ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់​ពាន់​នាក់​តវ៉ា​ប្រឆាំង​នឹង​​ច្បាប់​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​ហុង​ហ្គ្រី


ប្រធានាធិបតី​ប្រទេស​ហុង​ហ្គ្រី​ លោក ផាល ស្មីត (Pal Schmitt)។
ប្រធានាធិបតី​ប្រទេស​ហុង​ហ្គ្រី​ លោក ផាល ស្មីត (Pal Schmitt)។

ប៊ុយតាប៉េស្ត​ ប្រទេស​ហុងហ្រ្គី៖ ​ប្រជាពលរដ្ឋ​ហុង​ហ្គ្រីប្រហែល ១​០.០០០​នាក់ បាន​ធ្វើ​បាតុកម្មកាលពី​ថ្ងៃសុក្រ ​ទី​១៤ ខែមករាកន្លង​ទៅ​នេះប្រឆាំងនឹង​អ្វី​ដែល​ក្រុម​អ្នក​រិះ​គន់​ហៅ​ថា​ ជា​ច្បាប់​ប្រព័ន្ធ ផ្សព្វផ្សាយដ៏​រឹត​ត្បិត​បំផុតនៅ​អឺរ៉ុប។ បទ​បញ្ញត្តិ​នេះ អាចផាក​ពិន័យ និងដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​ធ្ងរ ដល់​ប្រព័ន្ធ ផ្សព្វផ្សាយ​នៅហុង​ហ្គ្រី។

ជន​ជាតិ​ហុង​ហ្គ្រីជា​ច្រើន​បានស្រែក​ច្រៀងថា «ប្រសិន​បើពួក​គេ​ជា​ទុងជាតិ ពួក​គេ​នឹង​មិន​បក់ទេ ឬប្រសិន​បើ​ពួក​គេ​ជា​ផ្កាកុលាប​វិញ ពួក​គេ​ក៏​នឹង​មិន​រីក​ដែរ»។ ចម្រៀង​ដ៏​ក្រៀម​ក្រំ បាន​លាន់រំពង​ពេញ​ទី​លាន​ខាង​មុខ​អគារ​រដ្ឋ​សភា​របស់​ហុង​ហ្គ្រី ​ជា​ទី​កនែ្លង​ដែល​ក្រុម​បាតុករ ប្រមូល​ផ្តុំ​គ្នា ដើម្បី​ប្រឆាំង​នឹងច្បាប់ប្រព័ន្ធផ្សព្វផ្សាយថ្មី​នេះ។ ពួក​គេត្រូវបាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់ពី​សំណាក់​ក្រុម​ប៉ូលីស ដែល​ជិះ​ក្នុង​រថយន្ត​មាន​ភ្លើង​ស៊ី​រ៉ែន​វិលទៀត​ផង។

តាមបទបញ្ញត្តិ​នេះ ក្រុម​ប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ​ (Media Council)​ ដែល​ត្រូវ​បាន​តែង​តាំង ដោយរដ្ឋាភិបាលប្រកាន់​ស្តាំកណ្តាល​ អាច​ផាក​ពិន័យ​ប្រព័ន្ធផ្សព្វផ្សាយ​តាម​អាកាស នូវ​ទឹកប្រាក់​ជិត១​លានដុល្លារ និង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ឬ​កាសែត​នូវ​ទឹក​ប្រាក់ជាង​១​សែន​ដុល្លារ ប្រសិន​បើការ​ផ្សាយ​ព័ត៌​មានរបស់​ពួក​គេត្រូវ​បានរកឃើញថា ​គ្មាន​តុល្យភាព ឬ​អសីលធម៌។

មិន​មែន​តែអ្នកយក​ព័ត៌មានហុង​ហ្គ្រីនោះ​ទេ​ដែល​ព្រួយ​បារម្ភ​អំពី​អ្វី​ដែ​ល​ក្រុម​អ្នករិះគន់ ពិពណ៌នា​ថា ​ជាច្បាប់ប្រព័ន្ធផ្សព្វផ្សាយ​ដ៏​រិត​ត្បិត​បំផុតនៅ​អឺរ៉ុបនោះ លោកស្រី សុន​ចារ៍ អេន​ឌ្រេ​សូ​ (Sonja Andrassew) នៃក្រុម​បរិស្ថាន​ហ្គ្រីន​ភីស (Greenpeace) មាន​ប្រសាសន៍​ថា ​លោក​ស្រី បារម្ភ​ថា បទ​បញ្ញត្តិ​នេះនឹង​បង្ក​ការ​លំបាក​កាន់​តែ​ខ្លាំង ក្នុង​ការ​រិះ​គន់​គោលនយោបាយបរិស្ថាន។ លោក​ស្រី​ថ្លែង​ថា៖

«យើង​គិត​ថា ការ​ការ​ពារ​បរិស្ថានក៏ទាក់​ទង​នឹង​សេរីភាព​ព័ត៌​មាន​ដែរ។ ដូច្នេះ ប្រសិនបើយើង​ចង់​បញ្ចេញទស្សនៈ​របស់​យើងអំពី​បរិស្ថាន ការ​កើន​ឡើង​កំដៅ​ផែន​ដី ឬ​ក៏​កិច្ច​ការផ្សេង​ទៀត យើង​ត្រូវ​ការព័ត៌មានដែល​មាន​សេរីភាព​ក្នុង​ការ​សរសេរ​អំពីទស្សនៈរបស់យើង»។

អង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយ​ចំនួន ត្រូវ​បាន​តាម​ប្រមាញ់​ពី​សំណាក់អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយថ្មីរួចហើយ។

សម្លេង​របស់​ហ្កាបូ សាបៃ (Gabor Csabai) ប្រធាន​វិទ្យុធីឡុស​ (Tilos) ឬ​ត្រួវ​បាន​ហៅ​ថា​ វិទ្យុ​ហាម​ឃាត់ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង ប៊ុយដាប៉េស្ត នៅ​តែ​អាចស្តាប់​ឮ​តាម​រយៈ​ស្ទូឌីយោ​តូច​មួយ​នៅ​ក្នុងអគារ​ទ្រុឌទ្រោមមួយ​ក្នុង​ទី​ក្រុងប៊ុយដាប៉េស្ត។

ប៉ុន្តែ​ ស្ថានីយ៍​វិទ្យុ​ឯករាជ្យ​តូច​មួយរបស់​គាត់​នេះ​បាន​ប្រឈមនឹង​ការ​តស៊ូខាង​ផ្លូវ​ច្បាប់​រួច​ហើយ​ជាមួយនឹង​ក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់​ពី​បានផ្សាយ​ចម្រៀងមួយ​បទ​របស់អ្នក​រាំចង្វាក់រែប (Rap) ​អាមេរិកាំង ឈ្មោះថា អាយស៍ធី (Ice-T) ដែល​ឈ្មោះ​របស់​លោកពិត​ប្រាកដគឺ ទ្រែស៊ី ម៉ារ៉ូ (Tracey Marrow)។

ក្រុម​ប្រឹក្សា​ប្រព័ន្ធផ្សព្វផ្សាយខឹង​សម្បារ​យ៉ាង​ខ្លាំង ដែល​ស្ថានីយ៍​ធីឡុស ចាក់​ផ្សាយ​បទចម្រៀង​របស់អ្នក​រាំ​ចង្វាក់រែប ក្រោម​ចំណង​ជើង​ថា «IT’s ON» នា​ពេល​រសៀល ដោយ​បាន​ថ្លែងថា ចម្រៀង​នេះ​អាច​ប៉ះ​ពាល់​ក្រុម​យុវជន។​ បន្ទាប់​ពី​មាន​ការ​ប្រឆាំងជា​សាធារណៈ ក្រុម​ប្រឹក្សា​នេះ​ ផ្អាក​សកម្ម​ភាពវិញ​ក្នុង​សប្តាហ៍​នេះ ​ប៉ុន្តែ​ ​ក្រុមអ្នក​ផ្សាយតាម​វិទ្យុ មាន​ការ​ព្រួយ​បារម្ភ​ថា ឥឡូវ​នេះ អាជ្ញាធរប្រព័ន្ធ​ផ្សព្វផ្សាយ តាម​អង្កេតមើលពួកគេហើយ។

