ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden សន្យា​ផ្ដល់​វ៉ាក់សំាង​ដល់​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ឲ្យ​បាន​លឿន


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump (ឆ្វេង) ថ្លែង​សុន្ទរកថា​​​អំពី​គម្រោង​​ចែកចាយ​វ៉ាក់សាំង​របស់​លោក និង​លោក Joe Biden (ស្ដាំ) ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក ប្រកាស​សមាសភាព​ក្រុមការងារ​សុខាភិបាល​របស់​លោក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Joe Biden ដែល​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ផ្សេង​គ្នា​ក្នុង​ពេល​ដំណាល​គ្នា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

នៅ​ឯ​សេតវិមាន លោក Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយ ដើម្បី​ធានា​ថា ពលរដ្ឋ​អាមេរិកាំង​នឹង​ទទួល​បាន «អាទិភាព​ទី​មួយ» នៅ​ក្នុង​ការ​បាន​ចាក់​វ៉ាក់សំាង​កូវីដ១៩។

ដោយ​មិន​បញ្ជាក់​លម្អិត សេតវិមាន​បាន​ឲ្យ​ដឹង​ថា៖ «ក្រោម​បទ​បញ្ជា​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ទទួល​បទ​បញ្ជា​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទទួល​បាន​អាទិភាព​ក្នុង​ការ​បាន​ចាក់​វ៉ាក់សំាង​កូវីដ១៩»។

មុន​ពេល​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នេះ លោក Trump បាន​ថ្លែង​ទៅ​កាន់​ក្រុម​ចែកចាយ​វ៉ាក់សាំង​នៃ​គម្រោង​សម្របសម្រួល​និង​ពន្លឿន​ការ​ផលិត​និង​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ (The Operation Warp Speed) និង​ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ របស់​លោក អំពី​គម្រោង​ចាក់​វ៉ាក់សំាង​ទ្រង់ទ្រាយ​ធំ។

លោក Trump បាន​និយាយ​ថា៖ «នៅ​ប៉ុន្មាន​ខែ​ខាង​មុខ តួលេខ​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នឹង​ធ្លាក់​ចុះ​ខ្លាំង។ នេះ​គឺ​ភាព​អស្ចារ្យ​បំផុត​មួយ​នៃ​ឱសថ​សម័យ​ទំនើប»។

ចំណែក​ឯ​លោក Biden វិញ នៅ​ឯ​ទីក្រុង Wilmington រដ្ឋ Delaware ហាក់​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ នៅ​ពេល​ដែល​ចំនួន​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ និង​ករណី​អ្នក​ជំងឺ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ បាន​កើនឡើង​ខ្លាំង​ជាង​ពេល​ណាៗ​ទំាង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ដោយ​សន្យា​ថា​នឹង​ផ្ដល់​ការ​ចាក់វ៉ាក់សំាង​ឲ្យ​បាន ១០០ លាន​ដូស​ក្នុង​រយៈពេល ១០០ ថ្ងៃ​ដំបូង​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង លោក Biden បាន​និយាយ​ថា ការ​ចាក់​នេះ​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​លុប​បំបាត់​ជំងឺ​កូវីដ១៩ ទេ ប៉ុន្តែ «យើង​អាច​កែប្រែ​ស្ថានការណ៍​នៃ​ជំងឺ​នេះ​បាន»។

លោក Biden បាន​បញ្ជាក់​ថា៖ «ក្នុង​នាម​ជា​ប្រធានាធិបតី​ថ្មី ខ្ញុំ​នឹង​ថ្លែង​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជាពលរដ្ឋ​អាមេរិកាំង ឲ្យ​ពាក់​ម៉ាស់​ឲ្យ​បាន ១០០ ថ្ងៃ ដើម្បី​ជួយ​ខ្លួន​ឯង ក្រុម​គ្រួសារ​របស់​ខ្លួន និង​សហគមន៍​របស់​ខ្លួន»៕

XS
SM
MD
LG