកម្មវិធីពិភាក្សាតាមទូរទស្សន៍ Fox News សួរលោក Trump ដោយផ្ទាល់កាលពីយប់ថ្ងៃសៅរ៍ថាតើលោកកំពុងធ្វើការ ឬក៏ធ្លាប់ធ្វើការឲ្យប្រទេសរុស្ស៊ីឬទេ លោក Trump ឆ្លើយក្នុងសម្ដីដើមថា៖ «ខ្ញុំគិតថា នេះជាសំណួរមាក់ងាយខ្លាំងបំផុត ដែលគេសួរខ្ញុំកន្លងមក»។
លោក Trump បាននិយាយថា៖ «ប្រសិនបើអ្នកសួរប្រជាពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ី គេប្រាកដជាឆ្លើយថា ខ្ញុំមានការតឹងតែងលើប្រទេសរុស្ស៊ីជាងនរណាៗទាំងអស់ ប្រហែលជាជាងប្រធានាធិបតីអាមេរិកណាៗទាំងអស់ ប៉ុន្តែប្រាកដណាស់គឺជាងប្រធានាធិបតីអាមេរិកសម័យទំនើប ៣ ឬ ៤ នាក់ចុងក្រោយនេះ។ ទោះតាមទស្សនៈយល់ឃើញណាក៏ដោយ គឺគ្មាននរណាម្នាក់មានការតឹងតែងជាងខ្ញុំនោះទេលើប្រទេសរុស្ស៊ី»។
លោក Trump គឺមានប្រតិកម្មចំពោះសេចក្ដីរាយការណ៍មួយនៅក្នុងកាសែត The New York Times ដែលថា មន្ត្រីទីភ្នាក់ងារ FBI បានចាប់ផ្ដើមស៊ើបអង្កេតលើករណីថាតើលោក Trump «មានបានធ្វើការដោយឆន្ទៈឲ្យប្រទេសរុស្ស៊ី ឬក៏ធ្លាក់ចូលទៅក្នុងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងមូស្គូដោយមិនដឹងខ្លួន ឬក៏យ៉ាងណានោះ» ដោយសារតែទីភ្នាក់ងារ FBI ចាប់អារម្មណ៍ចំពោះទង្វើរបស់លោក Trump បន្ទាប់ពីលោក Trump បានបញ្ឈប់អតីតប្រធានទីភ្នាក់ងារ FBI លោក James Comey ចេញពីតំណែងកាលពីខែឧសភា ឆ្នាំ ២០១៧ មក ដែលនៅពេលនោះ លោក James Comey ដឹកនាំការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦៕