ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​វិហារ​អ៊ីស្លាម​​ជាង​២០០​នៅ​ទី​ក្រុង​ញូវយ៉ក


ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​ទីក្រុង​ញូយ៉ក​។
ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​ទីក្រុង​ញូយ៉ក​។

ទីក្រុង​ញូយ៉ក: មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាង​សង់​មជ្ឈមណ្ឌលអ៊ីស្លាម​មួយ​ ស្ថិតនៅចម្ងាយ​ពីរ​ប្លុក​ពី​តំបន់មួយ ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​ត្រូវ​បាន​ស្គាល់​ថា ​ជា​ទីតាំង​សូន្យ (Ground Zero) ដែល​ជា​ទី​តាំង​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវជន​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១។​ ក្រុម​អ្នក​រិះគន់និយាយ​ថា ​ការ​សាង​សង់​នេះ​នឹង​មិន​គោរពព្រលឹងជន​រង​គ្រោះ និង​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដល់ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​នោះ​ ដោយ​ពួក​ជ្រុល​និយម​កាន់​សាសនាអ៊ីស្លាម។​ ក៏​ប៉ុន្តែ​ មាន​វិហារ​អ៊ីស្លាម​ជាច្រើន​នៅ​ពាស​ពេញ​ទីក្រុង​នេះ ដែល​បម្រើឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាមនៅមូលដ្ឋាន​រាប់​ម៉ឺន​នាក់។

សមាជិក​ម្នាក់​នៃ​មជ្ឈម​ណ្ឌល​វប្បធម៌​អ៊ីស្លាម​អាល់បានី (Albanian Islamic Cultural Center) នៅ​លើ​កោះ​ Staten Island​ សូត្រ​គម្ពីរ​កូរ៉ាន ដែល​គាត់​បាន​ចង​ចាំ​ទាំង​ស្រុង។ នោះ​ជា​ពេល​ថ្វាយ​បង្គំ​តូច​មួយនា​ថ្ងៃ​រសៀល នៅ​ឯ​ការ​ជួប​ជុំ​គ្នា​របស់ជន​អ៊ីស្លាម​ជាតិ​អាល់​បានី​ចំនួន​២ពាន់​គ្រួសារ ដែលមកពេញ​វិហារ​អ៊ីស្លាម​រាល់​ថ្ងៃ​សុក្រ។ អ៊ីមាំ តាហៀរ គុកាជ (Tahir Kukaj) ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​សាង​ស់វិហារ​អ៊ី​ស្លាម​នេះ។

«ចំនួន​ជនជាតិ​អាល់បានី និង​អ្នក​កាន់​អ៊ីស្លាម​កំពុង​កើន​ឡើង, បាន​កើន​ឡើង​នៅ​ពេល​នោះ ហើយ​នៅ​បន្ត​កើន​ឡើង​ទៀត។ ហើយ​ជា​ការ​ពិត​ណាស់ ​ជន​ជាតិ​អាល់​បា​នីពិតជា​មានវិហារ​អ៊ីស្លាម ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វ៉ាន់ឌូសិន (Van Dusen Street)។ វា​ជា​ផ្ទះ​តូចមួយ។ វិហារអ៊ីស្លាមនេះ​មិន​ទាន់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់សហគមន៍​បាន​នៅ​ឡើយ​ទេ»។

លោក គុកាជ មាន​ប្រសាសន៍​ថា សមាជិក​នៃ​ក្រុម​ជំនុំបាន​សហការ​ជាមួយ​ព្រះ​វិហារ​សាសនា​គ្រឹស្ត និង​អគារ​ជន​ជាតិ​ជ្វីប​ក្នុង​មូល​ដ្ឋាន​ ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ដូច​ជា​យុទ្ធនាការ​ផ្តល់​ឈាម និង​អាហារ ការ​បោះ​ជំរំ​រដូវ​ក្តៅ​សម្រាប់​យុវជន​ និង​ការ​សួរ​សុខ​ទុក្ខ​ជន​ចាស់​ជរា​ជា​ដើម។

វិហារ​អ៊ីស្លាម​ជាង១០០ នៅ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​ មាន​រាប់​បញ្ចូល​ទាំង​មជ្ឈមណ្ឌល​អ៊ីស្លាមដ៏​ល្អ​ប្រណិត នៅ​តំបន់​ Upper East Side នៃ​សង្កាត់​ម៉ានហាតាន់ (Manhattan)។ ក្រុម​ជំនុំ​សាសនា​តូច​ជាង​នេះ​ រួម​មានវិហារ​របស់​ជនជាតិ​អេហ្ស៊ីប នៅ​លើ​កោះស្តេតេន (Staten Island) បាន​ប្រើ​ប្រាស់​ផ្ទះដែល​កែ​ច្នៃ​ធ្វើ​ជា​វិហារ។ អ៊ីមាំ អាលី អាប់ឌូសាគួរ មូហាម៉េត (Ali Abdushakur Muhammed) បាន​កត់​សម្គាល់​ថា ការ​សាង​សង់​វិហារ​អ៊ីស្លាម ដែល​ដូច​ជា​ការ​សាងសង់​អគារ​ដទៃ​ទៀត​ដែរ ត្រូវ​តែ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋបាល​មូល​ដ្ឋាន។

អ៊ីមាំ និយាយ​ថា នា​ពេល​អនាគត តាម​បំណង​របស់ព្រះ ប្រសិន​ជា​ការ​ជួបជុំ​ប្រព្រឹត្ត​ទៅយ៉ាង​សមរម្យ ហើយ​អាច​ប្រមែ​ប្រមូល​ធនធាន​ត្រឹមត្រូវ សមាជិក​របស់​ខ្លួនអាច​កសាង​វិហារ​អ៊ីស្លាមច្រើនថែមទៀតយោង​ទៅ​តាម​ច្បាប់​របស់​អាមេរិក។

វិហារ​អ៊ីស្លាម នៅ​សង្កាត់​ហាឡេម (Harlem) ផ្តល់​ជូន​សហគមន៍​នូវ​សាលា​មួយ និង​សេវា​សង្គមផ្សេង​ទៀត​ជាច្រើន។ វិហារ​នេះក៏​ជួល​កន្លែង​សម្រាប់​ការ​រក​ស៊ី​តូចៗ​ដែរ។ ពលរដ្ឋ​មូល​ដ្ឋាន បាន​ឲ្យ​ដឹង​ថា វា​ហាក់​ដូច​ជា​ថា វិហារអ៊ីស្លាម​នេះមាននៅ​ទី​នោះ​មក​ជា​រៀង​រហូត​អញ្ចឹង។ ប៉ុន្តែ តាម​ពិត​ វិហារអ៊ីស្លាម​នេះ​ត្រូវ​បាន​កែ​ច្នៃ​មក​ពី​កាស៊ីណូ​ កាល​ពី​ឆ្នាំ​១៩៦៥។

លោក​ស្រី ជើរីលីន ដូត (Jerrilynn Dodds) ព្រឹទ្ធនារី​នៃ​មហាវិទ្យាល័យ​សារ៉ាឡូរិន (Sarah Lawrence College) នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្តី​ពី​វិហារ​អ៊ីស្លាមនៅទី​ក្រុងញូវយ៉ក មាន​ប្រសាសន៍​ថា សហគមន៍​អ៊ីស្លាម​នៅ​អាមេរិកបាន​ពង្រីក​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដោយ​មាន​ការ​ដក​ចេញ​កូតា​ជន​អន្តោ​ប្រវេសន៍ ទៅ​លើ​ក្រុម​ប្រទេស​មិន​នៅ​ក្នុង​ទ្វីបអឺរ៉ុប។ លោក​ស្រី​កត់​សម្គាល់​ឃើញ​ថា វិហារ​អ៊ីស្លាម​ ដែល​មាន​ស្រាប់​ នៅ​ក្នុង​ទី​ក្រុង​ រាប់​បញ្ចូលទាំងវិហារ​មួយ ដែល​ស្ថិត​នៅ​តែ​ប៉ុន្មាន​ប្លុក​ប៉ុណ្ណោះ​ពី​មជ្ឈមណ្ឌល​អ៊ីស្លាម​ ​ដែល​បានស្នើ​ឡើង​ នៅ​ក្បែរកន្លែង​មហន្តរាយនៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវជនកាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១​ ឬ Ground Zero។ វិហារ​អ៊ីស្លាម​នេះ​មិន​បង្ក​ឲ្យ​មាន​ភាព​ក្រេវ​ក្រោធ ដូច​វិហារអ៊ីស្លាម​មួយ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រៀប​ចំ​គម្រោង​នោះ​ទេ។

«តាម​ពិត លទ្ធភាព​របស់​អគារ​មួយ​ក្នុង​ការ​ញ៉ាំង​ឲ្យ​មាន​អារម្មណ៍​បែប​នេះ​ កើត​ចេញ​ពីកម្រិត​សារៈសំខាន់​ ដែល​វប្បធម៌​មួយផ្តល់​ទៅ​ឲ្យ​អគារ​នោះ។ ហើយ នៅ​ក្នុង​ទី​ក្រុង​ញ៉ូវយ៉ក យើង​ផ្តល់ភាពសំខាន់​យ៉ាង​ខ្លាំងឲ្យ​ដល់​អគារ​ជា​ច្រើន។ យើង​ប្រើ​ប្រាស់​អគារ​ទាំង​នេះ​សម្រាប់​ទាក់​ទាញ។​ យើង​ប្រែ​ក្លាយ​អគារ​ទាំង​នោះ​ទៅ​ជា​និមិត្ត​រូប ក្នុង​របៀបមួយដែលអគារ​ទាំង​នោះ​មិន​មាន​នៅ​កន្លែងផ្សេង​ទៀត»។

អាស្រ័យ​ហេតុ​នេះ​ហើយ ការ​ចង់​សាង​សង់មជ្ឈម​ណ្ឌល​អ៊ីស្លាម បាន​ប៉ះ​ទង្គិច​ជាមួយនឹង​អារម្មណ៍​នៃ​ការបាត់​បង់​អគារ​ភ្លោះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ស្រី ដូត បាន​កត់​សម្គាល់​ថា​ កត្តា​សំខាន់បំផុត​ក្នុងអគារ​ណា​មួយមិន​មែន​ស្ថិត​នៅ​លើ​រចនាសម្ព័ន្ធ​ទេ​ ប៉ុន្តែ​វា​ស្ថិត​លើមនុស្ស​ ដែល​កាន់​កាប់​អគារ​នោះ៕

ប្រែ​សម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG