ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្នាំ​ខួប​ទី​៥០​នៃ​ប្រលោម​លោក​រឿង​ “To Kill a Mockingbird”​


ឆ្នាំ​នេះ​សម្គាល់​ថា​ ជា​ឆ្នាំ​ទី​៥០​ ចាប់​តាំង​ពី​សៀវភៅ​ប្រលោម​លោក​ក្លាសិក​គំរូ​មួយ​មាន​ចំណង​ជើង​ថា​ "សម្លាប់​បក្សី​ម៉ក់ឃីងប៊ើដ"​ ឬ​ជា​ភាសា​អង់គ្លេស​ថា​ “To Kill​ a Mockingbird”​ ត្រូវ​បាន​បោះពុម្ភ​ផ្សាយ។​ សៀវភៅ​នោះ​ បាន​សរសេរ​រៀបរាប់​អំពីហេតុការណ៍​នៅ​ក្នុង​ក្រុង​ដែល​ប្រឌិត​ឡើង​មួយ​ នៅភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិក​ ក្នុង​ទស្សវត្សរ៍​១៩៣០។​ សៀវភៅ​ប្រលោម​លោក​នោះ​ ជា​សៀវភៅ​ ដែល​គេ​ចូលចិត្ត​បំផុត​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ដែល​និយាយ​អំពី​រឿង​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការរើសអើងពណ៌​សម្បុរ​ស្បែក​មួយ​ដែល​មិន​បាន​ជោគជ័យ​ ហើយ​នៅតែ​មាន​ឮ​ខ្ទរខ្ទារ​នៅ​ក្នុង​ក្រុង​ដែល​សៀវភៅ​នោះ​ត្រូវ​បាន​និពន្ធ​ឡើង​នៅ​ឡើយ។

នៅ​ពេល​ដែល​អ្នកស្រី​ ហាបភើ​ លី​ (Harper Lee) បាន​បោះពុម្ភ​ផ្សាយ​ប្រលោម​លោក​រឿង​ “សម្លាប់​បក្សី​ម៉ក់ឃីងប៊ើដ”​ នៅ​ឆ្នាំ​១៩៦០​នោះ​ ចលនា​សិទ្ធិ​ពលរដ្ឋ​កំពុងតែ​ឡើង​កម្លាំង​ និង​បង្ខំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​សង្គម​អាមេរិក។​ ក៏ប៉ុន្តែ​ នៅ​ភាគ​ខាង​ត្បូង​ ទី​ដែល​អ្នក​និពន្ធ​ប្រលោម​លោក​រូប​នេះ​ បាន​ធំ​ដឹង​ក្តី​ឡើង​ ច្បាប់​និង​ទំនៀម​ទម្លាប់​នៅ​តែ​បំបែក​ពលរដ្ឋ​ស្បែកស​និង​ស្បែកខ្មៅឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត។

ការ​រើសអើង​ពណ៌​សម្បុរ​នេះ​ មាន​ស្ថានភាព​រឹតតែ​សាហាវ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​ឆ្នាំ​ ១៩៣២​ នៅ​ក្នុង​ក្រុង​ដែល​អ្នក​ស្រី​ លី​ ប្រឌិត​ឡើង​ក្នុង​រដ្ឋ​ អាឡាបាម៉ា​ (Alabama)​ សម្រាប់​រឿង​ប្រលោមលោក​របស់​អ្នកស្រី។​ រឿង​ប្រលោម​លោក​នេះ​ ជា​រឿងរ៉ាវ​របស់​កុមារី​ម្នាក់​ឈ្មោះ​ ស្កោត៍​ (Scout)​ និង​ឪពុក​របស់​នាង​ឈ្មោះ​ អាទីកខឹស​ ហ្វីនឆ៍​ (Atticus Finch)​ ដែល​ជា​មេធាវី​មួយ​រូប។​ រឿង​សោកនាដកម្ម​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​របៀប​ដែល​លោក​ ហ្វីនឆ៍​ ការពារ​ក្តី​ឲ្យ​បុរស​ស្បែកខ្មៅ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ដោយ​មិន​ត្រឹម​ត្រូវ​ថា​ បាន​រំលោភ​ស្ត្រី​ស្បែក​ស​ម្នាក់។​ ចំណងជើង​សៀវភៅ​នោះ​ លេច​ចេញ​មក​ពី​ការ​សន្ទនា​នៅ​ពេល​អាហារ​ល្ងាច​មួយ​ គឺ​នៅ​ពេល​ដែល​លោក​ អាទីកខឹស​ នឹក​ដល់​មេរៀន​មួយ​ក្នុង​វ័យ​កុមារ​របស់​លោក។​ នេះ​ជា​ពាក្យ​សម្តី​ដកស្រង់​ចេញ​ពី​ភាពយន្ត​ផលិត​ឡើង​នៅ​ឆ្នាំ​ ១៩៦២​ ដែល​បាន​យក​លំនាំ​តាម​រឿង​ប្រលោម​លោក​“To Kill a Mockingbird”​ ដោយ​មាន​តារា​ភាពយន្ត​ឈ្មោះ​ ហ្គ្រិកហ្កូរី​ ផិក​ (Gregory Peck)​ ដើរ​តួ​ជា​ លោក​ អាទីកខឹស។

«ខ្ញុំ​នៅ​ចាំ​បាន​ ពេល​ដែល​ឪពុក​ខ្ញុំ​ឲ្យ​កាំភ្លើង​មក​ខ្ញុំ​ជា​លើក​ដំបូង។​ គាត់​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​មិន​ត្រូវ​ភ្ជង់​កាំភ្លើង​ទៅ​វត្ថុ​អ្វី​មួយ​នៅ​ក្នុង​ផ្ទះ​ឡើយ។​ តែ​ខ្ញុំ​អាច​បាញ់​បក្សី​មាន​ស្លាប​ពណ៌​ខៀវ​ឬ​ហៅ​ថា​ Blue Jays​ ប៉ុន្មាន​ក្បាល​ក៏​បាន​ បើ​សិន​ជា​ខ្ញុំ​បាញ់​វា​ត្រូវ។​ តែ​ត្រូវ​ចាំ​ថា​ វា​ជា​អំពើ​បាបកម្ម​មួយ​ ក្នុង​ការ​សម្លាប់​បក្សី​ម៉ក់ឃីងប៊ើដ»។

បក្សី​ម៉ក់ឃីងប៊ើដ​ ជា​ប្រភេទ​សត្វស្លាប​ម្យ៉ាង​ពណ៌ប្រផេះ​ ដែល​ចូលចិត្ត​បញ្ចេញ​សំឡេង។​ លោក​ អាទីកខឹស​ ពន្យល់​ថា​ ការ​សម្លាប់​បក្សី​ ម៉ក់ឃីងប៊ើដ​ ជា​អំពើ​បាបកម្ម​ ពីព្រោះ​ពួកវា​មិន​ធ្វើ​ឲ្យ​អ្នកណា​ឈឺចាប់​ទេ​ ពួកវា​គ្រាន់តែ​បញ្ចេញ​សំលេង​ដូចជា​តន្រី្ត​តែប៉ុណ្ណោះ។​ នោះ​គឺ​ជា​សីលធម៌​នៃ​រឿង​“To Kill a Mockingbird”។​ អ្នកស្រី​ ម៉េលីនដា​ ប៊ើត ​មើហ្វី (Melinda Byrd-Murphy)​ ជា​នាយក​នៃ​មជ្ឈ​មណ្ឌល​សិល្បៈ​អក្សរសាស្រ្ត​ក្នុង​រដ្ឋ​ អាឡាបាម៉ា​ និង​ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​ក្រុង​ ម៉ុនរ៉ូវីល​ ដែល​ជា​ក្រុង​កំណើត​របស់​អ្នកស្រី​ ហាបភើ។​ អ្នកស្រី​និយាយ​ថា៖

«ត្រូវ​មាន​សណ្តាន​ចិត្ត​ល្អ​ចំពោះ​គ្នា​ទៅវិញ​ទៅមក។​ បង្ហាញ​ការ​យល់​ទុក្ខ​សោក​របស់​អ្នកដទៃ​និង​ការ​អាណិតមេត្តា»។

អ្នកស្រី​និយាយ​ថា​ អ្នកស្រី​បាន​អាន​រឿង​ “To Kill​ a Mockingbird”​ ចំនួន​៤​ដង។​ អ្នកស្រី​និយាយ​បន្ត​ទៀត​ថា៖

"ខ្ញុំ​គិត​ថា​ សៀវភៅ​នេះ​រៀបរាប់​អំពី​មនុស្សធម៌​ ហើយនឹង​ទំនាក់ទំនង​របស់​មនុស្ស​នៅ​ក្នុង​សកលលោក​ សុភាវៈ​ដែល​មនុស្ស​មាន​ និង​ថា​លោក​អ្នក​គួរ​តែ​រាក់ទាក់​ជាមួយ​អ្នក​ជិតខាង​របស់​លោក​អ្នក​ ដើម្បី​ឲ្យ​ស្គាល់​គេ​ឲ្យ​ច្បាស់"។

សារ​នៅ​ក្នុង​ប្រលោមលោក​នោះ​ មាន​លាន់​ឭ​រំពង​ក្នុង​ចំណោម​អ្នកអាន​និង​អ្នក​រិះគន់​ ក្នុង​រយៈពេល​កន្លង​មក​នេះ។​ ប្រលោមលោក​នោះ​ តម្រូវ​ឲ្យ​សិក្សា​នៅ​ក្នុង​មុខ​វិជ្ជា​អក្សរសាស្រ្ត​អង់គ្លេស​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​សៀវភៅ​ដែល​មនុស្ស​ពេញវ័យ​គ្រប់​រូប​គួរតែ​អាន​មុន​ពួកគេ​ស្លាប់។​ សៀវភៅ​នេះ​ ត្រូវ​បាន​លក់ដាច់​អស់​ជាង​ ៤០​ លាន​ក្បាល​ និង​បាន​ឈ្នះ​រង្វាន់​ ភូលីតហ្សើរ​ ប្រ៉ាយហ្ស៍​ (Pulitzer Prize)។​ សៀវភៅ​នោះ​ ក៏​ត្រូវ​បាន​គេ​ប្រែ​ជា​ភាសា​ជាង​៤០​ ហើយ​បាន​ផលិត​ជា​ភាយន្ត​ដែល​បាន​ឈ្នះ​រង្វាន់​កំពូល​ប្រចាំឆ្នាំ​ឈ្មោះ​ថា​ រង្វាន់​អាខឹដាមមី​ អាវ៉ដ​ (Academy Award)​ ដែរ។

បើ​ទោះ​យ៉ាង​នេះ​ក៏​ដោយ​ ក៏​នៅ​ក្នុង​ក្រុង​ម៉ុនរ៉ូវីល​ រដ្ឋអាឡាបាម៉ា​ រឿង​”សម្លាប់​បក្សី​ម៉ក់ឃីងប៊ើដ”​ ជា​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​មួយ។​ ថ្វីបើ​អ្នកស្រី​ហាបភើ​ មិន​ប្រើ​ឈ្មោះ​ក្រុង​ពិត​ប្រាកដ​ ដោយ​ដាក់​ឈ្មោះ​ក្រុង​នៅ​ក្នុង​រឿង​ប្រលោម​លោករបស់​អ្នកស្រី​ថា​ ម៉េខូម​ (Maycomb)​ ក៏ដោយ​ ប៉ុន្តែ​តួអង្គក្នុង​រឿង​ប្រលោម​លោក​នោះ​ ត្រូវ​បាន​អ្នកស្រី​ លី​ យក​តាម​លំនាំ​រឿង​របស់​មនុស្ស​ដែលធំ​ដឹង​ក្តី​ឡើង​ជាមួយ​អ្នកស្រី។

ក៏ប៉ុន្តែ​ ចាប់​តាំង​ពី​អ្នកស្រី​ ហាបភើ​ លី​ នៅ​ក្មេង​រហូត​មក​ដល់​ពេល​នេះ​ ក្រុង​ម៉ុនរ៉ូវីល​បាន​ផ្លាស់ប្តូរ​យ៉ាង​ច្រើន។​ មនុស្ស​ដែល​មាន​អម្បូរណ៍​ជា​អាហ្វ្រិក​មួយ​ចំនួន​ បំរើ​ការងារ​ក្នុង​រដ្ឋាភិបាល​ក្នុង​តំបន់។​ តុលាការ​ដែល​ដើរ​តួរ​ដ៏​មាន​ឥទ្ធិពល​ក្នុង​រឿង​ប្រលោមលោក​នេះ​ បាន​ប្តូរ​ទៅ​ជា​សារៈមន្ទីរ​មាន​ឈ្មោះ​ថា​ ម៉ក់ឃីងប៊ើដ។​ ហើយ​ផ្ទះ​ដែល​អ្នកស្រី​ លី​ បាន​រស់នៅ​ពេល​អ្នកស្រី​នៅ​ជា​កុមារី​នោះ​ ឥឡូវ​នេះ​ត្រូវ​ជំនួស​ដោយ​ហាង​លក់​ទំនិញ​តូច​មួយ​ និង​ហាង​លក់ម្ហូប​ដែល​ចម្អិន​លឿន​ មាន​យីហោ​ថា​ ម៉េលស៍ឌែរីឌ្រីម​ (Mel's Dairy Dream)។

«ទាំងអស់ថ្លៃ ១៩ដុល្លារ និង១១សេន»។

នៅ​ពេល​អាហារ​ថ្ងៃត្រង់​ ភ្ញៀវ​ដែល​មក​ទិញ​ម្ហូប​ចំណាយ​លុយ​សម្រាប់​សានវិច​សាច់គោ​ ដំឡូង​បារាំង​ចៀន​ និង​ទឹក​ការ៉េម​ក្រឡុក​ហៅ​ Milkshakes​ នៅ​ឯ​បង្អួច​នៃ​ហាង​លក់​ម្ហូប​ចម្អិន​លឿន​នេះ។

លោក​ ខីទ្ហ៍​ ខានិន​ (Kieth Cannon)​ កំពុង​តែ​ទិញ​អាហារ​ថ្ងៃត្រង់​ឲ្យ​កូនៗ​របស់​លោក​ ដែល​កំពុង​មាន​វិស្សមកាល​រដូវ​ក្តៅ។​ កូន​ប្រុស​របស់​លោក​ ទើបតែ​បាន​ អាន​ប្រលោមលោក​រឿង​ “To Kill a Mockingbird”​ នេះ​ នៅ​សាលារៀន។

«កូន​ខ្ញុំ​ទើបតែ​ចាប់ផ្តើម​សួរ​សំណួរ​ជា​ច្រើន​ដូចជា​ តើ​រឿង​នោះ​ពិត​ជា​កើត​ឡើង​មែន​ឬ​?​ គិត​ទៅ​មើល​ស្រ្តី​ដែល​ជា​អ្នក​និពន្វ​ប្រលោមលោក​នោះ​ គឺ​ជា​អ្នកក្រុង​នេះ​ ដូច្នេះ​លោកអ្នក​ពិត​ជា​មិន​ដឹង​ប្រាកដ​ទេ​ថា​ តើ​រឿង​នោះ​ជា​រឿង​ប្រឌិត​ ឬ​យក​តាម​លំនាំ​រឿង​ដែល​កើត​មាន​ឡើង​ក្នុង​ពេល​អតីតកាល​របស់​អ្នកស្រី។​ ក៏ប៉ុន្តែ​ កូន​ប្រុស​ខ្ញុំ​ពិត​ជា​រំភើប​រីករាយ​នឹង​សាច់​រឿង​ប្រលោម​លោក​នេះ​ណាស់»។

ក៏ប៉ុន្តែ​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ ម៉ុនរ៉ូវីល​ មិន​បាន​រំភើប​រីករាយ​អំពី​សៀវភៅនេះ​ទេ​ នៅ​ពេល​ដែល​សៀវភៅ​នោះ​ ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ​១៩៦០។​ ចច​ ថមម៉ាស​ ចូនស៍​ (George Thomas Jones)​ បាន​នៅ​ក្នុង​ក្រុង​ម៉ុនរ៉ូវីល​នៅ​ពេលនោះ។​ លោក​ជា​មិត្តភ័ក្តិ​យូរ​អង្វែង​មួយ​រូប​របស់​អ្នកនិពន្វ​នេះ​ ហើយ​លោក​ហៅ​ឈ្មោះ​អ្នកស្រី​ថា​ នែល​ (Nelle) ។

