ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ខាង​ជើង​ដាំ​ដើម​ឈើ​ដើម្បី​ប្រយុទ្ធ​ទុរ្ភិក្ស​និង​ទឺក​ជំនន់​


កសិករ​កូរ៉េខាងជើង​ដាំដើមឈើ​ និងដើមសណ្តែកដើម្បីយកផល និង​ការពារ​ការច្រោះ​ដី។
កសិករ​កូរ៉េខាងជើង​ដាំដើមឈើ​ និងដើមសណ្តែកដើម្បីយកផល និង​ការពារ​ការច្រោះ​ដី។

ទី​ក្រុង​វ៉ាស៊ីនតុន៖​ ដោយមាន​ពលរដ្ឋរបស់​ខ្លួនជិត​មួយ​ភាគ​ប្រាំ​ត្រូវ​ការ​ជំនួយស្បៀងអាហារ​ រដ្ឋាភិបាល​កុម្មុយនីស្ត​របស់កូរ៉េខាង​ជើង កំពុង​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម​អាហារ​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ កែ​ប្រែការ​ខូច​ខាតផ្នែកបរិស្ថាន​មួយ​ចំនួន​ ដែលបានធ្វើ​ឲ្យបញ្ហាគ្រោះ​ទុរ្ភិក្សដ៏រ៉ាំរ៉ៃ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ថែម​ទៀត។​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បាន​រួមចំណែក​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ធំៗ​ជា​ច្រើន​លើក​ នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ក្នុង​រយៈ​ពេល​១៥​ឆ្នាំចុងក្រោយ​នេះ។​ ប៉ុន្តែ​ ឥឡូវ​នេះ​ រដ្ឋាភិបាលកំពុង​គាំទ្រដល់​កិច្ច​ប្រឹង​ប្រែងតូច​មួយ​តែកំពុង​រីក​ធំ​ឡើង​ ដើម្បី​ស្តារឡើង​វិញ​នូវ​ជម្រាលខ្ពង់រាប​សម្រាប់ដាំ​ដើម​ឈើ​ហូប​ផ្លែ​ និង​យក​គ្រាប់។

រយៈ​ពេល​ជាង​៤​ទសវត្សរ៍​បន្ទាប់​ពី​ការ​បង្កើត​ប្រទេស​នេះ​ ក្រោយ​ពីសង្គ្រាមលោកលើក​ទី​ពីរ​មក​ ប្រទេស​កូរ៉េ​ខាង​ជើងបាន​ពឹង​ផ្អែក​លើសម្ព័ន្ធ​មិត្តកុម្មុយនីស្តរបស់​ខ្លួន​ គឺ​សហ​ភាពសូវៀត​ ក្នុង​ការ​ផ្តល់ជី​សម្រាប់​កសិកម្ម។​ នៅ​ពេល​ដែល​សហភាព​សូវៀត​បាន​ដួល​រលំក្នុង​ឆ្នាំ​១៩៨៩​ ផលិតកម្ម​អាហារនៅ​កូរ៉េ​ខាង​ជើង​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន។

លោក​ ម៉ាឃឺស​ ណូឡិន​ (Marcus​ Noland)​ នាយក​រង​នៃវិទ្យា​ស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ​ ភីធឺសុន​ (Peterson)​ មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតុន​ បាន​សិក្សា​ពី​កូរ៉េ​ខាង​ជើង​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ម៉្លេះ។​ លោកមាន​ប្រសាសន៍​ថា​ ខណៈ​ដែល​ផលិតកម្ម​អាហារបាន​ធ្លាក់​ចុះ​ ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ ​ត្រូវ​បាន​កាប់​ឆ្ការ​ដើម្បីយក​ដី​ដាំ​ដំ​ណាំ​បន្ថែម។

«ហើយ​ ខណៈ​ដែល​ដើម​ឈើត្រូវ​បាន​កាប់នៅ​តាម​ជម្រាល​ខ្ពង់​រាប​ ប្រការ​នោះបានរួមចំណែក​ដល់ការ​ហូរ​ច្រោះ​ដី​ និងដី​ល្បប់​ទន្លេ ​ដែលធ្វើ​ឲ្យបញ្ហាទឹក​ជំនន់តាម​រដូវ កាន់តែ​ធ្ងន់​ធ្ងរឡើង។​ ដូច្នេះ​ ​នៅ​ទី​បំផុត​ ជនជាតិ​កូរ៉េ​ខាង​ជើង​ បាន​ជួប​ប្រទះ​នូវបញ្ហា​បរិស្ថានដ៏​ពិត​ប្រាកដ​មួយ »។

ទឹក​ជំនន់​ធំៗ​ បាន​ធ្វើ​ឲ្យ​លិច​លង់កូរ៉េ​ខាង​ជើងក្នុង​ឆ្នាំ​២០០៧​ ហើយម្តង​ទៀត​ កាល​ពី​រដូវ​ក្តៅនេះ។​ ប៉ុន្តែ បញ្ហា​បរិស្ថាន​នេះ​ បានទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពីសំណាក់រដ្ឋាភិបាល​ ជាលើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៥​ ដែល​នៅ​ពេល​នោះ​ទឹក​ជំនន់​ដ៏​មហន្តរាយ​ បាន​បំផ្លាញវាល​ស្រែរបស់​ប្រទេស​នេះ​ ចំនួនប្រហែល​៤០​ភាគ​រយ​ ហើយបាន​រួម​ចំណែកដល់​គ្រោះ​ទុរ្ភិក្ស​ ដែល​បាន​សម្លាប់​មនុស្ស២លាន​នាក់​ បើ​តាម​ការ​ប៉ាន់​ស្មាន។

«បន្ទាប់​មក​ រដ្ឋាភិបាល​បាន​និយាយ​ថា​ ឥឡូវ​នេះ!​ យើង​ត្រូវ​តែ​ធ្វើ​កិច្ចការ​អ្វី​មួយ»។

នេះ​ គឺ​សំដី​របស់​លោក​ ស៊ូ​ ជៀនជូ​ (Xu​ Jianchu) ​អ្នក​វិទ្យាសាស្ត្រជាន់​ខ្ពស់​នៅមជ្ឈម​ណ្ឌលក្សេត្រសាស្ត្រ​ព្រៃ​ឈើ​ពិភពលោក​ (World​ Agroforestry​ Center)​ ដែល​ជាស្ថាប័នស្រាវជា្រ​វសកល​ យ៉ាងធំ​មួយ។

លោក​ស៊ូ​ មាន​ប្រសាសន៍​ថា​ ក្រសួង​ផ្សេងៗ​គ្នា​របស់​រដ្ឋាភិបាល​ មាន​គំនិតប្លែក​គ្នាស្តី​ពីអ្វី​ដែល​ត្រូវ​ធ្វើ​ ទាក់ទង​នឹង​ទឹក​ជំនន់។​ នៅ​តាម​កន្លែង​ជា​ច្រើន​ ពលរដ្ឋ​បាន​កាប់ព្រៃ​ឈើចោលដើម្បីដាំ​ដំ​ណាំ​ធ្វើ​ជា​អាហាររបស់​ពួក​គេ។​ លោក​ស៊ូ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រសួង​កសិកម្មចង់បានដើម​ឈើ​នៅ​តាម​ជើង​ភ្នំ​មក​វិញ​ ហើយផល​ដំណាំ​របស់​ពលរដ្ឋត្រូវ​យកចេញ​ពីកន្លែង​ទាំង​នោះ។

ប៉ុន្តែលោក​បាន​បន្ថែមថា​ ក្រសួង​បរិស្ថាន​ ប្រកាន់​យក​ទស្សនៈ​ផ្សេង​ទៅ​វិញ។​ ដោយបាន​ធ្វើកិច្ចសហ​ប្រតិបតិ្តការ​ជា​មួយ​ទី​ភ្នាក់ងារផ្តល់​ជំនួយ​របស់​ប្រទេស​ស្វីស​ ក្រសួង​នេះ​បានចាប់​ផ្តើមគម្រោង​សាក​ល្បង​តូច​មួយ​ ក្នុង​ឆ្នាំ​២០០២​ ដើម្បី​ដាំដើម​ឈើ​ហូប​ផ្លែ​ និង​យក​គ្រាប់​ ព្រម​ទាំងព្រៃឈើសម្រាប់​ផលិតឳសថ​ នៅតាម​ជម្រាល​ខ្ពង់​រាប​ ជាប់​ជា​មួយ​នឹង​ផល​ដំណាំ​របស់​ពលរដ្ឋ។

«យើងបាន​នាំ​យក​ដើម​ឈើ​ត្រឡប់​មក​វិញ​ ហើយ​ទី​ពីរ​ទៀត​ យើង​ក៏​បាន​បំពេញ​សេចក្តី​ត្រូវការ​ផ្នែកអាហារ ​របស់ពលរដ្ឋ​តាម​មូល​ដ្ឋាន​ដែរ»។

មជ្ឈ​មណ្ឌលក្សេត្រ​សាស្ត្រ​ព្រៃ​ឈើ​ពិភពលោក​ បាន​ចូល​រួម​ក្នុង​ផែន​ការនេះ​ក្នុង​ឆ្នាំ២០០៨។​ កាល​ពី​ដើម​ទសវត្សរ៍​នេះ​ ទី​ក្រុង​ព្យុងយ៉ាង​ (Pyongyang)​ បាន​ចាប់​ផ្តើមបន្ធូរ​បន្ថយ​ការគ្រប់គ្រង​ដ៏​តឹង​រ៉ឹង​ទៅ​លើ​ផលិតកម្មស្បៀង​អាហាររបស់​ប្រទេស។​ លោក​ស៊ូ​ បាន​និយាយ​ថា​ រដ្ឋាភិបាលបាន​រៀប​ចំ​គ្រួសារ​នីមួយៗចូល​ទៅ​ក្នុងក្រុម​អ្នក​ប្រើ​ប្រាស់ ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ស្វ័យភាពដើម្បី​ជ្រើស​រើស​ថា​តើប្រភេទ​ឈើ​ណា​មួយ​ដែល​ត្រូវ​ដាំ។​ លោក​ស៊ូ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ប្រការនោះ​គឺ​មាន​សារៈ​សំខាន់ ដោយ​សារ​តែ​នៅ​ក្នុង​ចំណុច​មួយ​នោះ រដ្ឋាភិបាលបាន​ផ្តល់តែដើម​ស្រល់​ ​ដើម​ស្ងាវ​ និង ដើម​ឈើ​ ផបផ្លា​(poplar)​ សម្រាប់​ដាំនៅ​តាមជម្រាលខ្ពង់​រាប។

«ប្រភេទ​ឈើ​ទាំង​បីនេះ​ កសិករពិត​ជា​មិន​ចង់​បាន​សោះ។​ ប្រភេទ​ឈើ​នោះ​ មិន​ពាក់​ព័ន្ធទៅនឹងសន្តិសុខ​ស្បៀង​របស់​ពួក​គេ​ទេ»។

ក្រុម​អ្នក​ប្រើ​ប្រាស់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើតសួន​បណ្តុះ​ដើម​ឈើហូបផ្លែ​ ដើម្បីពង្រីកផលិត​ផល។​ ដោយជួយ​ធ្វើឲ្យ​មានដី​ជម្រាលដល់​ខ្ពង់​រាប​ដ៏​ចោទ​ខ្លាំង​ និងធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវការ​ធ្វើ​កសិកម្ម​របស់​ពួក​គេ​ លោក​ស៊ូ បាន​ឲ្យ​ដឹង​ទៀត​ថា​ ផលិតកម្មស្បៀង​អាហារបាន​កើន​ឡើង​ ហើយកសិករ​ក៏​បាន​លក់ផលិត​ផលលើស​ពី​សេចក្តីត្រូវ​ការ​របស់​ពួក​គេ​ នៅ​តាម​ទីផ្សារក្នុង​មូល​ដ្ឋាន​ទៀត​ផង។

ប៉ុន្តែ ការ​ទទួល​បាន​នូវ​តួ​លេខ​ច្បាស់​លាស់ស្តី​ពី​ថា​តើ​ពួក​គេ​ផលិតបានច្រើនប៉ុន​ណា​ គឺ​មាន​ការ​លំបាក។​ លោក​ស៊ូ​ បាន​ថ្លែង​ថា​ ប្រជា​ពលរដ្ឋច្រើន​តែ​ចង់និយាយ​ថា​ ពួក​គេបាន​ផលដាំ​ដំ​ណាំ​តិច​ជាង​ចំនួន​ដែល​ខ្លួនបាន​ដាំ​ ដោយ​សារ​តែពួក​គេ​ជឿ​ថា​ រដ្ឋាភិបាល​នឹង​ប្រមូល​យកផលិត​ផលលើស​ពី​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ។

«ពួក​គេតែង​តែ​ព្យាយាមរាយ​ការណ៍ឲ្យ​ទាបជាង​អ្វី​ដែលពួក​គេ​ប្រមូល​ផល​បាន​ ដោយ​សារ​តែជួន​កាល​ ពួក​គេ​នៅ​តែ​ភ័យ​ខ្លាច​ថា​ រដ្ឋាភិបាល​នឹងយក​ផលិត​ផល​នោះ​ ប្រសិនបើពួក​គេ ​ផលិត​បាន​ច្រើន​ពេក»។

