ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​មាន​ព្រះ​បរមងារ​កិត្តិយស​ថ្មីគឺ​«ព្រះ​ស្រី​លោក​ធម្មិករាជ»


ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​រាជ​គោរមងារ​កិត្តិយស​ "ព្រះស្រីលោកធម្មិករាជ" ថ្វាយ​ព្រះ​មហាក្សត្រ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្ដម​ សីហមុនី​ នា​ព្រឹក​ថ្ងៃ​ទី​៣​ មិថុនា​ ២០១៥​​ នៅ​មុខ​ព្រះ​បរម​រាជ​វាំង។
ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​រាជ​គោរមងារ​កិត្តិយស​ "ព្រះស្រីលោកធម្មិករាជ" ថ្វាយ​ព្រះ​មហាក្សត្រ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្ដម​ សីហមុនី​ នា​ព្រឹក​ថ្ងៃ​ទី​៣​ មិថុនា​ ២០១៥​​ នៅ​មុខ​ព្រះ​បរម​រាជ​វាំង។

ព្រះ​សង្ឃ​កម្ពុជា​ និង​បរទេសយ៉ាង​ហោច​ណាស់​១​ម៉ឺន​អង្គ​ និង​ពលរដ្ឋ​កម្ពុជា​រាប់ពាន់​នាក់​នៅថ្ងៃ​ពុធ​នេះ​ បាន​ចូលរួម​ពិធី​ដង្ហែ​ព្រះ​បរមងារ​កិតិ្តយស ​«ព្រះស្រី​លោក​ធម្មិករាជ»​ ថ្វាយ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ព្រះ​បរមងារ​កិត្តិយស​ ដែល​ព្រះមហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​នរោត្តម ​សហមុនី​ទទួល​បាន​នេះ ​មាន​ន័យ​ថា​ «ព្រះ​រាជា​មាន​គុណ​ធម៌​ដ៏ខ្ពង់​ខ្ពស់​បំផុត​ ជា​គំរូ​ក្នុង​ការ​ប្រតិបត្តិ​ និង​ផ្សព្វ​ផ្សាយ ព្រះ​ធម៌​ព្រះពុទ្ធ​លើ​សកលលោក»។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ធម្មការ​ និង​កិច្ចការ​សាសនា​នៃ​ប្រទេស​កម្ពុជា។

ថ្លែង​ទៅ​កាន់​ព្រះសង្ឃ​ និង​ពុទ្ធសាសនិក​ជន​កម្ពុជា​ដែល​ឈរ​អម​ដង​ផ្លូវ​នៅ​មុខ​ព្រះបរម​រាជវាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថនរោត្តម​ សីហមុនី ​មាន​ព្រះ​រាជ​ឱង្ការ​យ៉ាង​ដូច្នេះ​ថា៖​

«ព្រះ​ពុទ្ធសាសនា​ជា​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​នាំ​យើង​ទាំង​អស់​គ្នា​រស់​នៅ​ក្នុង​សេចក្តី​ស្ងប់ សេចក្តី​សុខ ​សន្តិភាព​ និង​ការ​រីក​ចម្រើន»។​

ការ​ដង្ហែ​ថ្វាយ​ព្រះ​បរមងារ​ថ្មី​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​សីហមុនី​ ដែល​តំណាងឲ្យអ្នក​កាន់​សាសនាព្រះពុទ្ធ​រាប់​រយ​លាន​នាក់​នេះ​ គឺ​រៀបចំ​ឡើង​ដោយ​មាន​ការ​ដើរ​ក្បួន​ដោយ​ព្រះ​សង្ឃ​ ដូនជី ​មន្រ្តី​រាជការ​ និង​យុវសិស្ស​កម្ពុជា។​

ពិធី​ថ្វាយ​ព្រះ​បរម​ងារ​កិត្តិយស​នេះ​មាន​ការ​ចូល​រួម​ពី​ប្រតិភូ​ព្រះសង្ឃ​និមន្ត​មកពី​ប្រទេសជប៉ុន ​សិង្ហបុរី ​និង​ប្រទេសម៉ុងហ្គោលី​ តំណាង​ឲ្យ​ប្រទេស​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ចំនួន​៤១​ប្រទេស រួម​ទាំងសម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ។​ លោក ​ហេង សំរិន​ ប្រធាន​រដ្ឋសភា ​និង​លោក​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ពុទ្ធ​សាសនា​នេះ​ដែរ។​

អ្នកស្រី​ សយ បុទុម ​អាយុ​៣៥​ឆ្នាំ​ អ្នក​ចូល​រួម​មក​ពី​ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹង​ថា ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី បាន​ធ្វើ​ព្រះរាជ​សកម្មភាព​ជាច្រើន​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ការ​ចុះ​ជួយ​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។​

«និយាយ​រួម​ទៅ​តាម​ព័ត៌មាន​ដែល​គេផ្សាយ​តាម​ទូរទស្សន៍​តាម​អី​ ហើយ​មើល​ដូច​ថា ​ព្រះ​អង្គគឺ​ថា​ ព្រះ​អង្គ​ពិត​ជា​អ្នក​ធ្វើទាន​មែន ​តាម​មើល​កាយ​វិការ​របស់​ព្រះ​អង្គ»។​
ការថ្វាយ​ព្រះ​បរម​ងារកិត្តិយស​នេះ​ គឺ​ត្រូវ​បាន​ធ្វើឡើង​តាម​ការ​សម្រេច​ជា​ឯកច្ឆ័ន្ទនៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ព្រះ​ពុទ្ធសាសនា​លើក​ទីប្រាំ​ ដែល​រៀប​ចំ​ឡើងនៅ​ក្នុង​ប្រទេសជប៉ុន​ ដោយ​អង្គការ​ព្រះ​ពុទ្ធសាស​នាពិភពលោក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៤។

យោង​ទៅ​តាម​តួលេខ​ដែល​បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ឲ្យ​ដឹង​ថា​ មាន​ប្រជាជន​ចំនួន​៥១០​លាន​នាក់​ក្នុង​ពិភពលោក​ គឺ​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា។​
ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិបន្ត​ពី​ព្រះ​រាជ​បិតា​ជា​ទី​គោរព​របស់​ព្រះ​អង្គ ​គឺ​ព្រះ​បរម​រតនកោដ្ឋ​ នរោត្តម ​សីហនុ​ កាល​ពីថ្ងៃ​ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០០៤។​

ក្រៅពី​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ក្នុង​កិច្ច​ការ​សាសនា​ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​សង្គម ​និង​នយោបាយ​កម្ពុជា​កត់​សម្គាល់​ថា​ ព្រះ​អង្គ​បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​ជាតិ​ទាំង​វិស័យការ​ទូត​ ព្រះ​រាជ​កិច្ច​ជាមួយ​ប្រជារាស្រ្ត​នៅ​តាម​ទី​ជនបទ​ បន្ត​រក្សា​សន្តិភាព​ និង​សិ្ថរភាព​សម្រាប់​ប្រទេស​កម្ពុជា។​

ព្រះ​អង្គ​ក៏​បាន​បន្ត​រក្សា​អព្យាក្រិត្យ​ភាព​រវាង​គណ​បក្ស​នយោបាយ​ផង​ដែរ ខណៈ​ពេល​ដែលព្រះ​អង្គ​មិន​ទាន់​បាន​បំពេញ​ព្រះ​រាជកិច្ច​ធំធេង​ជា​ប្រវត្តិ​សាស្រ្ត​ ដូច​ព្រះ​បិតា​របស់​ព្រះ​អង្គ៕

XS
SM
MD
LG