ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បី​ឆ្នាំ​ក្រោយ​សន្តិ​ភាព​ ជន​រងគ្រោះ​កេនយ៉ា​ជា​ច្រើន​នៅ​តែ​រង់​ចាំ​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ


នេះ​ជា​រូបស្ដ្រី​ម្នាក់​ហើយ​និង​គ្រួសារ​ ដែល​​រស់​នៅ​ក្នុង​ជំរំ​ Vumilia​ Eldoret ។ ​អ្នក​ស្រុក​​ជា​​ច្រើន​​នាក់​​រស់​​នៅ​​​ក្នុង​​តង់​​សំពត់​​​សម្រាប់​​ពេល​​៦​​ខែ​ បី​​ឆ្នាំ​កន្លង​​មក​​​ហើយ​​​។​
នេះ​ជា​រូបស្ដ្រី​ម្នាក់​ហើយ​និង​គ្រួសារ​ ដែល​​រស់​នៅ​ក្នុង​ជំរំ​ Vumilia​ Eldoret ។ ​អ្នក​ស្រុក​​ជា​​ច្រើន​​នាក់​​រស់​​នៅ​​​ក្នុង​​តង់​​សំពត់​​​សម្រាប់​​ពេល​​៦​​ខែ​ បី​​ឆ្នាំ​កន្លង​​មក​​​ហើយ​​​។​

ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា៖​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​សម្គាល់​នូវខួប​ឆ្នាំ​ទី​៣​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ដែល​បាន​បញ្ចប់​ភាព​វឹកវរនៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេសកេនយ៉ា​ (Kenya)។ ប៉ុន្តែប្រជា​ពលរដ្ឋ​ជា​ច្រើនកំពុង​តែ​នៅ​រង់ចាំ​ជំនួយនិង​ឱកាស​ក្នុង​ការ​ចាប់ផ្តើម​ជីវិត​ថ្មី​របស់​ពួក​គេ​ឡើង​វិញ។

ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០០៧​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០០៨​ ពិភពលោក​បាន​តាមដាន​មើល​ ខណៈ​ពេល​ដែល​ប្រទេស​មួយ​ ដែលធ្លាប់តែ​ត្រូវ​គេ​កោត​សរសើរ​ចំពោះ​ស្ថេរ​ភាព​របស់​ខ្លួន​នោះ​ បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​វិបត្តិ​បែក​បាក់​និង​វឹកវរ​ផ្ទៃ​ក្នុង។

ជម្លោះ​មួយ​រវាង​គូ​បដិបក្ខ​នៅ​ក្នុង​ការ​បោះឆ្នោត​ គឺ​រវាង​លោក​ប្រធានាធិបតី​ អឹមវ៉ៃ គីបាគី (Mwai Kibaki) និង​លោក​នាយក​រដ្ឋមន្រ្តីបច្ចុប្បន្ន​ រ៉េលឡា អូឌីងហ្គា (Raila Odinga) ​បាន​រាលដាល​ពេញ​ផ្ទៃ​ប្រទេស​ទាំង​មូល​យ៉ាង​ឆាប់​រហ័ស​ និង​បង្ក​ឲ្យ​មាន​ទំនាស់​ជាតិ​សាសន៍ដែល​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​១.៣០០​នាក់​ស្លាប់​បាត់បង់​ជីវិត។ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ ពលរដ្ឋ​កេនយ៉ា​ជា​ច្រើន​មិន​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទេ។ ផ្លូវ​ជាតិ​នានា​ត្រូវ​បាន​យាម​ល្បាត​ដោយ​ពួក​កង​ជីវពល​ប្រដាប់​អាវុធ​ ហើយ​យន្ត​ហោះ​ទាំង​ឡាយ​ដែល​ហោះ​សំដៅ​ទៅ​កាន់​តំបន់ទេសចរណ៍​ដ៏​ពេញ​និយម​នានា បាន​ទៅ​ដល់​ទី​នោះ​ដោយ​គ្មាន​អ្នក​ដំណើរ។ វិបត្តិ​នេះ​បាន​ឆាបឆេះ​អស់​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​ ហើយ​បាន​បញ្ចប់​នៅ​ពេល​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ កូហ្វី ​អាណាន់ (Kofi Annan) អាច​បង្រួបបង្រួម​គូ​បដិបក្ខ​ទាំង​ពីរ​ឲ្យចូល​រួម​ក្នុង​រដ្ឋាភិបាលឯកភាព​ជាតិ​មួយ។

«សម្បទាន​គឺជា​ការ​ចាំបាច់សម្រាប់​ភាព​ស្ថិតស្ថេរ​របស់​ប្រទេស​នេះ។ សូមអ្នក​គាំទ្រ​កិច្ច​ព្រមព្រៀង​នេះ ព្រោះ​វា​គឺ​ជា​គន្លឹះ​នៃឯកភាពជាតិ​របស់​ប្រទេស​កេនយ៉ា។ វា​គឺ​ជា​មូលដ្ឋាន​មួយ​សម្រាប់​ការ​ផ្សះ​ផ្សាជាតិ​ ហើយ​វា​គឺ​ជា​មូលដ្ឋាន​សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​សេដ្ឋកិច្ច»។

រយៈ​ពេលជាង​បី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ប្រធានា​ធិប​តី​ដ៏​ទុយ៌សក្នុង​ឆ្នាំ​២០០៧របស់​ប្រទេសកេនយ៉ា​ ហើយ​ប្រទេស​នេះ​មាន​សល់ស្លាក​ស្នាម​ជាក់​ស្តែង​តិច​តួច​ណាស់​ពី​រយៈ​កាល​នោះ​។ ជា​ទូទៅ​វិស័យ​ទេសចរណ៍​របស់​ប្រទេសកេនយ៉ា​ បាន​រើប​ឡើង​វិញ​ហើយ​ ហើយវិស័យ​សេដ្ឋកិច្ច​ដែល​ឈាន​មុខ​គេ​នៅក្នុង​តំបន់​របស់ខ្លួន​ក៏​មាន​ការ​រើប​ឡើង​វិញ​ហើយដែរ។

ក៏​ប៉ុន្តែ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ថ្មីៗនិង​ល្អជាង​មុន​ទាំង​ឡាយ​ ដោយ​កន្លែង​ គេ​ឃើញ​មាន​អម​ទៅ​ដោយ​ជំរំ​សំពត់​តង់​បណ្តោះអាសន្ន​សម្រាប់ពលរដ្ឋកេនយ៉ា​ដែល​ជីវិត​របស់​ពួក​គេបាន​ទទួលរង​ផល​ប៉ះពាល់​ជា​អចិន្ត្រៃយ៍​ពី​ភាព​វឹកវរ​ក្នុង​ឆ្នាំ​២០០៧​នោះ។ ទោះ​បីរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយក្តី​ ក៏​ជនភៀស​សឹក​ក្នុង​ប្រទេស​កេនយ៉ា​ជា​ច្រើន​នាក់​ នៅ​តែ​បន្ត​រស់​នៅ​ដោយ​គ្មាន​ផ្ទះ​សម្បែង​ដដែល៕

ប្រែ​សម្រួល​ដោយ ​ឌី ​ខាំបូលី

XS
SM
MD
LG