ខណៈ​ដែល​គោល​នយោបាយនេះ​ នៅ​មាន​ភាពចម្រូង​ចម្រាស់​នៅ​ឡើយ​ លោកស៊ូ​ បាន​ថ្លែង​បន្ត​ថា​ គោល​នយោបាយ​នេះ​ កំពុង​បាន​ទទួល​ការ​គាំ​ទ្រនៅ​ក្នុង​រដ្ឋាភិបាល។​ លោកនិយាយ​ថា​សញ្ញាណ​ដ៏​ប្រសើរ​បំផុត​ ដែលផែន​ការ​នេះ​កំពុង​ដំណើរការ គឺ​ថា​គោល​នយោ​បាយនេះកំពុង​រីក​ដុះ​ដាល។

«​លោកអ្នកអាច​មើល​ឃើញអ្នក​ជិត​ខាង​ផ្សេងៗ​ទៀត​យ៉ាង​ច្បាស់​ ពួក​គេព្យា​យាម​ធ្វើឲ្យមានក្រុមអ្នក​ប្រើ​ប្រាស់​ថ្មីៗ​ និងតម្រូវ​ឲ្យ​ពួក​គេ​ចុះឈ្មោះ។​ វាប្រៀបដូចជា​ឥទ្ធពល​កំពុង​រីកដោយ​ស្វ័យ​ប្រវត្តិ»។

អ្វី​ដែល​បាន​ចាប់​ផ្តើម​ពីចំនួន​បី​ក្រុម​ ឥឡូវ​នេះបាន​កើន​ឡើង​រហូត​ដល់​ចំនួន​៦០​ក្រុម ដែលគ្រប​ដណ្តប់លើផ្ទៃ​ដីច្រើនរយ​ហិកតា។

បើ​យោងតាមរបាយការណ៍របស់​លោកស៊ូ​ ដែល​ជា​សហនិពន្ធលើ​ប្រធាន​បទនេះ​ថា​ តួ​លេខនេះជា​ចំណែក​តូច​មួយ​ ក្នុង​ចំណោមផ្ទៃ​ដីប្រហែល​កន្លះលាន​ហិកតា​ នៅ​តាម​ជម្រាល​ភ្នំ ដែល​ព្រៃ​ឈើ​ត្រូវបានកាប់​បំផ្លាញ​ ដើម្បី​ធ្វើ​កសិកម្ម។

ប៉ុន្តែ​ លោក​ ម៉ាឃិស​ ណូឡិន​ នៃ​វិទ្យា​ស្ថាន​ភីធឺសុន​ មាន​ប្រសាសន៍​ថា ​នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ។

«ខ្ញុំមិន​ប្រាកដ​ទេ​ថា​តើ​ គោល​នយោបាយ​ដែល​ពួក​គេ​កំពុង​អនុវត្ត​ឥឡូវនេះ​ទៅ​លើគម្រោងទាំង​នេះ​ ជា​គោល​នយោបាយ​ល្អបំផុត​ឬ​ដូច​ម្កេច​ទេ ប៉ុន្តែគំនិត​ដែល​ថា​ យ៉ាង​ហោច​ណាស់​ ពួក​គេកំពុង​ព្យាយាមដាំ​ដើម​ឈើ​ឡើង​វិញ ​និង​ផ្លាស់​ប្តូរដំណើរ​ការនេះ​មួយ​ចំនួន​ គឺ​ជា​សញ្ញាណដ៏​ល្អ​មួយ»។

ប៉ុន្តែលោក​ណូឡិន​ បានបន្ថែម​ទៀត​ថា​ ការ​កាប់​បំផ្លាញព្រៃ​ឈើ គឺ​គ្រាន់​តែជា​បញ្ហា​មួយ​ប៉ុណ្ណោះ​ ក្នុង​បណ្តា​បញ្ហា​ផលិតកម្មស្បៀង​អាហារ​ធំជា​ច្រើន ដែលកូរ៉េ​ខាង​ជើងបាន​ប្រឈម​មុខ។​ លោកបាន​ថ្លែង​ថា​ ប្រទេស​នេះនឹង​ត្រូវ​ធ្វើ​ឲ្យ​រស់ឡើង​វិញ​នូវសេដ្ឋ​កិច្ចទាំង​មូលរបស់​ខ្លួន​ ដើម្បី​បញ្ចប់បញ្ហាដ៏​រ៉ាំរ៉ៃ​នៃ​គ្រោះ​ទុរ្ភិក្សរបស់​ប្រទេស៕

ប្រែ​សម្រួល​ដោយ​ លី​ សុខ​ ឃាង

XS
SM
MD
LG