ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​ចាប់ផ្តើម​សាកសួរ​ជនជាតិ​ថៃ​ជាប់​ឃុំឃាំង


លោក​វីរ៉ា ស៊ុមក្វាមគីត(Veera Somkwamkid) ​មេដឹកនាំ​ក្រុម​បាតុករ​អាវលឿង​ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​៧​នាក់​ ដែល​បាន​​ឆ្លងដែន​​ដោយ​ខុសច្បាប់​ចូល​មកក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ខេត្ត​បន្ទាយ​មានជ័យ។
លោក​វីរ៉ា ស៊ុមក្វាមគីត(Veera Somkwamkid) ​មេដឹកនាំ​ក្រុម​បាតុករ​អាវលឿង​ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​៧​នាក់​ ដែល​បាន​​ឆ្លងដែន​​ដោយ​ខុសច្បាប់​ចូល​មកក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ខេត្ត​បន្ទាយ​មានជ័យ។

បាងកក៖ តុលាការ​កម្ពុជា​បាន​ចាប់ផ្តើម​សាកសួរ​លើ​សំណុំ​រឿង​ជនជាតិ​ថៃ​៧នាក់ ​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​កាលពី​ខែមុន​ ពី​បទ​ឆ្លង​ចូល​ទឹកដី​ខ្មែរ​ខុសច្បាប់។ ករណី​នេះ​ បាន​នាំ​ឲ្យមាន​ការ​សង្ស័យ​អំពី​ចំណង​ទាក់ទង​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុម​អ្នក​ជាតិនិយម​គឺ​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ។

ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ ដែល​រួមមាន​សមាជិក​សភា​ម្នាក់​ផង​ ត្រូវបាន​នាំខ្លួន​ឡើង​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ អ្នក​ជាប់ចោទ​ទាំងនេះ​ត្រូវ​ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ​ខែធ្នូ ​ក្រោយ​ពីបាន​ឆ្លងដែន​ចូលមក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​កំហុស​ពីបទ​ឆ្លងដែន​និង​ចូល​ក្នុង​តំបន់​យោធា​ដោយ​ខុសច្បាប់​ នោះ​ជន​ជាប់​ចោទ​ទាំង​៧នាក់​នេះ​អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១៨​ខែ។

លោក ប៉ានីច វីគិតស្រេត (​Panich Vikitsreth) ​ដែល​ជា​មេ​ដឹកនាំ​ក្រុមនេះ​គឺ​ជា​សមាជិក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត ​វិចាជីវ៉ា។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ក៏​មាន​លោក​ វីរ៉ា ក្វាមស៊ុមគីត (Veera Somkwamkid) អតីត​មេដឹក​នាំ​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​និង​ជា​សមាជិក​បណ្តាញ​អ្នក​ស្នេហាជាតិ​ថៃ​ដែល​ជា​សាខា​របស់​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ។​ លោក​ វីរ៉ា​ត្រូវ​គេ​ឃាត់​ខ្លួន​រយៈ​ពេល​ខ្លី​ ​កាល​ពីឆ្នាំ​ទៅ ​នៅ​ក្នុង​តំបន់​ដដែល​នេះ​ប៉ុន្តែ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​ប្រទេស​ថៃ។

បណ្តាញ​អ្នក​ស្នេហាជាតិ​ថៃ​និយាយ​ថា ពលរដ្ឋ​ខ្មែរ​កាន់កាប់​ទឹក​ដីថៃ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ​ដែល​នៅ​ចម្ងាយ​២៤៥​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក។

លោក ធីទីណាន់ ពង្សុធីរ៉ាក់ (Thitinan ​Pongsudhirak)​ អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យា​ល័យ​ជូឡាឡុងកន (Chulalong Korn) ​និយាយ​ថា ​មាន​ភស្តុតាង​បង្ហាញ​ពី​ចេតនា​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ប្រទេស​កម្ពុជា។

«វីដេអូ ​ភស្តុតាង​មាន​រហូតមក​ដល់​ពេល​នេះ​ ​ហើយ​នឹង​សេចក្តី​ថ្លែង​ការណ៍​នៅ​ក្រសួង​ការ​បរទេស​ ដែល​រួមមាន​មន្ត្រី​ជាន់ខ្ពស់​ផងបាន​លើក​ឡើង​ថា​ជនជាតិ​ថៃ​៧នាក់ ​ដែល​ត្រូវ​ឃាត់​ចាប់​ខ្លួន​នេះ​ ពិត​ជា​បាន​ឆ្លងដែន​ចូលទៅ​ក្នុង​ទឹកដី​កម្ពុជា។​ ប៉ុន្តែ​អ្វី​ដែល​បង្ហាញ​អំពី​អ្នក​ស្នេហាជាតិ​ថៃ ​ឬ​បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ​គឺ​ថា​គេ​មាន​ចេតនា​បង្ក​រឿង»។

ក្នុង​វីដេអូ ​ដែល​ដាក់​តាម​បណ្តាញ​អ៊ីនធឺណិតគេ​ឃើញ​លោក​ប៉ានីច​និយាយ​តាម​ទូរស័ព្ទ​ដៃ​ថា​លោក​បាន​ឆ្លងដែន​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​បាន​សុំឲ្យ​ប្រាប់​រឿង​នេះ​ទៅ​លេខា​របស់​លោក​អាប់ភីស៊ីត។

លោក ​ធីទីណាន់​ និយាយ​ថា ​ឧបត្តិ​ហេតុនេះ​បង្ហាញ​ពីឥទ្ធិពល​របស់​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​ទៅលើ​រដ្ឋាភិបាល​របស់​លោក​អាប់ភីស៊ីត។​ បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តវ៉ា​ ដែល​នាំ​ឲ្យ​មាន​រដ្ឋ​ប្រហារ​យោធា​បណ្តេញ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ចេញពី​តំណែង​ ​កាលពី​ឆ្នាំ​២០០៦។ ​ហើយ​កាលពី​ឆ្នាំ​២០០៨​ បាតុករ​នៃ​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​បាន​បិទ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​បាងកក​ ហើយ​បាន​ចូល​កាន់កាប់​អាគារ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ ​រហូត​ដល់​តុលាការ​សម្រេច​ដក​រដ្ឋាភិ​បាល​ចំនួន​២​ដែល​គាំទ្រ​លោក​ថាក់ស៊ីន។

បន្ទាប់​មក តាមរយៈ​កលល្បិច​នៅ​រដ្ឋសភា​បាន​ឲ្យ​លោក​អាប់ភីស៊ីត​ឡើង​កាន់​អំណាច។ ​លោក​ធីទីណាន់ និយាយ​ថា ​ឥឡូវនេះ​ចំណង​ទាក់ទង​ជាមួយ​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​ទាំង​នេះ​បាន​បង្កការ​លំបាក​ដល់​រដ្ឋាភិ​បាល។

«នេះ​ជា​ការ​រំឭក​ប្រាប់​ថា​ ​ការ​ទទួល​ខុសត្រូវ​បណ្តាល​មកពី​មាន​ចំណង​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​បណ្តាញ​អ្នក​ស្នេហាជាតិ​ថៃ​នោះបាន​វិល​ត្រឡប់​មក​តាម​លង ​និង​វាយ​សំពង​គណបក្ស​ប្រជាធិប​តេយ្យ​និង​រដ្ឋាភិ​បាល​របស់​លោក​អាប់ភីស៊ីត។​ បញ្ហា​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា​រដ្ឋាភិ​បាល​ហាក់​ដូចជា​មិន​ដឹង​ថាខ្លួន​កំពុង​ធ្វើ​អ្វី​ទេ»។

ការ​ចាប់​ជនជាតិ​ថៃ៧​នាក់​នេះ​បាន​ប៉ះពាល់​ដល់​ការ​ប្រឹង​ប្រែង​កសាង​ទំនាក់​ទំនង​ឲ្យ​ប្រសើរ​ឡើង​ជាមួយ​ប្រទេស​កម្ពុជា។​ ចំណង​ទាក់ទង​នេះ​បាន​ធ្លាក់​ចុះ​ដុនដាប​ ​ក្រោយ​ពី​លោក​ថាក់ស៊ីន​បាន​ទៅ​ទស្សន​កិច្ច​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០០៩។​ លោក​ថាក់ស៊ីន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ពុករលួយ​ក្នុង​ប្រទេស​ថៃ​ ​ ហើយ​លោក​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។

មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​និយាយ​ថា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​ការ​សាកសួរ​ជន​ជាប់​ឃុំឃាំង​ចំនួន​៣នាក់​ក្នុង​ចំណោម​៧នាក់​នោះ។​ នៅ​មាន​ការ​សាកសួរ​ជា​បន្ត​ទៀត​ ​មុន​តុលាការ​ចេញ​សាលក្រម។

រដ្ឋាភិ​បាល​ថៃ​និយាយ​ថា​ខ្លួន​កំពុង​ធ្វើការ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ និង​បញ្ជូន​ជនជាតិ​ថៃ​៧នាក់​នេះមក​មាតុភូមិវិញ។

ប្រែ​សម្រួល​ដោយ​លោក​ ពិន ស៊ីសុវណ្ណ៕

XS
SM
MD
LG