មួយថ្ងៃមុនពេលដែលអង្គបោះឆ្នោតសហរដ្ឋអាមេរិកជួបប្រជុំគ្នាដើម្បីបោះឆ្នោតជាផ្លូវការជ្រើសរើសលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump នៅតែបន្ដបដិសេធលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅនេះ។
ការបដិសេធរបស់លោក Trump នេះ មានការគាំទ្រពីក្រុមអ្នកគាំទ្ររបស់លោករាប់ពាន់នាក់ ដែលបានតវ៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលបរាជ័យរបស់លោកក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមិនអាចបញ្ចប់ពេញលេញនោះទេ រហូតទាល់តែអង្គបោះឆ្នោតនៃរដ្ឋទាំង ៥០ ជួបប្រជុំគ្នាដើម្បីបោះឆ្នោតសម្រេចចុងក្រោយ។ អង្គបោះឆ្នោតនៅតាមរដ្ឋនីមួយៗត្រូវបានជ្រើសរើសដោយផ្អែកលើចំនួនប្រជាជន និងអ្នកតំណាងរបស់ពួកគេនៅក្នុងសភា។ អង្គបោះឆ្នោតនៃរដ្ឋនីមួយៗ នឹងបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតីរូបណាដែលបានឈ្នះនៅក្នុងការបោះឆ្នោតនៅក្នុងរដ្ឋរបស់ពួកគេ លើកលែងតែរដ្ឋចំនួនពីរតែប៉ុណ្ណោះដែលមិនធ្វើដូច្នេះ។
យោងតាមលទ្ធផលបោះឆ្នោតដែលត្រូវបានបញ្ជាក់ជាផ្លូវការរួចហើយនៃរដ្ឋទាំងអស់ លោក Biden បានឈ្នះអង្គបោះឆ្នោតចំនួន ៣០៦ ដែលច្រើនជាងចំនួនអង្គបោះឆ្នោតដែលលោកត្រូវការដើម្បីក្លាយជាប្រធានាធិបតីចំនួន ៣៦ ។ ចំណែកឯលោក Trump វិញ ឈ្នះបានអង្គបោះឆ្នោតចំនួន ២៣២។ ដោយពុំមានការបញ្ជាឲ្យពន្យារពេលពីតុលាការ អង្គបោះឆ្នោតត្រូវបានគេរំពឹងថា នឹងសម្រេចចុងក្រោយលើជ័យជម្នះរបស់លោក Biden នៅថ្ងៃច័ន្ទស្អែកនេះ។
តុលាការសហព័ន្ធ និងតុលាការនៅតាមរដ្ឋមួយចំនួន បានច្រានចោលពាក្យបណ្ដឹងរាប់សិបករណីរបស់លោក Trump និងក្រុមរបស់លោក ដែលស្វះស្វែងកែប្រែ ឬធ្វើមោឃភាពលទ្ធផលនៃការបោះឆ្នោតនៅក្នុងបណ្ដារដ្ឋដែលមានការប្រជែងខ្លាំង ដែលលោក Biden បានយកឈ្នះ។
កាលពីល្ងាចថ្ងៃសុក្រ តុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធមិនពិចារណាលើពាក្យបណ្ដឹងមួយរបស់រដ្ឋ Texas ដែលចង់ឲ្យច្រានចោលលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋចំនួន ៤។ ករណីនេះបានបញ្ចប់រាល់មធ្យោបាយរបស់លោក Trump នៅក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោតតាមរយៈផ្លូវតុលាការ។
ទោះជាយ៉ាងណាក៏ដោយ ក៏លោក Trump នៅតែផ្ដល់សញ្ញាណថា លោកនឹងមិនឈប់ត្រឹមនេះនោះទេ។
លោកប្រធានាធិបតី Trump បានបង្ហោះសារមួយនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា៖ «យើងទើបតែចាប់ផ្ដើមប្រយុទ្ធតែប៉ុណ្ណោះ»។ មួយម៉ោងក្រោយមក លោកបានសរសេរថា៖ «ខ្ញុំបានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី»។
លោក Trump បានបង្ហោះសារទាំងនេះនៅលើ Twitter ស្របពេលដែលក្រុមអ្នកគាំទ្រលោករាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីដើរដង្ហែក្បួន និងស្រែកបន្ទរឲ្យលោកនៅបន្ដកាន់តំណែងតទៅទៀត។ ការតវ៉ាស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ដែលក្រុមមេធាវីរបស់លោក Trump បានបរាជ័យក្នុងការកែប្រែជ័យជម្នះរបស់លោក Biden។
ការប៉ះទង្គិចគ្នាតាមដងផ្លូវនៅតាមកន្លែងមួយចំនួនបានកើតឡើងរវាងក្រុមគាំទ្រ និងក្រុមប្រឆាំងនឹងលោក Trump។ មនុស្សចំនួន ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារត្រូវបានគេចាក់ឲ្យរងរបួស ហើយមនុស្សចំនួន ២៣ នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់ស្នងការប៉ូលិសក្រុង៕