ក្រសួងសុខាភិបាលកម្ពុជា នៅល្ងាចថ្ងៃច័ន្ទនេះ បានប្រកាសថា មនុស្ស៣នាក់ទៀត ដែលមានតំណាងរាស្រ្តមួយរូប ត្រូវបានធ្វើតេស្តរកឃើញថា មានវីរុសជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកទាំង៣នាក់នោះ មានលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា លោក ស ចិត្រា ជាអគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបុរសជនជាតិហុងគ្រី ដែលជាឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។ ពួកគេទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។
ពួកគេទាំង៣នាក់ ជាអ្នកឆ្លងបន្ថែមលើអង្គរក្សម្នាក់ជាជនជាតិខ្មែរ ដែលការពារឲ្យប្រតិភូហុងគ្រីដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺកូវីដ១៩នៅប្រទេសថៃ កាលពីសប្តាហ៍មុន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃចន្ទនេះ បានបង្ហោះសារនៅលើហ្វេសប៊ុកថា លទ្ធផលតេស្តលើកទីពីររបស់លោក បង្ហាញថា លោកមិនមានវីរុសកូរ៉ូណាទេ។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃច័ន្ទនេះ មនុស្សជាង៩៤០នាក់ ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានធ្វើតេស្ត ហើយលទ្ធផលគឺអវិជ្ជមាន លើកលែងតែអង្គរក្សម្នាក់ការពារប្រតិភូប៉ុណ្ណោះ។ អ្នកទាំងនោះ ត្រូវធ្វើតេស្តចំនួន៣ដងទៀត។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃអង្គារសប្តាហ៍មុន ត្រូវបានរាយការណ៍ថា មានជំងឺកូវីដ១៩ ពេលលោកបានទៅដល់ប្រទេសថៃ។ មិនមានរបាយការណ៍លម្អិតនោះទេថា រដ្ឋមន្រ្តីការបរទេសនោះបានឆ្លងជំងឺកូវីដ១៩ តាំងពីពេលណា និងនៅទីណា៕