ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​សម្រេច​ថា​តើ​លោក Trump ឬ​លោក Biden នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី


ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នៅ​ម៉ោង​ប្រមាណ ៤:៣០ នាទីព្រឹកនៅ​ការិយាល័យ​បោះឆ្នោត Lynbrook ក្នុង​ក្រុង Springfield រដ្ឋ Virginia ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ថ្ងៃទី៣ ខែវិច្ឆិកា។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដ៏​ស្វិតស្វាញ និង​ជូរចត់ បាន​ឈាន​មក​ដល់​ទី​បញ្ចប់ ហើយ​ការ​បោះឆ្នោត​កំពុង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ​នេះ។

អ្នក​បោះ​ឆ្នោត​រាប់​សិប​លាន​នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​នានា​នៅ​ទូទាំង​ប្រទេស ដើម្បី​សម្រេច​ថា​តើ​នឹង​ត្រូវ​ទុក​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​រយ:ពេល ៤ ឆ្នាំ​ទៀត ឬ​ក៏​ទម្លាក់​លោក ដោយ​ជ្រើសរើស​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ជំនួស​វិញ។

ដោយសារ​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក អ្នក​បោះឆ្នោត​ជាង ៩៨ លាន​នាក់​បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​រួច​ហើយ។ ចំនួន​នេះ​គឺ​ច្រើន​ជាង ២ ភាគ ៣ នៃ​សន្លឹក​ឆ្នោត​ដែល​បោះ​សរុប​ប្រមាណ​ជិត ១៣៩ លាន​សន្លឹក នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ ទៅ​ទៀត ដែល​នៅ​ពេល​នោះ លោក Trump បាន​យក​ឈ្នះ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Hillary Clinton។

ដោយ​អ្នក​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ សន្លឹកឆ្នោត​ដែល​បោះ​សរុប​សម្រាប់​ឆ្នំា ២០២០ នេះ ត្រូវ​បាន​អ្នក​ខ្លះ​ប៉ាន់ស្មាន​ថា អាច​ឈាន​ដល់​ប្រមាណ ១៥០ លាន​សន្លឹក ឬ​ច្រើន​ជាង​នេះ ដែល​វា​អាចជា​ចំនួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​ដោយសារ​មាន​ច្បាប់​ផ្សេងៗ​គ្នា​តាម​រដ្ឋ​នីមួយៗ​ទាក់ទិន​នឹង​រយៈពេល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ដែល​ផ្ញើ​តាម​ប្រៃសណីយ៍ ដែល​រដ្ឋ​ខ្លះ​នឹង​រាប់​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ដែល​ជា​ថ្ងៃ​បោះឆ្នោត ហើយ​រដ្ឋ​ខ្លះ​ទៀត​នឹង​រង់ចាំ​រាប់​សន្លឹក​ឆ្នោត​ដែល​ផ្ញើ​មក​ដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត នោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រហែលជា​មិន​ទាន់​អាច​ដឹង​ភ្លាមៗ​នោះ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG