នៅថ្ងៃចន្ទនេះមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រកាសថា រដ្ឋាភិបាលកម្ពុជាបានដកហូតឯកសាររដ្ឋបាលខុសច្បាប់ដែលកាន់កាប់ដោយជនបរទេសបានចំនួនជាងបីម៉ឺនក្បាល ភាគច្រើនជាជនជាតិវៀតណាម និងបានបណ្តេញជនបរទេសចេញពីកម្ពុជាចំនួនជាង១ម៉ឺន៥ពាន់នាក់ ភាគច្រើនជាជនជាតិចិន។
ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជាដកហូតឯកសាររដ្ឋបាលខុសច្បាប់ដែលកាន់កាប់ដោយជនបរទេសបានចំនួនជាងបីម៉ឺនក្បាល និងបណ្តេញជនបរទេសចេញពីកម្ពុជាចំនួនជាង១ម៉ឺន៥ពាន់នាក់ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោរប្រវេសន៍ក្រសួងមហាផ្ទៃ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍នៅថ្ងៃចន្ទនេះថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានដកហូតឯកសារមិនប្រក្រតីដែលកាន់កាប់ដោយជនបរទេសប្រមាណជា៩០ភាគរយស្មើនឹងជាង៣ម៉ឺនក្បាល ក្នុងនោះជនជាតិវៀតណាមមានចំនួន៩០ភាគរយ។
លោក គៀត ច័ន្ទថារិទ្ធ ប្រាប់អ្នកសារព័ត៌មានថា៖
«យើងដកហូតបានប្រមាណជិត៩០ភាគរយ ហើយ ឯកសារដែលគេកាន់។ មានប្រមាណជាង៣ម៉ឺនក្បាល មានសៀវភៅគ្រួសារ មានសៀវភៅស្នាក់នៅ មានអត្ដសញ្ញាណប័ណ្ណ មានសំបុត្រកំណើត មានលិខិតឆ្លងដែន។ល។»
លោក គៀត ច័ន្ទថារិទ្ធ បន្ថែមថា ចាប់ពីឆ្នាំ២០១៤មក កម្ពុជាក៏បានបណ្តេញជនបរទេសចេញអស់ប្រមាណជា១ម៉ឺន៥ពាន់នាក់ ដែលមានប្រមាណជាជាង៤០សញ្ជាតិ ភាគច្រើនជាជនជាតិចិន និងវៀតណាម។
«ភាគច្រើនក្នុងឆ្នាំនេះ ទី១ ចិន ទី២ វៀតណាម ទី៣ នីហ្សេរីយ៉ា អាហ្នឹងបើតាមខ្ញុំចាំ។ ក្នុងឆ្នាំនេះបទល្មើសទាក់ទងនឹងការបណ្តេញចេញហ្នឹង ទី១ គឺការប្រព្រឹត្តិឆបោកតាមទូរគមនាគមន៍ ហើយនិងល្បែងហ្គេមអនឡាញ ហើយក្រៅពីហ្នឹងគឺការស្នាក់នៅហួសច្បាប់តែម្តង ហួសច្បាប់កំណត់ គាត់លួចស្នាក់នៅបន្ត»។
បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ផ្សាយនៅថ្ងៃចន្ទនេះបញ្ជាក់ដោយយោងតាមស្ថិតិ នៃការធ្វើជំរឿនឆ្នាំ២០១៦ថា តួលេខជនបរទេសអន្តោរប្រវេសន៍ សរុបមានចំនួន៤៦,៧៧៦គ្រួសារ មនុស្សចំនួន ១៧៦.៨១២នាក់ (ស្រី៧៩.៧២៨) អាយុ១៨ឆ្នាំឡើងចំនួន ១២.៤០៥នាក់ (ស្រី៥២.៧៥៤នាក់)៕