«ប្រាកដ​ណាស់​ មាន​គេ​មក​សម្ភាស​ខ្ញុំ​ជា​ច្រើន​លើក​ហើយ​អំពី​រឿង​នេះ​ ហើយ​សំណួរ​ដែល​គេ​សួរ​ខ្ញុំ​ច្រើន​បំផុត​នោះ​គឺ​ តើ​មាន​ផល​ប៉ះពាល់​យ៉ាងណា​ខ្លះ​ទៅ​លើ​ក្រុងនេះ​ នៅ​ពេល​ដែល​ប្រលោមលោក​នោះ​ត្រូវ​បាន​បោះពុម្ពផ្សាយ?​ ប្រាកដ​ណាស់​ចម្លើយ​គឺ​ គ្មាន​ការ​ប៉ះពាល់​អ្វី​ឡើយ។​ មនុស្សម្នា​និយាយ​ថា​ នែល​គ្រាន់តែ​ សរសេរ​សៀវភៅ​មួយ​ក្បាល​អំពី​ “ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង”​ នេះ​ប៉ុណ្ណោះ។​ ពួកគេ​មិន​ដឹង​ទាល់​តែ​សោះ​ថា​ សៀវភៅ​មួយ​ក្បាល​នោះ​នឹង​វិល​ត្រឡប់​មក​រក​ពួកគេ​ដូច្នេះ​ឡើយ”។

ក៏ប៉ុន្តែ​ លោក​ ចូនស៍​ និយាយ​ថា​ មួយ​ឆ្នាំ​ក្រោយ​មក​ប្រជា​ពលរដ្ឋ​ចាប់ផ្តើម​ផ្តោត​អារម្មណ៍​ នៅ​ពេល​ដែល​តារា​ភាពយន្ត​ ហ្គ្រិកហ្កូរី​ ផិក​ (Gregory Peck) ដែល​សម្តែង​ជា​តួឯក​ភាពយន្ត​យក​លំនាំ​តាម​សៀវភៅ​នោះ​ បាន​ទៅ​លេង​ក្រុង​ម៉ុនរ៉ូវីល​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ​ មុន​ពេល​ចាប់ផ្តើម​ថត​ភាពយន្ត​នោះ។

«លោក​ ហ្គ្រិកហ្កូរី​ ផិក​ ជា​មនុស្ស​សាមញ្ញ​ម្នាក់​ លោក​បាន​ដើរ​ជុំវិញ​ក្រុង​តែ​ម្នាក់​ឯង​ និយាយ​លេង​ជាមួយ​ប្រជាពលរដ្ឋ។​ ប្រាកដណាស់​ ស្រីៗ​ស្លៀកពាក់​ សម្លៀក​បំពាក់​ស្អាត​បំផុត​ដែល​ខ្លួន​មាន​ ពាក់​គ្រឿង​អលង្ការ​ និង​ផាត់មុខ​លាប​ម្សៅ​ ហាក់​ដូច​ជា​លោក​ ផិក​ នឹង​ផ្តោត​អារម្មណ៍​ទៅ​លើ​ពួកគេ​អញ្ចឹង»។

លោក​ ផិក​ បាន​ប្រើ​ការ​ស្រាវជ្រាវ​នោះ​នៅ​ក្នុង​ភាពយន្ត​ដែល​បាន​ឈ្នះ​រង្វាន់​អូស្ការ​ ដោយ​សម្តែង​ជា​តួ​មេធាវី​ អាទីកខឹស​ ហ្វីនឆ៍។​ នៅ​ក្នុង​ការបិ​ទ​អំណះ​អំណាង​បញ្ចប់​របស់​មេធាវី​រូប​នេះ​ លោក​អំពាវនាវ​ឲ្យ​គណៈវិនិច្ឆ័យ​ មើល​ឃើញ​ការ​ភូតកុហក​ដែល​បាន​ផ្ទុះ​ឡើង​ពី​ការ​រើសអើង​ពណ៌សម្បុរ​ ដើម្បី​ធ្វើ​ឲ្យ​កូនក្តី​របស់​លោក​ជាប់ទោស។

«ដូច្នេះ​ បុរស​ស្បែក​ខ្មៅ​ដែល​សុភាព​រាបសារ​ ជា​មនុស្ស​ស្ងៀមស្ងាត់​ និង​ជា​មនុស្ស​គួរ​ឲ្យ​គោរព​ម្នាក់​ ដែល​មាន​សេចក្តីក្លាហាន​ ក្នុងការ​មាន​អារម្មណ៍​សោក​ស្តាយ​ចំពោះ​ស្រ្តី​ស្បែក​ស​ម្នាក់​ ហើយ​ត្រូវ​និយាយ​ប្រឆាំង​ទៅនឹង​មនុស្ស​ស្បែក​ស​ពីរ​នាក់។​ ជន​ជាប់​ចោទនេះ​ គឺ​មិន​មាន​ទោស​ទេ។​ ក៏ប៉ុន្តែ​ នៅ​ក្នុង​បន្ទប់​សវនាការនេះ​ មាន​មនុស្ស​ម្នាក់​ជា​អ្នក​មាន​ទោស»។

ថ្វីបើ​ ការ​ការពារ​កូនក្តី​មាន​លក្ខណៈ​ស្វិតស្វាញ​ក៏ដោយ​ ក៏​គណៈវិនិច្ឆ័យ​ស្បែក​ស​ទាំងអស់​បាន​សម្រេច​ថា​ កូន​ក្តី​របស់​លោក​មានទោស​ ហើយ​បាន​កាត់ទោស​ប្រហារ​ជីវិត​កូនក្តី​លោក។

អ្នកស្រី​ ម៉េលីនដា​ ប៊ើត ​មើហ្វី​ (Melinda Byrd-Murphy)​ ជា​នាយិកា​នៃ​មជ្ឈមណ្ឌល​សិល្បៈ​អក្សរសាស្រ្ត​ក្នុង​រដ្ឋ​អាឡាបាម៉ា​និយាយ​ថា​ បន្ថែម​លើ​មេរៀន​សីលធម៌​ យុត្តិធម៌​ពណ៌​សម្បុរ​ស្បែក​ ការគោរព​ ភាពអត់ធ្មត់​ និង​សេចក្តី​ស្រឡាញ់​នោះ​ គឺ​វិធី​សរសេរ​របស់​អ្នកស្រី​ លី​ បាន​ធ្វើ​ឲ្យ​សៀវភៅ​ “To Kill a Mockingbird”​ នៅតែ​មាន​ប្រជាប្រិយភាព។

« វា​ជា​ប្រលោមលោក​ដ៏​អស្ចារ្យ​មួយ​ ហើយ​ខ្ញុំ​គិត​ថា​ នោះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បន្ត​អាន​សៀវភៅ​នោះ»។

នៅ​ឆ្នាំ​នេះ​ នៅ​ក្រុង​ម៉ុនរ៉ូវីល​ និង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ប្រជាពលរដ្ឋ​ប្រារព្វ​ខួប​ទី​ ៥០​ នៃ​សៀវភៅ​ប្រលោមលោក​ដែល​មាន​ចំណងជើង​ថា​ “សម្លាប់​បក្សី​ម៉ក់ឃីងប៊ើត៉” ​ឬ​ “To Kill a Mockingbird”​ ដោយ​អាន​ផ្នែក​ខ្លះ​នៅ​ក្នុង​សៀវភៅ​ ពិភាក្សាគ្នា​ ដោយ​ការមើល​ភាពយន្ត​ តន្រ្តី​ និង​សិល្បៈ​ដែល​បំផុស​ដោយ​អត្ថន័យ​នៃ​សាច់រឿង​នោះ​ និង​ការ​អាំងសាច់​បរិភោគ​តាម​របៀប​រដ្ឋ​ភាគខាងត្បូង​របស់​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG