លោកប្រធានាធិបតីត្រាំបានអះអាងពីជោគជ័យដ៏មហិមាពីដំណើរទស្សនកិច្ចនៅអាស៊ី
អំឡុងពេលលោកនៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង ហ្វីលីពីន លោកត្រាំបានធ្វើតាមទស្សនៈ «ផលប្រយោជន៍អាមេរិកមុនគេ» ក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលល្អសម្រាប់សហរដ្ឋអាមេរិក។ លោកក៏បានជំរុញកូរ៉េខាងជើងកុំឲ្យសាកល្បងនឹងការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការការពារខ្លួនឯងនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ ខណៈដែលលោកត្រាំបានអះអាងពីការជោគជ័យដែលមិនធ្លាប់កើតមានពីទស្សនកិច្ចរបស់លោក ចំណងជើងសារព័ត៌មានទាំងឡាយភ្លាមៗបន្ទាប់ពីសុន្ទរកថានោះបែរជាផ្ដោតលើការផ្អាកមួយភ្លែតរបស់លោកអំឡុងពេលថ្លែងសុន្ទរកថានោះដើម្បីក្រេបទឹកមួយក្អឹកទៅវិញ ជាអ្វីដែលលោកត្រាំធ្លាប់រិះគន់សមាជិកព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋគឺលោក Marco Rubio កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ។ អ្នកស្រី Zlatica Hoke ជូនសេចក្តីរាយការណ៍នេះ ហើយកញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ។