ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេវា​រថភ្លើង​ពី​កណ្តាល​ក្រុង​ភ្នំពេញ​ទៅ​អាកាស​យានដ្ឋាន​មិន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដំណើរ


រូបឯកសារ៖ រថភ្លើង​ត្រៀម​ចេញ​ដំណើរ​ពី​ស្ថាននីយ​រថភ្លើង​ជាលើកដំបូង​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ រថភ្លើង​ត្រៀម​ចេញ​ដំណើរ​ពី​ស្ថាននីយ​រថភ្លើង​ជាលើកដំបូង​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)

ទោះ​ជា​ចរាចរណ៍​តាម​ផ្លូវ​ថ្នល់​របស់​ឡាន​ ម៉ូតូ​កក​ស្ទះ​ខ្លាំង​ក៏​ដោយ​  ​អ្នក​ដំណើរ​នៅ​រាជ​ធានី​ភ្នំពេញ​មិន​ទាន់​ចាប់​អារម្មណ៍​នឹង​សេវា​រថភ្លើង​ដែល​មាន​ទូរទស្សន៍​ ម៉ាស៊ីន​ត្រជាក់​ បន្ទប់​ទឹក​នេះ​នៅ​ឡើយ​ទេ។

វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ស្ថិត​ក្នុង​ស្ថានីយ​រាជាយស្ម័យាន​ភ្នំពេញ សំឡេង​ស៊ីផ្លេ​ចេញ​ពី​រថ​ភ្លើង​មួយ​គ្រឿង​គឺជា​សញ្ញា​នៃ​ការ​ចេញ​ដំណើរ។ រថ​ភ្លើង​ដែល​មាន​ក្បាល​ស្រួច​និង​មាន​ឆ្នូត​លឿង​លើ​ផ្ទៃ​ពណ៌​ស នៅ​ផ្នែក​ចំហៀង​ទាំង​សង​ខាង ​ត្រូវ​ចេញ​ដំណើរ​ពី​កណ្តាល​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ​ទូនៅ​ក្នុង​ទូ​រថភ្លើង​ដែលអាច​ផ្ទុក​អ្នក​ដំណើរ​បាន​រហូត​ដល់​៥៦​នាក់​នេះ​ គ្មានអ្នក​ដំណើរ​អង្គុយ​សោះ​ឡើយ​ក្រៅ​ពី​អ្ន​ក​បើក​បរ​ចំនួន​ពីរនាក់​ នា​ពេល​ចេញ​ដំណើរ។​

អ្នក​បើកបរ​រថ​ភ្លើង​ជើង​ចាស់​មួយ​រូប ដែល​កំពុង​បញ្ជា​រថ​ភ្លើង​គឺ​លោក​ជឹង ចាន់ទី ក្នុង​វ័យ៦០​ឆ្នាំ​ មិន​លាក់​លៀម​ទេ​ថា ​រថ​ភ្លើង​ហាក់​ដូចជា​មិន​ទទួល​បាន​ការ​ពេញ​និយម​នោះ។​

«វា​មិន​ទៀង! ជា​ទូទៅ ជួនកាល​មួយ​ជើង​មាន​២​ឬ​៣​នាក់​ក៏​មាន​ ​៥​នាក់​ក៏​មាន។ ពេល​ណា​ ថ្ងៃ​ណា​ជើង​ណា​ចំ​គេ​ចុះ​ពី​យន្ដហោះ​មក ៤​ទៅ​១០​នាក់​អ៊ីចឹង​ទៅ​មួយ​ជើងៗ។​ វា​អត់​ទៀង​ទាត់​ទេ‍»។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ចន ហ្គារី​ទទួល​ស្គាល់​ថា មិន​ទាន់​មាន​ការ​និយម​ជិះ​រថ​ភ្លើង​ពី​សំណាក់​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ។ ​មូល​ហេតុ​គឺ​ដោយសារក្រុម​ហ៊ុន​របស់​លោក​បាន​ផ្ដោត​ទៅ​លើ​អ្នក​ដំណើរ​តាម​ព្រលាន​យន្ដហោះ​ច្រើន​ជាងការ​ផ្តោត​លើអ្នក​ដំណើរទូទៅ។​

«ចរាចរណ៍​នៅ​តាម​ដង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​គឺ​អាក្រក់​មែន​ទែន។ អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​ចំណាយ​១​ម៉ោង​ទៅ​២​ម៉ោង ពេល​ជិះ​ទៅ​ព្រលាន​យន្ដហោះ​ម្ដងៗ ហើយ​វា​ប៉ះពាល់​ដល់​អ្នក​ជំនួញ​រកស៊ី​ជាច្រើន។ អ៊ីចឹង​គម្រោង​ខ្សែ​រថភ្លើង​ទៅ​ព្រលាន​យន្ដហោះ​គឺ​យើង​ផ្ដោត​ទៅ​លើ​អ្នក​ទាំង​នោះ។ ឥឡូវ​នេះ យើង​ត្រូវ​ការ​តែ​៣០​នាទី​ប៉ុណ្ណោះ​សម្រាប់​ជិះ​ទៅ​ព្រលាន​យន្ដហោះ​ភ្នំពេញ​តាម​រថភ្លើង។ ជា​មធ្យម ប្រហែល​២០​ទៅ​៥០​នាក់​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​យន្ដហោះ​ប្រើប្រាស់​សេវា​នេះ‍»។​

ម្យ៉ាង​វិញ​ទៀត ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បញ្ជាក់​ថា​ ​ក្រុម​ហ៊ុន​ក៏​មិន​ទាន់​បាន​ធ្វើ​ទី​ផ្សារ​ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ល្អអំពី​ដំណើរ​ការ​រថ​ភ្លើងទៅ​កាន់​ព្រលាន​យន្ត​ហោះ​នោះ​ដែរ។​

កាល​ពី​ដើម​ខែ​មេសាឆ្នាំ​២០១៨ ​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន និង ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ​ របស់ អ្នក​ឧកញ៉ា គិត ម៉េង​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ស្ថានីយ​រថ​ភ្លើង​ភ្នំពេញ ឆ្ពោះ​ទៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជា​ផ្លូវការ។ គោល​បំណង​គឺ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍និង​ជួយ​សម្រួល​ពេល​វេលា​ដល់​អ្នក​ធ្វើ​ដំណើរតាម​យន្តហោះ។ ប៉ុន្តែ​ក្រោយ​ពី​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​ សេវា​រថភ្លើង​ហាក់​ដូចជានៅ​តែ​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ដំណើរ​នៅ​ឡើយ។​

រូបឯកសារ៖ ទីកន្លែង​អ្នកដំណើរ​ឡើង​ជិះ​រថភ្លើង​ ទៅ​ព្រលាន​យន្តហោះ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១០ ខែមេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ទីកន្លែង​អ្នកដំណើរ​ឡើង​ជិះ​រថភ្លើង​ ទៅ​ព្រលាន​យន្តហោះ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១០ ខែមេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)

ទោះ​ជា​យ៉ាង​ណា លោក ចន ហ្គារី ​យល់​ថា​ ការ​ដំណើរតាម​រថ​ភ្លើង​នឹង​ចំណេញ​ពេល​វេលា​ច្រើន​ជាង​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។​

រថ​ភ្លើង​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ ដែល​ផលិត​នៅ​ប្រទេស​ម៉ិកស៊ិក គឺជា​ប្រភេទ​រថ​ភ្លើង​ទំនើប​ជាង​រថ​ភ្លើង​បុរាណ​របស់​កម្ពុជា។ រថ​ភ្លើង​នេះ​មាន​បន្ទប់​ទឹក ​មាន​ម៉ាស៊ីន​ត្រជាក់ ទូរទស្សន៍ ​មាន​ប្រព័ន្ធ​ Wi- Fi ​មាន​កៅអីធំ​ទូលាយ និង​មាន​កាំជណ្តើរ​ស្វ័យ​ប្រវត្តិ។ រថ​ភ្លើង​នេះអាច​បើក​បរ​ក្នុង​ល្បឿន​២៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោងក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ដប់​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​ភ្នំពេញ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ។​

ជា​មធ្យម មាន​អ្នក​ជិះរថ​ភ្លើង​ចន្លោះ​ពី​២០​ទៅ​៩០​នាក់ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ​ខណៈ​ដែល​រថ​ភ្លើង​ចាប់​ផ្តើម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៧​យប់។ នេះ​បើ​តាម​លោក ​ចន ហ្គារី ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ។ ទោះ​ជា​យ៉ាង​ណា អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ​ព្យាយាម​មិន​បង្ហាញ​ពី​តួលេខ​នៃ​ថវិកា​ដែល​ត្រូវ​ខាត​បង់ដោយ​សារ​មិន​មាន​អ្នក​ដំណើរ​ជិះ​រថ​ភ្លើង​នោះ​ទេ។​

រថភ្លើងទើបនឹងដាក់អ្នកដំណើរចុះ។​

ដៃ​ម្ខាង​អូស​កាបូប​ដាក់​អីវ៉ាន់ ដៃ​ម្ខាង​ទៀត​កំពុង​កាន់​ភេសជ្ជៈ លោក រស្មី ជាច័ន្ទតារាទើប​នឹង​ចុះ​ពី​លើ​រថភ្លើង​ដើរ​សំដៅ​ទៅ​រក​ស្ថានីយ​ចេញ​ដំណើរ​ក្នុង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ក្រុង​ភ្នំពេញ។​

លោក​នឹង​ត្រូវ​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ឡាវ។ ​លោក រស្មី ជាច័ន្ទតារា​គឺជា​អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​២​នាក់​ក្នុង​រថភ្លើង។​

«រទេះ​ភ្លើង​វា​ល្អ វា​អត់​សូវ​ស្ទះ​ទេ ព្រោះ​ឥឡូវ​វា​ស្ទះ​ច្រើន។ ដល់​ពេល​ខ្ញុំ​ចង់​សាក​មើល វា​ល្អ»។​

អ្នកស្រី​សំបូរ រិទ្ធអូនីកា គឺជាអ្នក​ប្រើ​ប្រាស់​សេវា​កម្មរថ​ភ្លើង​នេះ​ម្នាក់​ទៀត។ អង្គុយ​ចាំ​រថភ្លើង​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ភ្នំពេញ អ្នក​ស្រី​ទើប​នឹង​ចេញ​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយមិន​ឆ្ងាយ​ពី​ទី​នោះ។ អ្នកស្រី សំបូរ រិទ្ធអូនីកា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅដ្ឋាន​របស់​អ្នក​ស្រី​នៅ​ក្បែរអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ក្នុងការ​សាក​ល្បង​ជិះ​រថ​ភ្លើង​ក្នុង​ក្រុងលើក​ដំបូង អ្នក​ស្រី​យល់​ថា ការ​ជិះ​រថ​ភ្លើង​ហាក់​ដូចជា​មាន​ផាសុខ​ភាព ​ប៉ុន្តែ​អ្នក​ដំណើរ​ត្រូវ​ចាំ​រហូត​ដល់​កន្លះ​ម៉ោង​មុន​នឹងរថ​ភ្លើង​ចេញ​ដំណើរ​ម្តងៗ។​

«វា​ល្អ​ម៉្យាង​ដែរ ព្រោះ​វា​ជួយ​កាត់​បន្ថយ​ពេល​វេលា ឧទាហរណ៍​ពី​រ៉ា​រទេះ​ភ្លើង​ទៅ​ព្រលាន​យន្ដ​ហោះ បើ​សិន​ជិះ​មធ្យោបាយ​ខ្លួន​ឯង ស្ទះ​ផ្លូវ​អី​ផង យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​បាន​ដល់។​ ប៉ុន្ដែ​បើ​យើង​ជិះ​អា​នេះ មួយ​ម៉ោង​ដូចគ្នា ព្រោះ​អី​យើង​ចាំ​កន្លះ​ម៉ោង យើង​ជិះ​រថភ្លើង​កន្លះ​ម៉ោង។ ក៏​ប៉ុន្ដែ​កន្លះ​ម៉ោង​នេះ​គឺ​យើង​អង្គុយ​លេង​អ៊ីចឹង​វា​ធូរ​អារម្មណ៍ វា​អត់​ស្មុគ​ស្មាញ​នៅ​លើ​ផ្លូវ»។​

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា​លី ស្រីស្រស់​មើល​ឃើញ​ថា​ ដោយ​សារ​ខ្សែ​រថភ្លើង​មាន​ប្រវែង​ខ្លី ​រថភ្លើង​មាន​គោលដៅ​តែ​មួយ​គឺ​រវាង​ព្រលាន​យន្ត​ហោះ​ និង​រាជាយស្ម័យាន ដូច្នេះ​ហើយ​ទើប​ខ្សែ​រថ​ភ្លើង​ក្នុង​ក្រុង​មួយ​នេះ​មិន​ទាន់​ក្លាយ​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទូទៅ​នៅ​ឡើយ។ មួយ​វិញ​ទៀត មិន​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ទេ​ដែល​ធ្វើ​ដំណើរ​តាម​យន្ដហោះ​ក្នុង​មួយ​ថ្ងៃៗ។​

ដោយ​ឡែក អ្នក​វិភាគ និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី​យល់​ថា ចំណត​រថភ្លើង​គួរ​ស្ថិតនៅ​ចំណុច​ប្រសព្វ​នៃ​ចំណត​យាន​ជំនិះ​ផ្សេង​ទៀត។​

«វា​ត្រូវ​តែ​ចាប់​ផ្ដើម​ចេញ​ពី​ទី​ប្រជុំជន​ណា​ដែល​ឡាន​ក្រុង​គ្រប់​ខ្សែ​ទាំង​អស់​ទៅ​សំ​ចត​កន្លែង​ហ្នឹង​ ដើម្បី​ឲ្យ​ងាយ​ស្រួល​សម្រាប់​ពលរដ្ឋ​ហ្នឹង ​សំដៅ​មក​ពី​ទិស​ណា​ក៏​ដោយ​គឺ​ត្រូវ​តែ​ចុះ​នៅ​មុខ​ស្ថានីយរទេះ​ភ្លើង​ហ្នឹង​ទាំង​អស់។ វា​ងាយ​ស្រួល​ក្នុង​ការ​ឡើង​រថ​ភ្លើង​ទៅ​កាន់​ព្រលាន​យន្ត​ហោះ»។​

ឆ្លើយ​តប​នឹង​ចំណោទ​ដែល​មិន​សូវ​មាន​អ្នក​ដំណើរ​ជិះ​រថ​ភ្លើង​ភ្នំពេញ​ព្រលាន​យន្ត​ហោះ​នេះ​ លោក ចន ហ្គារី ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន រ៉ូយ៉ាល់ រេលវេ​ លើក​ឡើង​ថា​ ក្រុម​ហ៊ុន​មាន​គម្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ជា​១០០០០​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ទី​ផ្សារ​ផ្សព្វ​ផ្សាយ​ពី​សារៈ​សំខាន់​នៃ​ការ​ជិះ​រថ​ភ្លើង​ក្នុង​ក្រុង។ ​ហើយ​ក្រុម​ហ៊ុន​អាច​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​រថ​ភ្លើង​មួយ​ខ្សែ​ទៀត ដើម្បី​កាត់​បន្ថយ​ការ​រង់​ចាំ​យូរ​របស់​អតិថិជន។ ជាមួយ​គ្នា​នេះ ក្រុម​ហ៊ុន រ៉ូយ៉ាល់ រេលវេ សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ China Southern Rail ​កំពុង​សិក្សា​លទ្ធភាព​សាង​សង់​ផ្លូវ​រថ​ភ្លើង​លើ​អាកាស​ត​ភ្ជាប់​ពី​ព្រលាន​យន្តហោះ​ទៅ​កាន់​ស្ថានីយ​រថ​ភ្លើង​ក្រុង​ភ្នំពេញ ​និងពី​ព្រលាន​យន្ត​ហោះ​ទៅ​កាន់​កាស៊ីណូ​ ណាហ្គា។​

លោក ចន ហ្គារី ​រំពឹង​ថា​ ​រថភ្លើងពី​ភ្នំពេញ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អាច​នឹង​ទទួល​បាន​អ្នក​ដំណើរ​រហូត​ដល់​១០០០​នាក់​ក្នុង​មួយ​ថ្ងៃ ​នា​ពេល​អនាគត៕

XS
SM
MD
LG