ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្នុង​ទីក្រុង​​​ប៉េកាំង​ពង្រីក​ការធ្វើ​តេស្ត​ជំងឺ​កូវីដ១៩​លើ​ពលរដ្ឋ​របស់​ខ្លួន ខណៈ​ដែល​ការ​ព្រួយបារម្ភ​ពី​ការបិទខ្ទប់​កំពុង​កើនឡើង


បុគ្គលិក​សុខាភិបាល​ធ្វើតេស្ត​រក​មេរោគ​នៃ​ជំងឺ​កូវីដ១៩ នៅឯ​កន្លែង​ធ្វើតេស្ត​​មួយ​កន្លែង​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
បុគ្គលិក​សុខាភិបាល​ធ្វើតេស្ត​រក​មេរោគ​នៃ​ជំងឺ​កូវីដ១៩ នៅឯ​កន្លែង​ធ្វើតេស្ត​​មួយ​កន្លែង​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

អាជ្ញាធរ​ទី​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះបាន​បើក​យុទ្ធនាការធ្វើ​តេស្ត​រកអ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ដល់ពលរដ្ឋ​របស់​ខ្លួន​ជិត២១លាន​នាក់ក្នុង​ទីក្រុង​នេះ​ខណៈពេល​ដែល​ក្តី​បារម្ភកំពុង​កើន​ឡើង​ដែល​ថា រដ្ឋធានី​របស់​ចិននេះ​អាចនឹង​ត្រូវ​បាន​បិទ​សកម្មភាព​សង្គម​ដ៏​តឹងរឹងដូច​ទីក្រុង​សៀងហៃដែរ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ក្រោមគោលនយោបាយ​ដែល​គ្មាន​ការឆ្លង​ជំងឺ​កូវីដ១៩​នោះ ចិន​បាន​ប្រើប្រាស់វិធានការ​បិទ​សកម្មភាព​សង្គម ការធ្វើ​តេស្តដល់​ពលរដ្ឋ​របស់​ខ្លួន​ និង​ការរិតបន្តឹង​ការធ្វើ​ដំណើរ​ដើម្បីទប់ទល់​នឹង​ការ​ឆ្លងនៃ​ជំងឺ​កូវីដ១៩។

ដោយ​ឡែក​ទីក្រុង​សៀងហៃ​ដែល​ជា​ទីក្រុង​ដ៏​ធំ​បង្អស់​របស់​ចិន​ត្រូវ​បាន​បិទ​សង្គមភាព​សង្គម​ស្ទើរ​ទាំង​ស្រុង​អស់​រយៈពេល​ជា​ច្រើនសប្តាហ៍​កន្លង​ទៅ​ ហើយ​ការបញ្ជា​ឲ្យ​ធ្វើ​តេស្ត​លើ​ពលរដ្ឋ​ដ៏​ច្រើននៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ថា ​ទីក្រុង​នេះក៏នឹង​អាចត្រូវ​បានដាក់​ឲ្យ​ស្ថិត​ក្រោម​ការរិតបន្តឹងដូចទីក្រុង​សៀងហៃ​ផង​ដែរ។

ពលរដ្ឋ​ចិន​ម្នាក់​ឈ្មោះ Zhao ដែល​កំពុង​ដើរ​ទិញ​ឥវ៉ាន់នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​បាន​និយាយ​ថា «ស្ថានភាព​ក្នុង​ទីក្រុង​សៀងហៃនោះ​បាន​កើត​ឡើង​ហួស​ពី​ការ​ស្រមៃគិត​របស់​មនុស្ស​គ្រប់ ៗគ្នា ហើយ​មាន​មនុស្ស​ជា​ច្រើន​គិត​ថា​វា​ជារឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ​ដែល​ទីក្រុង​ទំនើប​មួយ​នេះមាន​ស្ថានភាព​ដូច​នេះ»។

អ្នក​ស្រី Zhao ដែល​មាន​អាយុ៣៥ឆ្នាំ​ និង​ជាមន្ត្រី​ជំនាញ​ខាង​ផ្នែកបុគ្គលិកនោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា «ខ្ញុំ​ជឿជាក់​ថា​ ស្ថានភាព​របស់​យើងក្នុង​ទីក្រុង​ប៉េកាំង​មិន​អាក្រក់ដូចទីក្រុង​សៀងហៃ​នោះ​ទេ ប៉ុន្តែនិយាយ​ដោយ​ស្មោះត្រង់​ទៅ យើង​បាន​ទិញ​អង្ករ មី គ្រាប់​ធញ្ញជាតិ ​និង​ប្រេងឆា​ទុក​មួយ​ចំនួន។ យើង​បាន​ត្រៀម​រៀបចំសម្រាប់​រយៈពេល​យ៉ាងហោច​ណាស់​ក៏​ពី១ ទៅ២សប្តាហ៍​ដែរ»។

អាជ្ញារធរ​ក្នុង​រដ្ឋធានី​ប៉េកាំង​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​របស់​ខ្លួននៅ​ក្នុង​សង្កាត់​ទាំង១២នៃ​ទីក្រុង​នេះ​ដែល​មាន​ពលរដ្ឋ​រស់នៅដ៏​ច្រើន​នោះត្រូវទទួល​ការធ្វើ​តេស្ត​ចំនួន៣ដងដើម្បី​រក​ជំងឺ​កូវីដ​១៩ បន្ទាប់ពី​រក​ឃើញ​ការឆ្លង​ទៅ​លើ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រយៈពេលប៉ុន្មានថ្ងៃ​ថ្មី​ៗនេះ។

សង្កាត់ Chaoyang ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋធានី​ប៉េកាំង​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​តេស្តរក​ជំងឺ​កូវីដ១៩មុន​គេ​ចាប់​ពី​ថ្ងៃ​ចន្ទម្សិល​មិញទៅ ដោយ​គេ​ឃើញ​មានមនុស្ស​ឈរ​តម្រង់ជួរ​យ៉ាង​វែង​ដើម្បី​ឲ្យ​ក្រុម​បុគ្គលិក​សុខាភិបាលដែល​បំពាក់​ដោយ​សម្លៀក​បំពាក់​និង​ឧបករណ៍​ការពារ​បាញ់​សម្អាតជា​មួយ​ថ្នាំ​សម្លាប់​មេរោគ។

ចំណែក​សង្កាត់១១ផ្សេង​ទៀត​ និង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​តេស្តនៅ​ថ្ងៃ​អង្គារ​នេះ។

ការបញ្ជា​ឲ្យ​ធ្វើ​តេស្ត​ទៅ​លើ​ពលរដ្ឋ​ក្នុង​សង្កាត់ Chaoyang បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ជា​ច្រើន​នាំគ្នាទៅ​ទិញ​ទំនិញ​ស្តុកទុក​ទាំង​ស្លន់ស្លោ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដោយគេ​ឃើញ​មានក្រុម​មនុស្ស​ឈរ​តម្រង់​ជួរយ៉ាង​វែងនៅ​តាម​ទីផ្សារ​ទំនើប​នានា នៅក្នុង​ទីក្រុង​ប៉េកាំងជា​មួយ​នឹងរទេះ​រុញ​ឥវ៉ាន់​ ខណៈ​ពេល​ដែលបណ្តាញ​ព័ត៌មាន​រដ្ឋចិន​បាន​ព្យាយាម​ផ្សព្វផ្សាយ​ដើម្បីធានា​ដល់​សា ធារណជន​ថា​ ឥវ៉ាន់​និង​ទំនិញ​មាន​គ្រប់គ្រាន់​សម្រាប់​ទិញ មិន​ខ្វះ​នោះ​ទេ។

ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​មួយ​ចំនួន​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ថា​ពួក​គេ​បារម្ភ​ខ្លាចមាន​ការ​បិទ​ខ្ទប់​ដូច​ក្នុង​ទីក្រុង​សៀងហៃដែរ​ ដែល​នៅ​ទី​នោះមនុស្ស​មួយ​ចំនួន​បាន​ព្យា យាមដើម្បី​ទទួល​បាន​នូវម្ហូបអាហារ និងថ្នាំ​ពេទ្យ​សម្រាប់​អ្នក​ដែល​មិន​មាន​ជំងឺកូវីដ១៩​នោះ។

គេ​ឃើញ​បរិវេណ​មួយ​ចំនួននៃសង្កាត់ Chaoyang ក្នុង​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​អាជ្ញាធរបិទមិន​ឲ្យមាន​ការចេញ​ចូលនោះ​ឡើយ​ ដែល​មាន​ភាព​ដូច​គ្នា​នឹង​ទីក្រុង​សៀងហៃ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​អាជ្ញាធរ​ក្នុង​រដ្ឋធានី​ប៉េកាំង​បាន​ផ្អាក​រាល់​ការ​ជួប​ជុំ​ធំៗនានា​ដូចជាពិធី​ជប់​លៀង​រៀប​មង្គលការ បិទសាលមហោស្រព ​និង​បាន​បញ្ជា​ឲ្យផ្អាក​ការ​ជួសជុល ​ឬ​ការសាង​សង់​ផ្ទះ​ជា​ដើម៕

XS
SM
MD
LG