កាល​ពី​មុន​នេះ វិទ្យុ​ធីឡុស ​បាន​ប្រឈមនឹងការ​តវ៉ា ដោយ​សារតែ​សាររបស់​វិទ្យុ​នេះ ប្រឆាំងនឹង​សាសនា​គ្រិស្ត។ អ្នក​តវ៉ា​រួម​មាន​ក្រុម​អ្នក​គាំទ្រគណបក្ស​ហ្វីដេស (Fidesz Party) ដែលគ្រប់​គ្រង​អំណាច​ នា​ពេលបច្ចុប្បន្ន​នេះ។ លោក​សាបៃ បដិសេធការ​ចោទ​ប្រកាន់ទាំង​នេះ។ លោក​សាបៃ​ថ្លែង​ថា៖

«អ្វី​ដែល​ខ្ញុំ​អាច​និយាយគឺថា វិទ្យុ​ធីឡុស​ ​ជា​វិទ្យុ​សេរី និង​ឯករាជ្យទាំង​ស្រុង ដែល​មិនប្រកាន់សាសនា មិន​ប្រកាន់​មនោគម​វិជ្ជានយោបាយ មិន​ប្រកាន់​គណបក្ស​នយោបាយ និងបណ្តាញ​ហិរញ្ញវត្ថុណា​មួយ។ យើង​ជា​ស្ថានីយ៍​វិទ្យុ​សេរី​ និង​ឯករាជ្យ និង​ស្មោះ​ត្រង់»។

ក្រុម​អ្នក​រិះ​គន់ថ្លែង​ថា ដោយ​មាន​ច្បាប់​ប្រព័ន្ធផ្សព្វផ្សាយ​នេះ រដ្ឋាភិបាលប្រកាន់ស្តាំកណ្តាល កំពុងប្រែ​ក្លាយ​ប្រទេស​ហុងហ្គ្រី ទៅ​ជា«អ័របានីស្ថាន» ដែល​និយាយ​សំដៅលោកនាយក​រដ្ឋមន្ត្រី វីកទ័រ អ័រ​បាន (Viktor Orban)​ និង​ប្រទេស​ផ្តាច់​ការមួយ​ចំនួន​នៅ​អាស៊ី​កណ្តាល។

ប៉ុន្តែ​លោក យ៉ូកហ្គី អូស្កូ (Gyorgy Ocsko) ទី​ប្រឹក្សា​ច្បាប់​នៃ​ក្រុម​ប្រឹក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មានប្រសាសន៍ថា រដ្ឋាភិបាលមិនត្រឡប់​ទៅ​រក​អតីត​កាល​២០​ឆ្នាំ​មុនទេ​ ជា​ពេល​ដែល​ហុង​ហ្គ្រីនៅ​ជា​រដ្ឋ​កម្មុយនីស្ត ដែល​ត្រូវ​បាន​គ្រប់​គ្រងយ៉ាង​តឹង​រឹង។ លោក​បន្ត​ថា៖

«កិច្ចការ​នេះមិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ពិនិត្យ​ចាប់​ពិរុទ្ធតាមរបៀបចាស់ ដែល​កើត​មាន​ឡើងកាលពី​សម័យ​កុម្មុយនីស្តនោះ​ឡើយ។ អ្នក​តាក់​តែងច្បាប់មាន​គោល​ដៅ​មួយ ពោល​គឺ​ធ្វើឲ្យអ្នកយក​ព័ត៌មាន​គោរព​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស។ ហើយនេះ​ជា​គោល​ដៅរបស់​យើង ដែល​មាន​ការ​ផាក​ពិន័យ​ជាយ​ថាហេតុ និង​ទណ្ឌកម្មជាយ​ថាហេតុ​ទៅ​លើ​កា​សែត»។

ការ​ពិភាក្សា​ស្តីពី​ច្បាប់​ប្រព័ន្ធផ្សព្វផ្សាយ​កើត​មាន​ឡើង​ចំ​ពេល​ដែលហុង​ហ្គ្រី នឹង​ទទួលវេន​ធ្វើ​ជាប្រធាន​សហភាព​អឺរ៉ុប​។ ​មន្ត្រីមួយ​ចំនួន​នៅអាល្លឺម៉ង់បាន​ស្នើ​សុំ​រួច​ហើយ​ឲ្យដកហូតកាតព្វកិច្ច​ជាប្រធានមួយ​ចំនួន​ចេញ​ពី​ហុង​ហ្គ្រី។

លោក ជីន អាសេលប៊ន (Jean Asselborn) រដ្ឋ​មន្ត្រី​ការ​បរទេសរបស់​ប្រទេស​លុច​ហ្សឹម​ប៊ួរ​ (Luxembourg) បាន​ព្រមាន​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប​មិន​ដាក់​សម្ពាធ​ទៅ​លើហុង​ហ្គ្រី ​ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ច្បាប់នេះ​ទេ «វា​ជាការលំបាក​យ៉ាង​ខ្លាំង ក្នុង​ការចរចា​ជាមួយចិន ឬ​អ៊ីរ៉ង់ អំពី​សិទ្ធិ​មនុស្ស»។

គណៈកម្មាការអឺរ៉ុប ​ដែល​ជាសា​ខានិតិប្រតិបត្តិរបស់​សហភាព​អឺរ៉ុប បាន​បញ្ជាក់ច្បាស់​ថា ខ្លួន​អាច​នឹង​ដាក់​សម្ពាធ​ទៅ​លើ​ហុង​ហ្គ្រីឲ្យ​ផ្លាស់​ប្តូរ​បទ​បញ្ញតិ​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហុង​ហ្គ្រី អ័របាន បដិសេធ​ថា ច្បាប់​នេះមិន​បាន​បំពាន​ទៅ​លើ​វិធាន​របស់សហភាពអឺរ៉ុបទេ។ លោក​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា លោកអាច​ទទួល​យកការផ្លាស់​ប្តូរ​ចំពោះ​បទ​បញ្ញតិ​នេះ ប្រសិន​បើគណៈកម្មាការអឺរ៉ុបអាច​បញ្ជាក់​ថា ច្បាប់​នេះមិនស្រប​ទៅ​តាមបទ​ដ្ឋានអឺរ៉ុប។​ លោក​នាយក​រដ្ឋ​មន្ត្រី​បន្តថា៖

«ឥឡូវ​នេះ យើង​គួរ​តែធ្វើ​ការ​ពិភាក្សា​តាម​បែប​វិជ្ជាជីវៈ និង​ផ្លូវ​ច្បាប់ទៅ​លើអ​ត្ថបទ​នេះ។ អត្ថបទ​នេះមាន​លក្ខណៈ​អឺរ៉ុបខ្លាំង​ណាស់។ គ្មានបទ​បញ្ញត្តិពិសេស និង​បទ​បញ្ញតិ​ហុងហ្គ្រី​ពិសេសណាមួយនៅ​ក្នុង​ច្បាប់​នេះ​ទេ។ រាល់មាត្រា និងធាតុ​នៃបទ​បញ្ញតិ្ត​នេះ ត្រូវ​បានចម្លងពីច្បាប់​នៃ​ប្រទេស​មួយ​ចំនួន​នៅទ្វីប​អឺរ៉ុប។ ដូច្នេះ ខ្ញុំ​គិត​ថា វា​ជា​បទបញ្ញត្តិ​របស់​អឺរ៉ុប»។

ក្រៅ​ពី​ច្បាប់ប្រព័ន្ធផ្សព្វផ្សាយនេះ លោកអ័របាន ក៏​ត្រូវ​បាន​រិះ​គន់​ពី​បទ​ប្រើសម្លេង​ភាគ​ច្រើនពីរ​ភាគ​បីរបស់​គណបក្ស​ហ្វីដេសរបស់​លោក ក្នុង​ការកែ​ប្រែ​រដ្ឋធម្មនុញ្ញ និង​ត្រួត​ពិនិត្យ​ទៅលើ​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯករាជ្យមុនៗ ដូច​ជាការិយាល័យ​សវនកម្មរដ្ឋ​ជា​ដើម៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG