អាជ្ញាធរមានសមត្ថកិច្ចនៅរាជធានីភ្នំពេញបានចាប់ខ្លួនយុវជនបីនាក់ចំពោះការសង្ស័យថា បានប៉ុនប៉ងវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ខែសីហា ក្រសួងមហាផ្ទៃបានផ្តល់សេចក្តីពន្យល់ថា ការចាប់ខ្លួនជនសង្ស័យទាំងបីត្រូវបានធ្វើឡើងតាមរយៈការស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ជនសង្ស័យទាំងបីត្រូវបានបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញ ហើយបានសារភាពថា ពួកគេពិតជាបានបង្កើតក្រុមបំផុសបំផុលផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA ហើយសកម្មភាពនេះត្រូវបានសមត្ថកិច្ចសង្ស័យថាបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ខែសីហា។
យ៉ាងណាក៏ដោយ ក្រសួងពន្យល់ថា សកម្មភាពបច្ចេកវិទ្យារបស់ពួកគេបានត្រឹមរំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរដ្ឋាភិបាលមួយចំនួន តែមិនមានការជ្រៀតចូល ឬប៉ះពាល់ដល់ទិន្នន័យណាមួយនោះទេ។ ក្រសួងមិនបានបញ្ចេញឈ្មោះរបស់ជនសង្ស័យទាំងបីដែលជាសិស្សសាលានោះទេ។
បើតាមក្រសួងមហាផ្ទៃ ជនសង្ស័យបានសារភាពទៀតថា «ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាមមានឈ្មោះ Victim Leaked Cambodia (VLC) ដើម្បីប្រើប្រាស់បំផុសបំផុលការចូលរួមវាយប្រហារ...ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន»។
ក្រសួងបានដាស់តឿនមហាជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឱ្យពិចារណាលើប្រភព និងខ្លឹមសារព័ត៌មាន មុនធ្វើការចែករំលែកដើម្បីមួយផ្នែកគឺប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងមួយផ្នែកទៀតគឺដើម្បីកុំឱ្យប៉ះពាល់សិទ្ធអ្នកដទៃ និងស្ថិរភាពសង្គម និងបញ្ចៀសការប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនំាពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានទេនៅថ្ងៃសុក្រនេះ។ ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយបានបង្វែរសំណួរទៅក្រសួងមហាផ្ទៃ។ វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ តែលោកមិនឆ្លើយតបសំណួរដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
ក្នុងព្រឹត្តិការណ៍ទប់ស្កាត់ចលនាធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ហើយគិតមកត្រឹមថ្ងៃសុក្រសប្តាហ៍នេះមានជនសង្ស័យដែលខ្លះជាសកម្មជនសង្គម បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងសមាគមចំនួនជាង៦០នាក់ត្រូវបានចាប់ខ្លួន តែមានមួយចំនួនត្រូវដោះលែង ក្រោយធ្វើការសុំទោស និងធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ។ នេះបើតាមក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា សមត្ថកិច្ចគួរតែស៊ើបអង្កេតឱ្យបានច្បាស់មុនធ្វើការឃាត់ខ្លួនយុវជនទាំងបីរូបនោះ ព្រោះការលួចចូលគេហទំព័ររបស់ស្ថាប័នរដ្ឋតម្រូវឱ្យមានការយល់ដឹងខ្ពស់ក្នុងប្រព័ន្ធបច្ចេកវិទ្យា។ លោកបានបន្ថែមថា បើសមត្ថកិច្ចគ្មានភស្តុតាងរឹងមាំគាំទ្រដល់ការចាប់ខ្លួននោះទេ សមត្ថកិច្ចនឹងចៀសមិនផុតពីការរិះគន់។
លោកថ្លែងថា៖«វាទាក់ទងនឹងបញ្ហាបច្ចេកទេស ទាល់តែយុវជនទាំងបីហ្នឹងគាត់មានបច្ចេកទេសខ្ពស់នៅក្នុងការលួចចូលគេហទំព័រទៅតាមស្ថាប័នផ្សេងៗ។ អ៊ីចឹងបញ្ហានឹងហើយដែលត្រូវតែធ្វើការស៊ើបអង្កេត និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីយើងមានតម្លាភាព»។
នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA ដែលកំពុងត្រូវបានអនុវត្តដោយរដ្ឋាភិបាលទីក្រុងភ្នំពេញ ទីក្រុងហាណូយ និង ទីក្រុងវៀងចន្ទន៍ បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាស ដោយសារមានការពិភាក្សាទាំងក្នុងនិងក្រៅបណ្តាញទំនាក់ទំនងសង្គមថា កម្ពុជាអាចខាតបង់ប្រយោជន៍ច្រើនដោយការយកខេត្តចំនួនបួននៅភាគឦសានប្រទេសកម្ពុជាទៅដាក់ក្នុងគម្រោងនោះ។
ក្រុមអ្នកនយោបាយជំទាស់នៅបរទេសក៏បានបំផុសបំផុលឱ្យពលរដ្ឋក្រោកឈរធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងមួយនេះ ដោយពួកគេបារម្ភខ្លាចបាត់បង់ខេត្តទាំងបួននោះទៅវៀតណាម ដូចការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយសម័យអាណានិគមបារាំង។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានអះអាងម្តងហើយម្តងទៀតថា គម្រោងនេះជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ហើយអធិបតេយ្យភាពរបស់ប្រទេសទាំងបីស្ថិតក្នុងគម្រោងនេះនឹងមិនមានការបាត់បង់មួយចម្រៀកណានោះឡើយ៕
វេទិកាបញ្ចេញមតិ